កាលពីខែមុននេះ ទូរស័ព្ទ Gionee M2017 បានទទួលវិញ្ញាបនប័ត្ររបស់ខ្លួនពីក្រុមហ៊ុន TENAA ដែលបានផ្ដល់ឱ្យពួកយើងនូវព័ត៌មានយ៉ាងច្រើនអំពីទូរស័ព្ទនេះ ហើយលក្ខណៈសម្បត្តិរបស់វាក៏ត្រូវបានទម្លាយឱ្យដឹងផងដែរ។ បន្ទាប់មកទៀត កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុនរបស់ប្រទេសចិនមួយនេះបានបញ្ចេញនូវរូបភាព Teaser របស់ទូរស័ព្ទ M2017 នេះជាលើកដំបូងរបស់ខ្លួន។ នៅថ្ងៃនេះយើងបានទទួលនូវរូបភាព Teaser នៃទូរស័ព្ទនេះជាលើកទីពីរហើយ។ ខណៈពេលដែលរូបភាពទីពីរនេះគឺស្ទើរតែដូចគ្នាទៅនឹងរូបភាព Teaser លើកទីមួយនោះ វាក៏បានបង្ហាញនូវព័ត៌មានលម្អិតពាក់ព័ន្ធទៅនឹងកាលបរិច្ឆេទនៃការប្រកាសបង្ហាញវត្តមានជាផ្លូវការ។ ទូរស័ព្ទ Gionee M2017 នឹងត្រូវប្រកាសជាផ្លូវការនៅថ្ងៃទី 26 ខែធ្នូនៅក្នុងព្រឹត្តិការណ៍ពិសេសមួយ។
ទូរស័ព្ទនេះមានការរចនារូបរាងប្លែកទាន់សម័យ ហើយវាភ្ជាប់មកជាមួយនឹងអេក្រង់ប្រភេទ QHD Touchscreen ទំហំ 5.7 អ៊ីង ប្រព័ន្ធកាមេរ៉ាភ្លោះទំហំ 12MP + 13MP នៅខាងក្រោយ កាមេរ៉ាមុខទំហំ 8MP សម្រាប់ថតរូប Selfies បានយ៉ាងស្រស់ស្អាត អង្គប្រតិបត្តិការប្រភេទ octa-coreដែលមានល្បឿន 1.96 GHz រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 6GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ថាមពលថ្មខ្លាំងដល់ទៅ 7000 mAh ហើយទូរស័ព្ទនេះមានទម្ងន់ត្រឹមតែ 230g តែប៉ុណ្ណោះ។ ដោយសារការប្រើប្រាស់នូវថាមពលថ្មកាន់តែធំសម្រាប់ទូរស័ព្ទ M2017 ទើបធ្វើឱ្យវិមាត្ររបស់វាធំក្រាស់ផងដែរពោលគឺ 155.2x77.6x 10.65មម។ ទូរស័ព្ទនេះដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 6.0.1 Marshmallow និងមានប្រព័ន្ធស្កែនក្រយ៉ៅដៃនៅខាងមុខថែមទៀត។ រហូតមកដល់ពេលនេះ ព័ត៌មានទាក់ទងទៅនឹងតម្លៃរបស់ទូរស័ព្ទនេះ និងកាលបរិច្ឆេទនៃការដាក់លក់នៅមិនទាន់ទម្លាយឱ្យដឹងនៅឡើយទេ ហើយវានៅតែស្ថិតក្នុងអាថ៌កំបាំងនៅឡើយ៕