អ្នកគាំទ្រដែលពេញនិយមចូលចិត្តនំភីហ្សារបស់ក្រុមហ៊ុន Domino’s ពិតជាទទួលបានក្តីរំភើបនៅពេលដែលបានលឺដំណឹងថា ក្រុមហ៊ុនមួយនេះ នឹងប្រើប្រាស់នូវមធ្យោបាយថ្មីក្នុងការដឹកជញ្ជូននំភីហ្សានោះ។ នៅក្នុងសប្តាហ៍នេះ ក្រុមហ៊ុន Domino’s បានធ្វើការប្រកាសថា ក្រុមហ៊ុនខ្លួន បានប្រើប្រាស់នូវវិធីថ្មីដោយដឹកជញ្ជូនតាមរយៈយន្តហោះគ្មានមនុស្សបើក Drone ដោយទទួលបាននូវនំភីហ្សានៅក្តៅៗ និងស្រស់ៗថែមទៀត។ ការដឹកជញ្ជូនដំបូងបំផុត ត្រូវបានធ្វើឡើងនៅក្នុងប្រទេស New Zealand ហើយនេះ គឺជាការសហការរបស់ក្រុមហ៊ុន Domino’s និងក្រុមហ៊ុន Flirtey ។
ការដឹកជញ្ជូនត្រូវបានធ្វើឡើងនៅតាមតំបន់ទីតាំងជាច្រើនកន្លែងរបស់ក្រុមហ៊ុន Domino’s និងអតិថិជន ដែលបានធ្វើការកម្មង់ទិញនៅផ្ទះ ហើយពួកគេនឹងទទួលបាននូវការដឹកជញ្ជូនតាមផ្លូវអាកាសដំបូងបំផុតនៅក្នុងពិភពលោក។ ក្រុមហ៊ុនទាំងពីរនេះ មានគម្រោងក្នុងការបង្កើននូវការដឹកជញ្ជូនតាមរយៈយន្តហោះ Drone នៅក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ។ យន្តហោះ Drone នេះត្រូវបានប្រើប្រាស់សម្រាប់ធ្វើការដឹកជញ្ជូននេះ មានឈ្មោះថា Flirty DRU Drone ដោយប្រើប្រាស់នូវបច្ចេកវិទ្យាស្វ័យ័ត (Autonomous Technology) ។
បច្ចេកវិទ្យាដែលបានបំពាក់នៅក្នុងយន្តហោះ Drone នេះ អនុញ្ញាតឱ្យវាអាចធ្វើការទ្រទ្រង់នូវប្រព័ន្ធសុវត្ថិភាព ហើយវាប្រើប្រាស់នូវប្រអប់ពិសេសមួយដែលត្រូវបានរចនាបង្កើតឡើងសម្រាប់ធ្វើការគ្រប់គ្រងទៅលើអាកាសធាតុផ្សេងៗគ្នា ហើយនឹងប្រើប្រាស់វាដើម្បីធ្វើការហោះហើរនៅតាមជាយក្រុងផងដែរ។ ក្រុមហ៊ុន Domino’s បានបញ្ជាក់ថា ការស្ទង់មតិមួយបានរកឃើញថា 70% នៃអតិថិជនរបស់ខ្លួនអាចធ្វើការប្រើប្រាស់នូវសេវាកម្មដឹកជញ្ជូនតាមរយៈយន្តហោះ Drone បាននៅពេលដែលវាដាក់ឱ្យដំណើរការជាផ្លូវការ។
លោក Don Meij ដែលជានាយកប្រតិបត្តិ និងជានាយកគ្រប់គ្រងរបស់ក្រុមហ៊ុន Domino’s បានបញ្ជាក់ថា “យើងពិតជារំភើបរីករាយណាស់ជាមួយនឹងលទ្ធផលនៃការសាកល្បងរបស់យើង ហើយយើងនឹងសម្លឹងទៅមុខទៀតក្នុងការពង្រីកចែកចាយយន្តហោះ DRU Drone របស់ក្រុមហ៊ុន Flirty នាពេលឆាប់ៗខាងមុខនេះ។ យើងបានធ្វើការបណ្តាក់ទុនក្នុងភាពជាដៃគូនេះ និងបច្ចេកវិទ្យាទាំងនេះ ព្រោះយើងជឿជាក់ថា ការដឹកជញ្ជូនតាមរយៈយន្តហោះ Drone នឹងក្លាយជាសមាសភាគដ៏សំខាន់បំផុតនៅក្នុងការដឹកជញ្ជូននំភីហ្សារបស់យើង ហើយអតិថិជនអាចទទួលបាននូវនំក្តៅៗ ស្រស់ៗដែលយើងបានផ្តល់ជូន”។ យន្តហោះ DRU Drone នឹងធ្វើការចែកចាយសម្រាប់ការដឹកជញ្ជូននំភីហ្សារបស់ក្រុមហ៊ុន Domino’s ហើយវាប្រើប្រាស់នូវប្រព័ន្ធ GPS System ។ យន្តហោះ គ្មានមនុស្សបើក Drone នេះ ត្រូវបានផលិតពីសរសៃកាបូន អាលុយមីញ៉ូ និង 3D ផងដែរ។ វាត្រូវបានបើកបរដោយស្វ័យប្រវត្តិដោយវាប្រើប្រាស់នូវថាមពលថ្មដែលមានបំពាក់នូវមុខងារត្រឡប់ទៅកាន់កន្លែងសុវត្ថិភាព ឬត្រឡប់ទៅកាន់កន្លែងដើមវិញនៅពេលដែលវាអស់ថ្ម ឬវាបាត់បង់នូវការទំនាក់ទំនង ឬខ្សោយប្រព័ន្ធ GPS នោះ៕