ពាក្យចចាមអារ៉ាមថ្មីៗជាច្រើនចេញពីប្រទេសកូរ៉េខាងត្បូងបានឱ្យដឹងថា ក្រុមហ៊ុន Samsung កំពុងតែផលិតនូវទូរស័ព្ទទំនើប Galaxy S8 ពីរទំហំផ្សេងគ្នាសម្រាប់ឆ្នាំក្រោយនេះ។ មួយម៉ូដែលមានឈ្មោះថា Galaxy S8 នឹងមានអេក្រង់ទំហំ 5 អ៊ីងដូចទៅនឹងជំនាន់មុនផងដែរគឺ Galaxy S7 ហើយមួយម៉ូដែលទៀត គឺប្រើប្រាស់នូវទំហំអេក្រង់ថ្មីដែលក្រុមហ៊ុន Samsung មិនធ្លាប់បានប្រើប្រាស់មកពីមុននោះទេ។
ទូរស័ព្ទ Galaxy S8 Plus ត្រូវបានគេដឹងថា នឹងបង្ហាញខ្លួននៅក្នុងពេលជាមួយគ្នាជាមួយនឹងទូរស័ព្ទ Galaxy S8 (លក្ខណៈសម្បត្តិរបស់ទូរស័ព្ទទាំងពីរក៏ដូចគ្នាច្រើន) ប៉ុន្តែទូរស័ព្ទនេះ ប្រើប្រាស់នូវបន្ទះអេក្រង់ AMOLED ទំហំ 6 អ៊ីង។ របាយការណ៍មុនៗបានបញ្ជាក់ថាទូរស័ព្ទទាំងពីរនេះសុទ្ធតែមានអេក្រង់គែមកោងដូចគ្នា ប៉ុន្តែសម្រាប់របាយការណ៍ថ្មីមិនបានបញ្ជាក់អ្វីនោះទេ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺថា ទូរស័ព្ទ Galaxy S8 Plus ត្រូវបានគេនិយាយថាវាមានអេក្រង់គែមកោងដូចគ្នាទៅនឹង Galaxy Note 7 អេក្រង់ 5.7 អ៊ីងដែលក្រុមហ៊ុន Samsung ផ្អាកផលិតហើយនោះ។ ទូរស័ព្ទនេះពិតជាមានស៊ុមព័ទ្ធជុំវិញគែមកាន់តែស្តើង ហើយអេក្រង់វិញគឺជិតពេញតែម្តង។
ទូរស័ព្ទ Galaxy S8 Plus មិនប្រើប្រាស់នូវប៊ិក Stylus នោះទេ បើទោះបីជាក្រុមហ៊ុន Samsung បានគិតរួចហើយថាក្រុមហ៊ុនអាចធ្វើបានសម្រាប់រឿងប៉ុណ្ណឹង។ តែទីបំផុតក្រុមហ៊ុនបានសម្រេចចិត្តមិនបំពាក់នូវប៊ិកនេះទេនេះមានន័យថាវានឹងមានទូរស័ព្ទត្រកូល Note នឹងបង្ហាញខ្លួនជាក់ជាមិនខាននៅក្នុងខែសីហាខាងមុខនេះ។ ក្រុមហ៊ុន Samsung ហាក់ដូចជាចង់រក្សានូវយុទ្ធសាស្ត្ររបស់ខ្លួនដដែលគឺធ្វើការប្រកាសនូវស្មាតហ្វូនទំនើបពីរស៊េរីម៉ូដែលនៅដើមឆ្នាំហើយបន្ទាប់មកនឹងប្រកាសនូវទូរស័ព្ទ Note តាមក្រោយនៅក្នុងឆមាសទី 2 ដែលក្រុមហ៊ុនតែងតែធ្វើបែបនេះជាយូរមកហើយ។
ទូរស័ព្ទ Galaxy S8 និង S8 Plus នឹងត្រូវប្រកាសបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍មួយនៅក្នុងទីក្រុងញ៉ូវយ៉កនៅក្នុងខែមេសាខាងមុខនេះ។ ទូរស័ព្ទទាំងពីរម៉ូដែលនេះនឹងប្រើប្រាស់នូវជំនួយការឆ្លាតវៃ AI-Based Assistant ។ ចំនែកវត្ថុធាតុសម្រាប់យកមកផលិតនូវទូរស័ព្ទត្រកូល S8 នេះត្រូវបានគេដឹងថានឹងឡើងថ្លៃដល់ទៅ 15 ទៅ 20% បើធ្វើការប្រៀបធៀបជាមួយនឹងម៉ូដែល S7 ដែលមានន័យថាទូរស័ព្ទ S8 និង S8 Plus ពិតជាមានតម្លៃថ្លៃជាងស្មាតហ្វូនជំនាន់មុនៗជាក់ជាមិនខាន៕