នាឡិកាឆ្លាតវៃ Samsung Gear S3 ដែលជាស្មាតវ៉ចស៊េរីចុងក្រោយបំផុតរបស់ក្រុមហ៊ុន Samsung ពេលនេះ ដាក់លក់នៅក្នុងចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិចហើយ។ ដូចអ្វីដែលជាការរំពឹងទុករបស់លោកអ្នក វាថែមទាំងបំពាក់នូវមុខងារក្នុងការទ្រទ្រង់នូវប្រព័ន្ធ Samsung Pay ដែលជាសេវាកម្មទូទាត់សាច់ប្រាក់នៅលើទូរស័ព្ទរបស់ក្រុមហ៊ុនមួយនេះ ជាមួយនឹងមុខងារថ្មីៗបន្ថែមទៀតដូចជាការប្រើប្រាស់នូវប្រព័ន្ធLTE ប្រព័ន្ធ GPS និងសែនស័រសម្រាប់វាស់ចង្វាក់បេះដូងផងដែរ។ ប៉ុន្តែ វាហាក់ដូជជាក្រុមហ៊ុន Samsung មិនបញេ្ចញនូវនាឡិកាឆ្លាតវៃនេះ ភ្លាមៗនោះទេទៅកាន់ទីផ្សារ គឺរង់ចាំរហូតទាល់តែទូរស័ព្ទនេះ ដំណើរការបាននូវប្រព័ន្ធ Samsung Pay ហើយអាចប្រើប្រាស់ជាមួយនឹងទូរស័ព្ទណាក៏ដោយដែលប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android ។
នៅក្នុងពេលកន្លងទៅនេះ ប្រព័ន្ធ Samsung Pay ត្រូវបានចាត់ទុកថាជាសេវាកម្មមួយដែលអាចដំណើរការបានតែទៅលើទូរស័ព្ទណាដែលចេញពីរោងចក្រផលិតក្រុមហ៊ុន Samsung តែប៉ុណ្ណោះដូចជាស៊េរី Galaxy S និង Note ។ ជាមួយនឹងនាឡិកាស្មាតវ៉ច Gear S3 ស៊េរីថ្មីនេះ វាអាចដំណើរការបានជាមួយនឹងទូរស័ព្ទដែលដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 4.4 KitKat ឡើងទៅ ហើយគណនី Samsung Pay ត្រូវបានតម្លើង និងគ្រប់គ្រងដោយផ្ទាល់តាមរយៈកម្មវិធី Samsung Gear App។ ខណៈពេលដែលក្រុមហ៊ុន Samsung នៅមិនទាន់បានធ្វើការដាក់ឱ្យដំណើរការនូវសេវាកម្ម Samsung Pay ជាចំហរសម្រាប់ប្រើប្រាស់គ្រប់ទូរស័ព្ទដែលដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android នោះ ក្រុមហ៊ុនមួយនេះបានធ្វើឱ្យសេវាកម្មទូទាត់ប្រាក់មួយនេះមានលក្ខណៈងាយស្រួលក្នុងការប្រើប្រាស់ជាមួយនឹងនាឡិកា Gear S3 ដែលជាវិធីឆ្លាតវៃបំផុតសម្រាប់ក្រុមហ៊ុននេះ។
សម្រាប់សេវាកម្ម Apply Pay និង Android Pay របស់ក្រុមហ៊ុន Google ត្រូវបានបន្តគ្របដណ្តប់ទៅលើទីផ្សារសម្រាប់ការទូទាត់ចល័ត និងការធ្វើការកំណត់នូវសេវាកម្មនៃប្រព័ន្ធ Samsung Pay ដែលអាចប្រើប្រាស់នូវលើតែទូរស័ព្ទ Samsung នោះពិតជាមិនអាចធ្វើឱ្យមានការរីកចម្រើនទៅមុខទេពិសេសបន្ទាប់ពីទូរស័ព្ទ Note 7 ត្រូវបានប្រកាសប្រមូលមកវិញ និងផ្អាកឈប់ផលិតទាំងស្រុង។ វាក៏ជាវិធីថ្មីដ៏ទាក់ទាញមួយទៀតសម្រាប់អតិថិជនដែលបានទិញនាឡិកា Gear S3 ប៉ុន្តែមិនមែនជាអ្នកដែលប្រើប្រាស់នូវទូរស័ព្ទ Samsung នោះទេ អ្នកប្រើប្រាស់ទាំងនោះក៏មិនអាចប្រើប្រាស់នូវមុខងារសំខាន់ៗរបស់នាឡិកាឆ្លាតវៃនេះបានផងដែរ។ នាឡិកាឆ្លាតវៃ Gear S3 ចាប់ផ្តើមលក់នៅក្នុងតម្លៃ 350 ដុល្លារអាមេរិចហើយវាមានពីរជម្រើសគឺ S3 Classic និង S3 Frontier ៕