នារយះពេលប៉ុន្មានខែចុងក្រោយនេះ យើងបានឮពាក្យចចាមអារ៉ាមជាច្រើនទាក់ទងនឹងស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Samsung ក្នុងនោះ មានពាក្យចចាមអារ៉ាមមួយបាន អះអាងថា ស្មាតហ្វូន Galaxy S8 នឹងបំពាក់នូវប្រព័ន្ធស្កែនក្រយ៉ៅដៃ អុបទិក និងប៊ូតុងថាមពល (Power) ប្រើប្រាស់នៅលើអេក្រង់ Touchscreen តែម្តង។ ឥឡូវនេះ វាមានពាក្យចចាម អារ៉ាមថ្មីមួយទៀត ដែលបានបញ្ជាក់ថាស្មាតហ្វូន Galaxy S8 នឹងបង្ហាញខ្លួនមកជាមួយអេក្រង់ទំហំពីរផ្សេងគ្នាគឺ: អេក្រង់ 5.7 អ៊ីង និងអេក្រង់ 6.2 អ៊ីង។
ទំហំអេក្រង់នេះ បង្ហាញពីការកើនឡើងជាងពាក់កណ្តាលបើប្រៀបធៀបទៅនឹងអេក្រង់ ដែលបានបំពាក់នៅលើទូរស័ព្ទ Galaxy S7 និង Galaxy S7 Edge។ ទោះបីជាយ៉ាងណាក៏ដោយ វាត្រូវបានគេនិយាយតគ្នាថាអេក្រង់នៅលើស្មាតហ្វូននាពេលខាងមុខពិតជាប្រភេទអេក្រង់កោងជាក់ជាមិនខាននៅលើគែមសងខាងរបស់វា ដូច្នេះវាមានផលប៉ះពាល់តិចតួចបំផុតទៅលើទំហំរូបរាងរបស់ស្មាតហ្វូនទាំងនេះ។
ព័តមានខាងលើ បានអោយដឹងទៀតថាស្មាតហ្វូន Galaxy S8 ក៏នឹងភ្ជាប់ជាមួយប្រព័ន្ធសំឡេងស្តេរ៉េអូ ជាពិសេស ចាប់តាំងពីទូរស័ព្ទ iPhone 7 ចាប់ផ្តើមបំពាក់នូវប្រព័ន្ធសំឡេងនេះរួចទៅហើយ។ ទោះជាយ៉ាងណាក៏ដោយ វានៅមិនទាន់ត្រូវបានគេស្គាល់នៅឡើយទេថា ប្រព័ន្ធសំឡេងស្តេរីអូនេះ នឹងត្រូវផលិតឡើងដោយក្រុមហ៊ុន Harman Kardon ដែលក្រុមហ៊ុន Samsung ទើបតែទិញយកនាពេលថ្មីនេះនោះទេ ដូចនេះ ស្មាតហ្វូនដ៏គួអោយចាប់អារម្មណ៍មួយនេះ គួរតែត្រូវបានផ្តល់អាជ្ញាប័ណ្ណដោយក្រុមហ៊ុន Harman Kardon ។
ពាក្យចចាមអារ៉ាមនេះ ហាក់ដូចជាខុសប្លែកពីរបាយការណ៍មុនៗដែលបាន បញ្ជាក់ថាប្រព័ន្ធសំឡេងស្តេរីអ៉ូរបស់ក្រុមហ៊ុន Harman ពិតជាត្រូវបានដាក់ឱ្យប្រើប្រាស់នៅលើទូរស័ព្ទ Galaxy ពិតមែនប៉ុន្តែមិនអាចឆាប់ជាងឆ្នាំ 2018 នោះទេ។ សម្រាប់ពាក្យចចាមអារ៉ាមទាំងអស់នេះ យើងនៅមិនទាន់អាចជឿជាក់ថាពិតប្រាកដនោះទេរហូតទាល់តែក្រុមហ៊ុន Samsung ធ្វើការប្រកាសនូវលក្ខណៈពិសេសរបស់ស្មាតហ្វូនស៊េរីថ្មីនេះ នៅអំឡុងពេលបង្ហាញស្មាតហ្វូន Galaxy S8 នៅឆ្នាំក្រោយនេះ៕