ការផ្អាកផលិត និងចេញលក់កំពូលហ្វាប់ប្លែត Galaxy Note7 បានធ្វើឲ្យអតិថិជន និងហ្វែនត្រកូល Note ខកចិត្តមិនស្ទើរនោះទេ ប៉ុន្តែដើម្បីគិតគួរពីសុខសុវត្ថិភាពអតិថិជនរបស់ខ្លួន Samsung ត្រូវតែសម្រេចចិត្តធ្វើដូច្នេះទោះបីជាមានការខាតបង់ក្នុងចំនួនទឹកប្រាក់ដ៏ច្រើនលើសលប់ក្តី។ ហើយតទៅមុខក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងមួយនេះនឹងមិនធ្វើឲ្យអតិថិជនរបស់ខ្លួនខកចិត្តជាថ្មីទៀតឡើយ ព្រោះថាបើតាមព័ត៌មានចចាមអារ៉ាមដែលលេចលឺជាហូរជាហែលក្នុងរយះពេលប៉ុន្មានខែមកនេះបានឲ្យដឹងថា Samsung កំពុងតែធ្វើការយ៉ាងយកចិត្តទុកដាក់ក្នុងផលិតចេញកំពូលស្មាតហ្វូនជំនាន់ថ្មីមួយម៉ូដែលទៀតក្នុងត្រកូល Galaxy Sរបស់ខ្លួនគឺ Galaxy S8។
តាមព័ត៌មានចចាមអារ៉ាមដែលបែកធ្លាយនាពេលកន្លងមកបានធ្វើការសន្និដ្ឋានប្រហាក់ប្រហែលគ្នាអំពីរូបរាងខាងក្រៅ បច្ចេកវិទ្យា និងគ្រឿងក្នុងដែលនឹងបំពាក់នៅលើកំពូលស្មាតហ្វូន Galaxy S8 មួយនេះ ដែលធ្វើឲ្យមហាជនជាពិសេសហ្វែនត្រកូលមួយនេះរិតមានចិត្តអន្ទះសារចង់ឃើញវាបង្ហាញរូបរាងឡើងឆាប់ៗទៀតផង។ ដោយឡែកថ្មីៗនេះក៏មានលេចចេញព័ត៌មានចចាមអារ៉ាមថ្មីមួយទៀតពីគណនី Weibo ដែលមានឈ្មោះថា TechTastic បានចេញមកអះអាងថា ទូរស័ព្ទស្មាតហ្វូនជំនាន់ថ្មីរបស់ Samsung ម៉ូដែល Galaxy S8 ដែលត្រៀមបង្ហាញចេញក្នុងពេលខាងមុខនេះនឹងមានម៉ូដែលបំពាក់រ៉េមទំហំ 6GB និងអង្គផ្ទុកទិន្នន័យ 256GB។
ចំពោះកាមេរ៉ាដែលបំពាក់នៅលើ Galaxy S8 ក្រុមហ៊ុន Samsung នឹងធ្វើការបង្កើននូវសមត្ថភាពឲ្យកាន់តែអស្ចារ្យបន្ថែមទៀត ឬអាចជាកាមេរ៉ាភ្លោះថែមទៀតផង។ ហើយប្រសិនបើយើងរំលឹកព័ត៌មានចចាមអារ៉ាមដែលបានចុះផ្សាយកន្លងមកបានឲ្យដឹងថា Samsung នឹងធ្វើឲ្យម៉ូដែល Galaxy S8 ក្លាយជាកំពូលស្មាតហ្វូនដ៏អស្ចារ្យបំផុត និងមានសុវត្ថិភាពបំផុតជាមួយនឹងការរចនាឡើងក៏តែពិសេសដោយភ្ជាប់នូវបច្ចេកវិទ្យាប្រើប្រាស់កាន់តែទំនើបជាទីបំផុត។
ព័ត៌មានទាំងនោះលើកឡើងថា Samsung Galaxy S8 នឹងបំពាក់នូវបច្ចេកវិទ្យាទំនើបៗចុងក្រោយមានដូចជាបច្ចេកវិទ្យាដោះសោរថ្មីដោយការស្កែនក្រយ៉ៅម្រាមដៃផ្ទាល់នៅលើកញ្ចក់អេក្រង់ជំនួសឲ្យការស្កែនលើប៊ូតុងហូមស្គ្រីន “Optical Fingerprint Scanner” , ដោះសោរដោយប្រើប្រស្រីភ្នែក “iris scanner”, ជំនួយការសំឡេង AI និងកញ្ចក់អេក្រង់ទ្រទ្រង់ជាមួយបច្ចេកវិទ្យា Pressure Sensitive Display ដែលមានលក្ខណ:ដូចគ្នាទៅ 3D Touch ឬ Force Touch ដែលប្រើលើ iPhone ជំនាន់ថ្មីៗរបស់ Apple ដែរ។ តាមការសន្និដ្ឋានចុងក្រោយឲ្យដឹងថា Samsung Galaxy S8 នឹងបង្ហាញវត្តមាននៅកំឡុងខែកុម្ភះឆ្នាំក្រោយនេះអាចមុន ឬក៏ក្រោយព្រឹត្តិការណ៍តាំងពិពណ៌ស្មាតហ្វូន MWC-2017៕