ក្រុមហ៊ុន Samsung ត្រូវបានគេដឹងថា នឹងធ្វើការបញ្ចេញនូវឧបករណ៍ជំនួយជាច្រើនសម្រាប់ទូរស័ព្ទស៊េរីថ្មីរបស់ពួកគេ ហើយវាមិនមានការផ្លាស់ប្តូរអ្វីនោះទេ នៅពេលដែលវត្តមាន នៃទូរស័ព្ទ Galaxy S8 ត្រូវបានបង្ហាញខ្លួននោះ។ បើយោងតាមប្រភពពី Sam Mobile បានបញ្ជាក់ថា ទូរស័ព្ទ Galaxy S8 នឹងមានប្រើប្រាស់នូវឧបករណ៍អេឡិចត្រូនិកបន្ថែមជាច្រើនដូចគ្នាទៅនឹងទូរស័ព្ទ Galaxy S7 ដែរ ដែលនៅក្នុងនោះរួមមានដូចជាគម្រប Clear View covers, LED View covers, S View covers និង Keyboard covers រួមទាំង Backpack ដែលជាសម្បកសម្រាប់ផ្គត់ផ្គង់ថាមពលថែមទៀត។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺថា វាមិនដូចជាសម្បក Galaxy S7 Backpack ដែលអាចបញ្ចូលថាមពលបានត្រឹមតែ 3100mAh ហើយសម្រាប់ទូរស័ព្ទ Galaxy S8 ត្រូវបានគេដឹងថាមានសម្បកដែលផ្ទុកថាមពលត្រឹមតែ 2600mAh តែប៉ុណ្ណោះ។ សម្រាប់ពេលនេះ យើងនៅមិនទាន់ច្បាស់អំពីរឿងនេះនៅឡើយទេ។
ឧបករណ៍អេឡិចត្រូនិក សំរាប់ជាជំនួយមួយចំនួនរបស់ទូរស័ព្ទ Galaxy S8 គឺជាផលិតផលថ្មីៗ ឧទាហរណ៍៖ លោកអ្នកអាចរកទិញបាននូវគម្របការពារ Protective Cover ដែលមានឈ្មោះថា Alcantara សម្រាប់ប្រើប្រាស់នៅលើទូរស័ព្ទ Galaxy S8 របស់លោកអ្នកជាដើម សំរាប់គម្រប Alcantara នេះ គឺជាប្រភេទស្បែក តែការពិតគឺមិនមែនជាស្បែកនោះទេ គឺវាគ្រាន់តែមានលក្ខណៈស្រដៀងទៅនឹងស្បែកតែប៉ុណ្ណោះ ព្រោះថា វាមានភាពធន់ទៅនឹងការប្រើប្រាស់ និងធន់ទៅនឹងស្នាមប្រឡាក់។
ឧបករណ៍អេឡិចត្រូនិកជំនួយថ្មីមួយទៀតរបស់ទូរស័ព្ទ Galaxy S8 គួរតែជា Multimedia Dock ដែលជាការភ្ជាប់ទំនាក់ទំនងកាន់តែអស្ចារ្យជាងមុន (សម្រាប់ទូរស័ព្ទម៉ូដែលជំនាន់មុនៗដូចជា S4 និង Note II សុទ្ធតែមាន Dock ដូចគ្នាជាមួយនឹងការប្រើប្រាស់នូវ USB និងរន្ធផត HDMI )។ ទូរស័ព្ទ Galaxy S8 ប្រហែលជានឹងធ្វើការប្រកាសនៅចុងខែកុម្ភៈនៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ MWC 2017 យើងខ្ញុំជឿជាក់ថា រហូតដល់ពេលនោះ លោកអ្នក នឹងទទួលបាននូវរឿងរ៉ាវពាក្យចចាមអារ៉ាមជាច្រើនទៀត អំពីទូរស័ព្ទ Samsung Galaxy S8 ស៊េរីថ្មីនេះ៕