ក្រុមហ៊ុន LG Display ត្រូវបានគេរាយការណ៍មកថាបានបោះទុនយ៉ាងច្រើនលើគម្រោងអភិវឌ្ឍការផលិតនូវបន្ទះអេក្រង់ដែលអាចបត់ចូលគ្នាបាន “ Foldable OLED Display panels” ដើម្បីចូលរួមក្នុងការផលិតនូវឧបករណ៍បំពាក់អេក្រង់ប្រភេទនេះនៅឆ្នាំ 2018។ គេហទំព័រសារព័ត៌មាន etnews របស់កូរ៉េខាងត្បូងបានឲ្យដឹងថាក្រុមហ៊ុន LG បានកំពុងធ្វើការលើគម្រោងអភិវឌ្ឍបន្ទះអេក្រង់ប្រភេទ Foldable OLED Display panels ដើម្បីផ្គត់ផ្គង់ដល់ក្រុមហ៊ុន Apple, Google និង Microsoft ហើយម្យ៉ាងទៀតដើម្បីប្រគូតប្រជែងទីផ្សារជាមួយក្រុមហ៊ុនយក្សកូរ៉េខាងត្បូងមួយទៀតគឺក្រុមហ៊ុន Samsung ផងដែរ។
LG បានបញ្ចេញរបាយការណ៍ស្តីពីការអភិវឌ្ឍគំរូបន្ទះអេក្រង់ Foldable OLED Display panels នេះរួចហើយ ដែលគំរូបន្ទះអេក្រង់ប្រភេទនេះវាមានលក្ខណះប្រហាក់ប្រហែលទៅនឹងគំរូបន្ទះអេក្រង់ដែលក្រុមហ៊ុន Lenovo បានធ្វើបទបង្ហាញជាមួយថាបប្លែតរបស់ពួកគេក្នុងព្រឹត្តិការណ៍ Tech World កាលខែមិថុនា 2016 កន្លងទៅ។ បន្ទាប់ពីការបោះទុក ទឹកប្រាក់ប្រមាណ 1.75 ពាន់លានដុល្លារលើគម្រោងអភិវឌ្ឍបន្ទះអេក្រង់ដែលអាចបត់ចូលគ្នាបានកាលពីខែកក្ដដា ក្រុមហ៊ុន LG ក៏បានធ្វើបទបង្ហាញម្តងរួចហើយនូវគំរូអេក្រង់ដែលមានទំហំ 18” ក្នុងព្រឹត្តិការណ៍មហាសន្និបាត CES 2016។
ហើយអ្វីដែលជាលទ្ធភាពក្នុងពេលនេះគឺថាក្រុមហ៊ុន LG បាននឹងកំពុងធ្វើការងារនេះហើយ ក៏ប៉ុន្តែងាកមកក្រុមហ៊ុន Apple, Google និង Microsoft វិញគឺមិនទាន់បានបញ្ជាក់អ្វីនៅឡើយទេមកទល់នឹងពេលនេះក្នុងការសហការជាមួយ LG បើទោះបីជា etnews បាននិយាយថាក្រុមហ៊ុនទាំងបីនេះនឹងក្លាយជាអ្នកទិញដំបូងបំផុត “First buyers” នូវកញ្ចក់អេក្រង់ Foldable OLED ដែលនឹងបង្ហាញវត្តមានលើទីផ្សារនៅពេលខាងមុខនេះក្តី។ ងាកមកក្រុមហ៊ុន Samsung វិញដោយកាលពីពេលថ្មីៗនេះមានព័ត៌មានចចាមអារ៉ាមនានាបានចុះផ្សាយថា ក្រុមហ៊ុនយក្សរបស់កូរ៉េខាងត្បូងមួយនេះគ្រោងនឹងបង្ហាញចេញនូវកញ្ចក់អេក្រង់ដែលអាចបត់ចូលគ្នាបាន “Foldable panels” របស់ខ្លួនក្នុងពេលឆាប់ៗនេះ។
ជាមួយគ្នានេះដែរក្រុមហ៊ុន ដដែលនេះ អាចនឹងបង្ហាញចេញពីការរចនាម៉ូតទូរស័ព្ទអេក្រង់បត់ចូលគ្នាដំបូងចំនួនពីរស៊េរីថែមទៀតផងក្នុងពេលដ៏ខ្លីខាងមុខនេះ។ ប៉ុន្តែខណះពេលនេះអ្វីៗគឺស្ថិតក្នុងភាពមិនទាន់ជាផ្លូវការណ៍នៅឡើយទេ ចឹងមានតែចាំមើលនៅឆ្នាំ 2017 ខាងមុខតើមានផលិតផលអ្វីខ្លះដែលបំពាក់អេក្រង់អាចបត់ចូលគ្នាបានទៅ។ ហើយថាតើក្រុមហ៊ុន Samsung, LG ឬក៏ Lenovo ទៅដែលបានលទ្ធិភាពប្រកាសចេញឧបករណ៍ដែលមានអេក្រង់ប្រភេទនេះមុនគេនោះ៕