នៅថ្ងៃនេះ ក្រុមហ៊ុន Acer បានបង្ហាញនូវផែនការរបស់ខ្លួនក្នុងការបញ្ឈប់នូវការលក់ស្មាតហ្វូនជាច្រើនម៉ូដែលនៅក្នុងប្រទេសឥណ្ឌា។ ក្រុមហ៊ុនមួយនេះ នឹងផ្តោតទៅលើវិស័យ Hardware និងអាជីវកម្មទៅលើកុំព្យូទ័រវិញម្តង នៅក្នុងប្រទេសមួយនេះ។ ប្រទេសឥណ្ឌាគឺជាប្រទេសមួយ ដែលមានទីផ្សារស្មាតហ្វូនកំពុងកើនឡើងខ្លាំងជាងគេបំផុតនៅក្នុងពិភពលោក ប៉ុន្តែក្រុមហ៊ុន Acer បែរជាសម្រចចិត្តឈប់លក់ទូរស័ព្ទរបស់ខ្លួននៅក្នុងប្រទេសនេះ ទៅវិញហើយវា មិនមែនជាអ្វីដែលក្រុមហ៊ុន Acer ផ្តោតទៅលើនោះទេ។
ប្រធានក្រុមហ៊ុន Acer ប្រចាំប្រទេសឥណ្ឌាបាននិយាយថា គោលនយោបាយរបស់រដ្ឋាភិបាលនៃប្រទេសឥណ្ឌាពិតជាបានជះឥទ្ធិពលទៅលើការសម្រេចចិត្តរបស់ក្រុមហ៊ុនផងដែរ។ នេះគឺជាអ្វីដែលលោក Harish Kohli ដែលជានាយកគ្រប់គ្រងរបស់ក្រុមហ៊ុន Acer ប្រចាំប្រទេសឥណ្ឌាបានចែករំលែក។ “ការផ្លាស់ប្តូរនៅក្នុងគោលនយោបាយរបស់រដ្ឋាភិបាលជាច្រើនដែលបានធ្វើឡើងនៅក្នុងប្រទេសឥណ្ឌា និងផ្នែកជាច្រើនទៀត ការសម្រេចចិត្តរបស់យើងនោះគឺថាវាមានទីផ្សារច្រើនពេកដែលផ្តោតទៅលើម៉ាកយីហោតូចៗជាជាងម៉ាកយីហោធំៗដែលព្យាយាមប្រកួតប្រជែងនៅក្នុងទីផ្សារនៃប្រទេសនេះ។
ក្រុមអ្នកវិភាគជាច្រើននាក់ហាក់ដូចជាមិនភ្ញាក់ផ្អើលអ្វីនោះទេ ចំពោះការពិចារណារបស់ក្រុមហ៊ុន Acer ទៅលើការលក់នៃស្មាតហ្វូនរបស់ខ្លួន។ ក្រុមហ៊ុន Vivo និងក្រុមហ៊ុន Huawei បានទាញយកផលប្រយោជន៍ខ្លាំងដោយសារតែមានចំនួនអ្នកទិញច្រើននៅក្នុងប្រទេសឥណ្ឌា។ លើសពីនេះទៀត ក្រុមហ៊ុន Acer ហាក់ដូចជាគ្មានអ្វីដែលគួរឱ្យទាក់ទាញសោះសម្រាប់ស្មាតហ្វូនរបស់ខ្លួនទៅកាន់អ្នកប្រើប្រាស់នោះ។ យ៉ាងណាមិញ ក្រុមហ៊ុន Acer នៅតែបន្តប្រតិបត្តិការរបស់ខ្លួននៅលើទឹកដីរបស់ទីផ្សារប្រទេសឥណ្ឌាដដែល ដោយគ្រាន់តែផ្តោតទៅផ្នែកផ្សេងវិញ។ យើងសង្ឃឹមថា ក្រុមហ៊ុន Acer នឹងអាចស្វែងរករូបមន្តដ៏ត្រឹមត្រូវ និងវិលត្រឡប់ចូលមកកាន់ទីផ្សាររបស់ប្រទេសឥណ្ឌាវិញនាពេលឆាប់ៗនេះ៕