ក្រុមហ៊ុន Samsung បានចាប់ផ្តើមការប្រកាសបង្ហាញនូវផលិតផលទូរស័ព្ទស៊េរីថ្មីរបស់ខ្លួនហើយសម្រាប់ឆ្នាំ 2017 នេះនោះ គឺត្រកូល Galaxy A (2017) ដែលបានបង្ហាញខ្លួនជាផ្លូវការជាមួយនឹង 3 ស៊េរី សម្រាប់ធ្វើការជ្រើសរើសគឺ Galaxy A3, Galaxy A5 និង Galaxy A7។ ទូរស័ព្ទ Samsung Galaxy A3 (2017) មានអេក្រង់ទំហំ 4.7 អ៊ីង ខណៈពេលដែលទូរស័ព្ទ Galaxy A5 (2017) មានទំហំអេក្រង់ដល់ទៅ 5.2 អ៊ីង។ ទូរស័ព្ទទាំងពីរស៊េរីនេះ សុទ្ធតែមានតម្លៃសមរម្យសម្រាប់ប្រើប្រាស់។ ចំនែកទូរស័ព្ទ Galaxy A7 (2017) ដែលមានអេក្រង់ 5.7 អ៊ីងមានតម្លៃថ្លៃជាងគេបង្អស់។ យើងធ្លាប់បានប្រាប់លោកអ្នករួចមកហើយអំពីលក្ខណៈសម្បត្តិរបស់ទូរស័ព្ទស៊េរីថ្មីត្រកូល Galaxy A (2017) នេះ: ការរចនារូបរាងគែមកោងដ៏ទាក់ទាញដូចទៅនឹងទូរស័ព្ទ Galaxy S7 ការប្រើប្រាស់នូវមុខងារមិនជ្រាបទឹក និងការផ្លាស់ប្តូរនូវទីតាំងរបស់ប្រព័ន្ធសំឡេង Speakers ផងដែរ។
យ៉ាងណាមិញ អ្វីដែលយើងបានដឹងនៅពេលនេះ គឺតម្លៃពិតប្រាកដរបស់ទូរស័ព្ទស៊េរីត្រកូល Galaxy A (2017) នេះ។ ទូរស័ព្ទទាំងនេះ នឹងដាក់លក់នៅក្នុងទ្វីបអ៊ឺរ៉ុប មុនគេបង្អស់ ដូចនេះ តម្លៃរបស់វាក៏ត្រូវបានគិតជាអ៊ឺរ៉ូ ប៉ុន្តែឆាប់ៗនេះ ទូរស័ព្ទទាំង 3 ស៊េរីនេះ នឹងដាក់លក់នៅក្នុងទឹកដីសហរដ្ឋអាមេរិចជាក់ជាមិនខាន។
តម្លៃផ្លូវការរបស់ទូរស័ព្ទ Samsung Galaxy A3 (2017): 330 អ៊ឺរ៉ូ
តម្លៃផ្លូវការរបស់ទូរស័ព្ទ Samsung Galaxy A5 (2017): 430 អ៊ឺរ៉ូ
តម្លៃផ្លូវការរបស់ទូរស័ព្ទ Samsung Galaxy A7 (2017): 500 អ៊ឺរ៉ូ
ទីផ្សារមួយដំបូងបំផុតក្នុងចំណោមទីផ្សារជាច្រើនដែលទូរស័ព្ទនេះ នឹងដាក់លក់មុនគេ គឺនៅក្នុងប្រទេសរុស្សី ប៉ុន្តែអ្វីដែលកាន់តែចាប់អារម្មណ៍ទៀតនោះ តម្លៃរបស់ទូរស័ព្ទនេះគឺប្រហែលជាខ្ពស់ជាងនេះទៀត (ដោយសារតែតម្លៃពន្ធនៃការនាំចូលគឺខុសៗគ្នានៅក្នុងសហភាពអ៊ឺរ៉ុប): ទូរស័ព្ទ Galaxy A3 (2017) ប្រហែលជាដាក់លក់នៅក្នុងតម្លៃ 400 អ៊ឺរ៉ូ (25,000 Russian Roubles) ទូរស័ព្ទ Galaxy A5 (2017) ប្រហែលជាដាក់លក់នៅក្នុងតម្លៃ 470 អ៊ឺរ៉ូ (30,000 Russian Roubles) ខណៈពេលដែលទូរស័ព្ទ Galaxy A7 (2017) ប្រហែលជាដាក់លក់នៅក្នុងតម្លៃ 550 អ៊ឺរ៉ូ (35,000 Russian Roubles)។ នៅពេលនេះ ក្រុមហ៊ុន Samsung បានយកចិត្តទុកដាក់ក្នុងការរចនារូបរាងរបស់ស្មាតហ្វូនថ្នាក់កណ្តាលរបស់ខ្លួនជាមួយនឹងគែមកោងយ៉ាងស្រស់ស្អាត។ ទូរស័ព្ទត្រកូល Galaxy A (2017) ស៊េរីថ្មីនេះមានរន្ធ USB-C ទាំងអស់ដែលពិតជាងាយស្រួលមែនទែនសម្រាប់ការសាកថ្ម៕