ថ្មីៗនេះ មានពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា ទាំងក្រុមហ៊ុន Apple និងក្រុមហ៊ុន Samsung កំពុងសាកល្បងនូវប្រព័ន្ធកាមេរ៉ាភ្លោះសម្រាប់ការប្រើប្រាស់នៅក្នុងទូរស័ព្ទរបស់ពួកគេ ដែលបានលេចចេញជារូបរាងរួចទៅហើយដូចអ្វីដែលលោកអ្នកធ្លាប់បានឃើញនៅលើទូរស័ព្ទ iPhone 7 Plus។ យ៉ាងណាមិញ ក្រុមហ៊ុន Samsung ត្រូវបានគេដឹងថាកំពុងតែប្រឹងប្រែងធ្វើការងារក្នុងការដំឡើងកាមេរ៉ាភ្លោះផងដែរ សម្រាប់ទូរស័ព្ទ Galaxy S8 ស៊េរីថ្មី ឱ្យបានឆាប់បំផុតសម្រាប់បំពេញតម្រូវការរបស់អ្នកប្រើប្រាស់នៅក្នុងរដូវផ្ការីកខាងមុខនេះ។ ការតម្លើងនូវប្រព័ន្ធកាមេរ៉ាភ្លោះនោះត្រូវបានគេនិយាយថាកាមេរ៉ាមួយគ្រាប់នឹងមានទំហំ 12 មេហ្គាភិចសែល ដែលផលិតដោយផ្ទាល់របស់ក្រុមហ៊ុន Samsung និងមួយគ្រាប់ទៀតជារបស់ក្រុមហ៊ុន Sony ដែលមានទំហំដល់ទៅ 13 មេហ្គាភិចសែល។
ទោះបីជាយ៉ាងណាក៏ដោយ នៅថ្ងៃនេះតាមរយៈគេហទំព័រ Weibo បានអះអាងថាក្រុមហ៊ុន Samsung បានផ្អាកគំនិតនៃកាមេរ៉ាភ្លោះសិន ហើយក្រុមហ៊ុននឹងបញ្ចេញតែ Galaxy S8 ដែលភ្ជាប់ជាមួយកាមេរ៉ាតែមួយគ្រាប់តែប៉ុណ្ណោះ។ វានៅតែត្រូវបានគេមើលឃើញថាក្រុមហ៊ុន Samsung នឹងទទួលបាននូវការគាំទ្រខ្លាំងនៅពេលដែលសម្ភោធន៍នូវទូរស័ព្ទ Galaxy S8 ដែលមានកាមេរ៉ាតែមួយ ហើយទូរស័ព្ទ Galaxy S8 ដែលមានកាមេរ៉ាភ្លោះក៏នឹងបង្ហាញវត្តមានជាបន្តរបន្ទាប់ផងដែរ។
ក្រុមហ៊ុន Samsung អាចនឹងធ្វើការវិភាគថ្លៃចំណេញ និងវិភាគទៅលើតម្លៃបន្ថែមនៃការប្រើប្រាស់កញ្ចក់កាមេរ៉ាទាំងភ្លោះបើធៀបជាមួយប្រព័ន្ធកាមេរ៉ាតែមួយដែលអាចថតរូបច្បាស់អស្ចារ្យដែលធ្លាប់បានប្រើប្រាស់នៅលើទូរស័ព្ទត្រកូល Galaxy S នេះ។ ប្រភពនេះនៅមិនទាន់បញ្ជាក់ថា តើវាអាចទេដែលប្រព័ន្ធកាមេរ៉ាភ្លោះនេះនឹងបំពាក់នៅលើម៉ូដែលទូរស័ព្ទទាំងអេក្រង់តូច និងអេក្រង់ធំរបស់ទូរស័ព្ទ Galaxy S8 នេះ? ទោះបីជាបែបណាក៏ដោយ យើងនៅតែចង់ដឹងចង់ឃើញអំពីភាពប្រសើរឡើងនៃការពង្រឹងទៅលើប្រព័ន្ធកាមេរ៉ាដែលបានបំពាក់នៅលើទូរស័ព្ទ Galaxy S8 ថាតើជាកាមេរ៉ាភ្លោះ ឬកាមេរ៉ាតែមួយនោះ៕