ថ្មីៗនេះ មានរបាយការណ៍បានបង្ហាញថា ក្រុមហ៊ុន Samsung បាននឹងកំពុងតែធ្វើការងារមួយទាក់ទងនឹងបច្ចេកវិទ្យាបញ្ជាដោយសម្លេងផ្ទាល់ខ្លួនមួយ ដែលហើយកាត់ថា AI System ដើម្បីប្រើប្រាស់ជាមួយនឹងមុខងារ Samsung Pay ប៉ុន្តែវាត្រូវបានបញ្ជាក់ថាមានភាពខុសគ្នាស្រឡះពីមុខងារនៅលើកម្មវិធី Alexa, Cortana និង Siri ដោយវានឹងបញ្ចេញសម្លេងជាសម្លេងបែបមនុស្សប្រុស និងត្រូវបានគេឲ្យឈ្មោះថា Bixby ។
នៅពេលនេះដែរ យើងគ្រប់គ្នារំពឹងថា នឹងទទួលបានការបញ្ជាក់ឲ្យកាន់តែច្បាស់បន្ថែមទៀតពីក្រុមហ៊ុន Samsung មុនពេលដែលក្រុមហ៊ុននេះ នឹងធ្វើការប្រកាសចេញជាផ្លូវការនូវម៉ូដែល Galaxy S8 នៅក្នុងខែមិនាខាងមុខនេះ ប៉ុន្តែអ្វីដែលច្បាស់ការណ៍នៅពេលនេះ គឺទូរស័ព្ទស្មាតហ្វូនជំនាន់ថ្មីមួយទៀត នឹងមានអេក្រង់ដែលទ្រទ្រង់ជាមួយនឹងបច្ចេកវិទ្យា UHD 4K ដែលមានសសមត្ថភាពក្នុងការបង្ហាញនូវក្រាហ្វិចលើអេក្រង់បានយ៉ាងច្បាស់ល្អឥតខ្ចោះតែម្តង។ ប្រភពដដែលក៏បានឲ្យដឹងផងដែរថា សេចក្តីលំអិតទាក់ទងនឹង Samsung Note 8 នឹងត្រូវបង្ហាញឲ្យកាន់តែច្បាស់ បន្ទាប់ពីក្រុមហ៊ុន Samsung ធ្វើការចេញផ្សាយពីរបាយការណ៍ទាក់ទងនឹងការផ្ទុះរបស់ Note 7 នៅចុងខែនេះ។
គួរបញ្ជាក់ផងដែរថា បើតាមរបាយការណ៍ចុងក្រោយសម្រាប់ការផ្ទុះរបស់ Note 7 ត្រូវបានគេសន្និដ្ឋានថា អាចមិនមែនមកពីករណីថ្មនោះទេ តែអាចជាមកពីបញ្ហាការរចនាផ្នែករឹងមួយចំនួនរបស់វាទៅវិញទេ៕