បើយោងតាមរបាយការណ៍ថ្មីមួយចេញពីប្រទេសចិន ក្រុមហ៊ុន Apple មានគម្រោងក្នុងការដាក់បង្ហាញនូវទូរស័ព្ទម៉ូដែល iPhones ជាច្រើនស៊េរីនៅឆ្នាំក្រោយនេះ។ វាត្រូវបានគេដឹងថា មានលេខកូដជា D20, D21 និង D22 ដែលលេខកូដពីរដំបូងនេះ ត្រូវបានគេស្គាល់ថាជា iPhone 7s និង iPhone 7s Plus ។ សម្រាប់លេខកូដទី 3 នោះជាប្រភេទម៉ូដែលពិសេស ដែលមានការរចនារូបរាងធ្វើពីកញ្ចក់ អេក្រង់ OLED ពេញលេញតែម្តង ដែលបានបង្កប់នូវប៊ូតុង Home នៅពីក្រោម ការបញ្ចូលថ្មដោយប្រើប្រាស់នូវប្រព័ន្ធ Wireless និងបច្ចេកវិទ្យាថ្មីៗជាច្រើនទៀត។ របាយការណ៍នេះបញ្ជាក់ថា ម៉ូដែលនេះ មានលេខកូដ “Ferrari” ដែលស្តាប់មើលទៅគឺពិតជាអស្ចារ្យ និងប្រណិតបំផុត។
ប្រភពជាច្រើនដែលទទួលបានពីអ្នកផ្គត់ផ្គង់បានអះអាងផងដែរថា បន្ទះ Board នៅខាងក្នុងទូរស័ព្ទ iPhone នឹងធ្វើការបំបែកជាពីរដោយភ្ជាប់ជាមួយនឹងខ្សែមួយ។ បន្ទះ Board លេខ 1 នឹងបំពាក់នូវ Hardware សំខាន់ៗដូចជាបន្ទះឈីប A11 Chipset និង NAND Flash Storage ខណៈពេលដែលបន្ទះ Board ទីពីរសម្រាប់ប្រើប្រាស់នូវប្រព័ន្ធ Cellular ។ បន្ថែមពីនេះទៀត កន្លែងដាក់ស៊ីមកាតនឹងត្រូវផ្លាស់ប្តូរទីតាំងទៅដាក់នៅផ្នែកខាងក្រោមនៃទូរស័ព្ទនេះវិញដើម្បីរក្សានូវកន្លែងសម្រាប់ផ្ទុកនូវ Hardware ជាច្រើនទៀត។ នេះជាគំនិតមួយដែលបានយកមកពីថេប្លេត iPad Pro ។
នេះមិនមែនជាលើកទី 1 នោះទេ ដែលយើងបានលឺពាក្យចចាមអារ៉ាមបែបនេះនោះ ដូចនេះ យើងនៅតែមានភាពជឿជាក់ទៅលើផលិតផលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ។ សម្រាប់រយៈពេលប៉ុន្មានខែខាងមុខទៀត វាពិតជាបង្ហាញយ៉ាងច្បាស់នូវព័ត៌មានលម្អិតរបស់ផលិតផលបច្ចេកវិទ្យាទាំងអស់នេះជាក់ជាមិនខាន៕