លោក Mark Zuckerberg ពិតជាមានភាពរីករាយយ៉ាងខ្លាំងនៅពេលដែលប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមរបស់គាត់មានអ្នកប្រើប្រាស់សកម្មប្រចាំខែប្រមាណជា 2 ពាន់លាននាក់ ប៉ុន្តែការគ្រប់គ្រងទៅលើមាតិកាទាំងអស់នៅលើកម្មវិធីមួយនេះ មិនមែនជារឿងងាយស្រួលនោះទេ។ ដើម្បីកំណត់នូវការផ្តល់ដំណឹងក្លែងក្លាយ ដែលលេចឡើងនៅលើបណ្តាញសង្គមនេះ ក្រុមហ៊ុនកំពុងតែប្រឹងប្រែងយ៉ាងខ្លាំងទៅលើការបង្កើតនូវប្រព័ន្ធឆ្លាតវៃ Artificial Intelligence (AI)។ ឥឡូវនេះ ក្រុមហ៊ុនគ្រោងនឹងធ្វើរឿងដូចគ្នានេះជាមួយនឹងការផ្សាយបន្តផ្ទាល់នៅលើ Facebook ។
នៅក្នុងពេលកន្លងមក Facebook បានពឹងផ្អែកលើអ្នកប្រើប្រាស់របស់ខ្លួននៅពេលដែលបានបង្ហោះអ្វីដែលមិនសមរម្យ បន្ទាប់មកការបង្ហោះនោះ ត្រូវបានពិនិត្យមើលដោយបុគ្គលិករបស់ក្រុមហ៊ុនតែម្តងដើម្បីមើលថាតើពួកគេបានបំពានលើច្បាប់របស់ខ្លួនដែរឬទេ? ប៉ុន្តែប្រព័ន្ធឆ្លាតវៃ AI នេះអាចរកឃើញនូវមាតិកាទាំងអស់បានដោយខ្លួនឯង។ លោក Joaquin Candela ដែលជានាយកគ្រប់គ្រងផ្នែក Applied Machine Learning របស់ក្រុមហ៊ុនបានប្រាប់ Reuters ថា “វាគឺជាក្បួនដោះស្រាយមួយ (Algorithm) ដែលអាចរកឃើញនូវរូបភាពអាក្រាត អំពើហឹង្សា ឬអ្វីជាច្រើនទៀតដែលមិនបានកំណត់នៅលើគោលការណ៍របស់យើង”។
ការប្រើប្រាស់នូវបច្ចេកវិទ្យាដូចគ្នាក្នុងការផ្សាយវីដេអូបន្តផ្ទាល់កំពុងតែពេញនិយាមខ្លាំង ហើយនេះជាមូលហេតុដែលវាស្ថិតនៅក្នុងដំណាក់កាលសិក្សាស្រាវជ្រាវសិន។ បើយោងតាមលោក Candela ប្រាប់ថា វាមានបញ្ហាប្រឈមធំពីរ។ ទីមួយ ប្រព័ន្ធ Algorithm របស់កុំព្យូទ័រត្រូវតែមានល្បឿនលឿន ហើយខ្ញុំគិតថាយើងអាចជំរុញឱ្យវាកើតឡើងបាន និងទីពីរគឺលោកអ្នកត្រូវធ្វើអ្វីដែលនៅក្នុងរបៀបដ៏ត្រឹមត្រូវសម្រាប់មនុស្សមើលទៅវា ហើយលោកអ្នកបានយល់អំពីគោលនយោបាយរបស់យើង"។
ក្រុមហ៊ុន Facebook បានដាក់ចេញប្រធានបទនិន្នាការ (Trending Topics) របស់ខ្លួនកាលពីខែសីហា បន្ទាប់ពីក្រុមហ៊ុននេះមានការចោទប្រកាន់ថាបានហាមប្រាមអត្ថបទនៃការដំណឹងរបស់ពួកគេ។ ប៉ុន្តែក្បួនដោះស្រាយ(Algorithm) របស់ក្រុមហ៊ុនគឺប្រើប្រាស់សម្រាប់ជំនួសបុគ្គលិកដើម្បីឆែកមើលនូវដំណឹងក្លែងក្លាយ។ លោក Mark Zuckerberg បានឱ្យដឹងថា កាលពីខែមុនថាក្រុមហ៊ុនកំពុងតែបង្កើតបង្ហាញនូវប្រព័ន្ធបច្ចេកទេសល្អប្រសើរជាងមុនទៅនឹងប្រព័ន្ធដោះស្រាយបញ្ហានេះ និងវាអាចឈានទៅដល់ការពិនិត្យមើលម្តងទៀតដោយភាគីទីបី៕