យោងទៅតាមអ្នកតាមដានបច្ចេកវិទ្យាម្នាក់ដែលជំនាញផ្តល់ព័ត៌មានបានត្រឹមត្រូវអំពីផលិតផលថ្មីៗ របស់ក្រុមហ៊ុន Samsung ដែលបានបង្ហោះនៅលើបណ្តាញ Weibo បានឱ្យដឹងថា ទូរស័ព្ទ Samsung Galaxy S8 នឹងបំពាក់នូវរ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំដល់ទៅ 8GB ។ ក្រុមហ៊ុន Samsung នឹងប្រើប្រាស់នូវបន្ទះឈីបថ្មីដែលខ្លួនផលិតដោយប្រើប្រាស់បច្ចេកវិទ្យា 10nm ។
បន្ថែមពីនេះទៀតនោះ ម៉ូដែលស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Samsung នេះនឹងប្រើប្រាស់នូវបន្ទះឈីប UFS 2.1 Flash Storage Chip ។ កាលពីពាក្យចចាមអារ៉ាមលើកមុនបានបញ្ជាក់ថាទូរស័ព្ទ Galaxy S8 នឹងប្រើប្រាស់នូវរ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំត្រឹមតែ 6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 256GB ។ បន្ទាប់ពីជួបបញ្ហាដ៏ធំជាមួយនឹង Galaxy Note 7 ក្រុមហ៊ុនប្រហែលជាផ្តោតសំខាន់តែទៅលើការផលិតនូវ Samsung Galaxy S8 ជាមុនសិន។ ថ្មីៗនេះ ពាក្យចចាមអារ៉ាមថ្មីមួយបានឱ្យដឹងថា ទូរស័ព្ទ Samsung Galaxy S8 Plus នឹងមានអេក្រង់ទំហំដល់ទៅ 6 អ៊ីងដែលត្រូវបានគេគិតថាជាទំហំអេក្រង់សម្រាប់ Galaxy Note 8 នោះទេ។ ទូរស័ព្ទ Samsung Galaxy S8 Plus នេះប្រហែលជាប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះនៅផ្នែកខាងក្រោយដែលខុសប្លែកពីជំនាន់មុនៗដែលប្រើប្រាស់តែកាមេរ៉ាក្រោយតែមួយគ្រាប់ប៉ុណ្ណោះ។
Samsung Galaxy S8 ប្រហែលជាអាចមានអេក្រង់ទំហំ 5.1 អ៊ីង និងប្រើប្រាស់នូវបន្ទះឈីប Exynos 8895 ដែលត្រូវបានចាត់ទុកថា មានសមត្ថភាពខ្លាំងសម្រាប់ទូរស័ព្ទស៊េរីថ្មីនេះ។ ភាគច្រើនទូរស័ព្ទនៅក្នុងសហរដ្ឋអាមេរិច និងប្រទេសចិន ប្រើប្រាស់នូវបន្ទះឈីបចុងក្រោយបំផុត និងខ្លាំងបំផុត Snapdragon 835 SoC របស់ក្រុមហ៊ុន Qualcomm ។
ចំនែកប្រព័ន្ធប្រតិបត្តិការ Android 7.0 នឹងត្រូវដំណើរការជាមួយនឹង Samsung Experience UI នៅផ្នែកខាងលើនៃទូរស័ព្ទនេះ។ ខណៈពេលដែលក្រុមហ៊ុន Samsung ប្រហែលជាសង្ឃឹមខ្ពស់ក្នុងការដាក់ឱ្យប្រើប្រាស់នូវជំនួយការឆ្លាតវៃ AI ដែលមានឈ្មោះថា Bixby (ភេទប្រុស) និងKestra (ភេទស្រី) សម្រាប់ទូរស័ព្ទ Galaxy S8 វាមានរឿងមួយទៀតដែលគួរឱ្យចាប់អារម្មណ៍ផងដែរគឺថាក្រុមហ៊ុន Google កំពុងតែជជែកជាមួយនឹងក្រុមហ៊ុន Samsung ក្នុងការបង្កើតនូវ Google Assistant នៅលើទូរស័ព្ទរបស់ពួកគេផងដែរ៕