ព័ត៌មានចចាមអារ៉ាមដែលមានលេចលឺមួយរយះពេលកន្លងមកទាក់ទងនឹងទូរស័ព្ទស្មាតហ្វូនក្នុងគ្រួសារ Galaxy A ស៊េរីថ្មី 2017 របស់ Samsung ត្រូវបានបិទបញ្ចប់នៅថ្ងៃនេះ ព្រោះថា ក្រុមហ៊ុនបច្ចេកវិទ្យាដ៏មានឥទ្ធិពលរបស់កូរ៉េខាងត្បូងមួយនេះបានធ្វើការប្រកាសចេញជាផ្លូវការណ៍នៃជំនាន់ថ្មីនេះទៅហើយ។ ស្មាតហ្វូនរួមត្រកូលស៊េរីថ្មី 2017 នេះរួមមាន Samsung Galaxy A3-2017, A5-2017 និង A7-2017។
ហើយស្មាតហ្វូនស៊េរីថ្មី 2017 ទាំងបីស៊េរីនេះត្រូវបានក្រុមហ៊ុនធ្វើការរចនារូបរាងឡើងកាន់តែមានភាពលេចធ្លោស៊ីវីល័យជាងជំនាន់មុនជាមួយតួរខ្លួនស្រោបដោយលោហះដែលមានកម្រាស់ 7.9 មមដូចគ្នា និងបំពាក់នូវបច្ចេកវិទ្យាប្រើប្រាស់កាន់តែទំនើបជាងជំនាន់មុនទៀតផង។ បច្ចេកវិទ្យាទាំងនោះរួមមានបច្ចេកវិទ្យាការពារជ្រាបទឹក, បច្ចេកវិទ្យាប្រព័ន្ធ LTE ខ្លាំងជាងមុន , បច្ចេកវិទ្យា Fingerprint Sensor និងប្រើរន្ធដោត USB Type-C ជាដើម។ ហើយជាបន្តទៅទៀតនេះយើងខ្ញុំនឹងបង្ហាញពីលក្ខណះសម្បត្តិមួយចំនួនដែលមាននៅលើទូរស័ព្ទស្មាតហ្វូនម៉ូដែលថ្មីទាំងបីស៊េរីនេះ។
-Samsung Galaxy A3-2017
ម៉ូដែលនេះគឺជាកូនពៅក្នុងគ្រួសារ Galaxy A ព្រោះថាមានទំហំតូចល្មមផលិតឡើងសម្រាប់អ្នកប្រើប្រាស់ដែលនិយមប្រើស្មាតហ្វូនមានទំហំតូចៗ។ A3-2017 មានទំហំវិមាត្ររួម 135.4 x 66.2 x 7.9មមផលិតឡើងដោយមានតួរខ្លួនជាលោហះជាមួយកញ្ចក់អេក្រង់ប្រភេទ Super AMOLED ទំហំ 4.7” ដែលអាចបង្ហាញរូបភាពវីដេអូបានក្នុងកម្រិត HD-720x1280 ភិចសែល។ ស្មាតហ្វូនកូនពៅនេះដើរលើបន្ទះឈីបដែលមានស៊ីភីយូប្រភេទ Octa-Core Cortex-A53 មានល្បឿន 1.6GHz ជាមួយរ៉េមទំហំ 2GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 16GB។ កាមេរ៉ាក្រោយរបស់វាមានទំហំ 13MP មាន aperture f/1.9 ជាមួយភ្លើង LED Flash មួយគ្រាប់ និងកាមេរ៉ាមុខទំហំ 8.0MP មានកម្រិត aperture f/1.9 ដូចកាមេរ៉ាក្រោយដែរ។ Galaxy A3-2017 ដំណើរការដោយប្រតិបត្តិការ Android Marshmallow 6.0.1 ភ្ជាប់ដោយរន្ធដោត USB Type-C, មានថ្មកំលាំង 2,350 mAh ជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿនរួមជាមួយបច្ចេកវិទ្យាការពារទឹក និងធូលីស៊េរី IP68 ផងដែរ។
-Samsung Galaxy A5-2017
