រឿងអាស្រូវរបស់ហ្វាប់ប្លេត Galaxy Note 7 នៅតែដើរតាមពីក្រោយក្រុមហ៊ុន Samsung ហើយវាបានបង្ករនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរសម្រាប់ក្រុមហ៊ុនមួយនេះ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងមួយនេះ មិនត្រឹមតែខាតបង់នូវប្រាក់ចំណូលច្រើនសន្ធឹកសន្ធាប់នោះទេ ប៉ុន្តែវាថែមទាំងផ្តល់នូវអារម្មណ៍អវិជ្ជមានចំពោះស្លាកយីហោរបស់ក្រុមហ៊ុន Samsung ផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ បញ្ហានេះក៏កំពុងតែត្រូវកែខៃស្ថានភាពមកវិញហើយនេះបើតាមការបញ្ជាក់របស់លោក Gregory Lee ដែលជាប្រធានក្រុមហ៊ុន Samsung នៅក្នុងអាមេរិចខាងជើង។
នៅលើវេទិកានៅក្នុងព្រឹត្តិការណ៍សន្និសីទ GSMA Mobility Live Conference នៅក្នុងទ្វីបអាត្លង់ទិច លោកបានបញ្ជាក់ថា នៅក្នុងឆ្នាំ 2017 នេះ ក្រុមហ៊ុន Samsung នឹងក្លាយជាម៉ាកល្បីដែលសាង ទំនុកចិត្ត និងការជឿជាក់របស់ក្រុមហ៊ុនត្រលប់មកវិញ។ បើតាមការបញ្ជាក់ពីលោក Lee ក្រុមហ៊ុនផលិតផលអេឡិចត្រូនិកនេះ បានប្រកាសប្រមូលមកវិញនូវហ្វាប់ប្លេត Galaxy Note 7 បានដល់ទៅ 80% ដែលបុគ្គលិកជាច្រើនបានធ្វើការរយៈពេល24 ម៉ោងក្នុង 7 ថ្ងៃ ដែលសរុបមកមានរយៈពេល 50 ថ្ងៃដើម្បីព្យាយាមបំពេញនូវការងារនេះ។
យើងកំពុងតែពិនិត្យសម្លឹងមើលទៅលើទិដ្ឋភាពនៃផលិតផល ការដំណើរការជារៀងរាល់ថ្ងៃដើម្បីធ្វើការប្រាកដបានថា យើងអាចនិយាយបានជាមួយនឹងទំនុកចិត្តខ្លាំងបំផុតដែលយើងដឹងអំពីអ្វីដែលជាបញ្ហាពិតប្រាកដ ហើយនឹងរបៀបដែលនឹងត្រូវបញ្ឈប់នូវបញ្ហាជាច្រើនដែលកំពុងតែកើតឡើងនេះ។ យើងកំពុងតែខិតខំធ្វើការយ៉ាងខ្លាំងដើម្បីប្រមូលនូវទំនុកចិត្តពីអតិថិជនរបស់យើងមកវិញ ក្រុមហ៊ុនចែកចាយ និងរដ្ឋាភិបាលដែលជឿជាក់ទៅលើការសាងឈ្មោះយីហោម៉ាករបស់យើង។
រហូតមកទល់ពេលនេះវាហាក់ដូចជាទូរស័ព្ទ Samsung Galaxy S8 ប្រហែលជានឹងបង្ហាញខ្លួនមុនគេហើយវាអាចធ្វើឱ្យអតិថិជនជាច្រើនសប្បាយចិត្តជាមួយនឹងការប្រើប្រាស់ទូរស័ព្ទស៊េរីថ្មីនេះ។ ពាក្យចចាមអារ៉ាមជាច្រើនបង្ហាញថា ទូរស័ព្ទស៊េរីទំនើបនេះនឹងបំពាក់នូវមុខងារពិសេសៗជាច្រើនដូចជា AI Assistant ដែលហៅឈ្មោះថា Bixby អេក្រង់កោងពេញលេញ និងបន្ទះឈីបថ្មី Snapdragon 830 និង Exynos 8895 ថែមទៀត។
នៅក្នុងការជជែកពិភាក្សាជាមួយនឹងលោក Glenn Lurie ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន AT&T Mobility លោក Lee បាននិយាយអំពីការច្នៃប្រឌិតរបស់ខ្លួននៅក្នុងវិស័យឧស្សាហកម្មមួយនេះ។ គាត់ជឿជាក់ថា អតិថិជនជាច្រើននឹងពេញចិត្តជាមួយនឹងមុខងារថ្មីៗ ហើយពួកគេនឹងមិនធុញទ្រាន់ចំពោះបញ្ហាដូចមុនទៀតនោះទេ។ លក្ខណៈសម្បតិ្តដែលយើងកំពុងតែធ្វើការខិតខំប្រឹងប្រែងនេះពិតជាល្អលើសពីអ្វីផ្សេងទៀត។នាយកប្រតិបត្តិ របស់ក្រុមហ៊ុន Samsung ក៏បានពិភាក្សាទៅលើប្រធានបទរបស់ប្រព័ន្ធ 5G ផងដែរ ដោយបានបញ្ជាក់ថា ក្រុមហ៊ុន Samsung នឹងចាប់ផ្តើមនូវបច្ចេកវិទ្យានេះនៅក្នុងឆ្នាំ 2017 ។ វាត្រូវបានគេរំពឹងថា ប្រព័ន្ធ 5G នេះ នឹងពង្រឹងទៅលើល្បឿនទាញយកទិន្នន័យលឿនជាងមុនដល់ទៅ 20 ទៅ 50 ដងនេះបើតាមការបញ្ជាក់របស់លោក Lee ដែលបានហៅវាថា “វាជាការហ្គេមផ្លាស់ប្តូរមួយបើធៀបទៅនឹងប្រព័ន្ធ 4G” ។ យ៉ាងណាមិញ វានៅមិនទាន់ដឹងថាតើប្រព័ន្ធ 5G នេះនឹងដំណើរការនៅពេលណានោះទេនៅពេលខាងមុខនោះ៕