សម្រាប់ម៉ូដែលនេះវិញគឺមានលក្ខណះសម្បត្តិខ្ពស់ជាង Galaxy A3 បន្តិច ព្រោះថាវាបានបំពាក់នូវកញ្ចក់អេក្រង់ប្រភេទ Super AMOLED ដូចគ្នាដែរប៉ុន្តែមានទំហំធំជាងគឺ 5.2” ជាមួយសមត្ថភាពបង្ហាញរូបភាពបានដល់កម្រិត Full-HD ឬ 1080 x1920 ភិចសែល។ ចំពោះកំលាំងម៉ាស៊ីនរបស់វាវិញគឺដើរលើបន្ទះឈីប Samsung Exynos 7880 ដែលមានស៊ីភីយូ 8 គ្រាប់ប្រភេទ Cortex-A53 ល្បឿន 1.9GHz ជាមួយរ៉េមទំហំ 3GB និងមានម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB ហើយក៏អាចបន្ថែមទំហំបាន 256GB ជាប្រភេទ microSD។ Galaxy A5-2017 ភ្ជាប់មកជាមួយថ្មដែលមានកំលាំងថាមពល 3,000mAh និងមានបច្ចេកវិទ្យាសាកថ្មល្បឿនលឿនផងដែរ។ ចំពោះសមត្ថភាពថតរូបវិញគឺវាមានទំហំ 16MP នៅផ្នែកខាងក្រោយជាមួយអំពូលភ្លើង LED Flash មួយគ្រាប់មានមុខងារទប់រំញ័រ OIS និងខាងមុខក៏មានទំហំ 16MP ដែរ។ ទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយគឺមានកម្រិត aperture f/1.9 ដូចគ្នា។ លក្ខណះសម្បត្តិដូចគ្នាទៅនឹង Galaxy A3-2017 គឺប្រើរន្ធដោត USB Type-C, បច្ចេកវិទ្យាការពារទឹក និងធូលី IP68, ដំណើរការដោយ Android Marshmallow v6.0.1 និងបច្ចេកវិទ្យា Fingerprint Sensor ជាដើម។
-Samsung Galaxy A7-2017
ម៉ូដែលចុងក្រោយនេះគឺជាបងធំក្នុងគ្រួសារ Galaxy A-2017 ព្រោះថាវាបានបំពាក់មកជាមួយនូវកំលាំងថាមពលខ្លាំងជាង A3 និង A5។ ម៉ូដែល Galaxy A7-2017 បំពាក់ដោយកញ្ចក់អេក្រង់ ធំទូលាយជាងប្អូនៗរបស់វាដែលមានទំហំ 5.7” ប្រភេទ Super AMOLED ប៉ុន្តែមានសមត្ថភាពអាចបង្ហាញផ្ទាំងទស្សនីយភាពបានកម្រិត Full-HD ដូច Galaxy A5 ដែរ។ កំលាំងម៉ាស៊ីនបងធំគេនេះដើរលើបន្ទះឈីប Samsung Exynos 7880 មានស៊ីភីយូ 8 គ្រាប់ប្រភេទ Cortex-A53 ល្បឿន 1.9GHz ជាមួយរ៉េមទំហំ 3GB, ម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB និងមានថ្មទំហំ 3,600mAh។ ចំពោះកាមេរ៉ាថតរូបវិញគឺមានទំហំ 16MP ទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយជាមួយទំហំ aperture f/1.9 ដូចគ្នា និងមានភ្ជាប់មកជាមួយមុខងារទប់លំញ័រ OIS ដូច Galaxy A5 ដែរ។
ដោយឡែកសម្រាប់គុណសម្បត្តិមួយចំនួនទៀតដូចជារន្ធដោត USB, បច្ចេកវិទ្យាការពារទឹក និងធូលី, បច្ចេកវិទ្យាសាកថ្មល្បឿនលឿន, ប្រព័ន្ធប្រតិបត្តិការ និងបច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃគឺដូចគ្នាទៅនឹងម៉ូដែលប្អូនៗរបស់វាទាំងពីរដែរ។ ដោយឡែកសម្រាប់ពណ៌នៃស្មាតហ្វូនជំនាន់ថ្មី 2017 ទាំងអស់នេះគឺមានរហូតដល់ទៅ 5 ពណ៌ឯណោះគឺមានពណ៌ខ្មៅ, ទឹកមាស, ត្បូងកណ្តៀង, ផ្ទៃមេឃ និងផ្កាឈូក។ សម្រាប់ថ្ងៃបរិច្ឆេទក្នុងការចេញលក់វិញគឺនឹងចាប់ផ្តើមនៅក្នុងខែមករានេះសម្រាប់ទីផ្សារប្រទេសរ៉ូស៊ី ហើយនឹងទីផ្សារពិភពលោកនឹងចាប់ផ្តើមធ្វើឡើងជាបន្តបន្ទាប់ រីឯតម្លៃរបស់ពួកវាវិញ Samsung មិនទាន់ប្រកាសឲ្យដឹងនៅឡើយទេក្នុងខណះពេលនេះ៕