កាលពីក្នុងខែវិច្ឆិកា ពិភពអេឡិចត្រូនិក ធ្លាប់បានប្រាប់លោកអ្នកមកហើយថា ទូរស័ព្ទស្មាតហ្វូន Samsung Galaxy A5 (2017) នឹងធ្វើការប្រកាសបង្ហាញខ្លួនជាមួយនឹង 4 ពណ៌ដ៏ស្រស់ស្អាតសម្រាប់ធ្វើការជ្រើសរើសគឺពណ៌ខ្មៅ ពណ៌មាស ពណ៌ផ្កាឈូក និងពណ៌ខៀវ។ នៅព្រឹកនេះវិញ រូបភាពរបស់ទូរស័ព្ទនេះ ត្រូវបានគេយកមកផ្សព្វផ្សាយបែកធ្លាយពាសពេញអ៊ីនធើណិត។ ក្រៅពីរូបរាងរបស់ទូរស័ព្ទមួយនេះ លក្ខណៈសម្បត្តិរបស់ទូរស័ព្ទនេះ ក៏ត្រូវបានបែកធ្លាយផងដែរ។ បើយោងតាមប្រភពជាច្រើននៃរូបភាពទាំងនេះ បានបង្ហាញថា ទូរស័ព្ទ Galaxy A5 (2017) នឹងបំពាក់នូវអេក្រង់ទំហំ 5.2 អ៊ីងដែលមានកម្រិតភាពច្បាស់ 1080 x 1920 ភិចសែល។
សម្រាប់លក្ខណៈសម្បត្តិផ្សេងទៀតរបស់ទូរស័ព្ទនេះ ត្រូវបានគេដឹងថា នឹងបំពាក់នូវបន្ទះឈីបប្រភេទ Exynos 7880 SoC ជាមួយនឹង CPU ចំនួន 8 គ្រាប់ដែលមានល្បឿន 1.8GHz ក្រាហ្វិកកាត GPU ប្រភេទ Mali-T860 MP4 រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 3GB ជាមួយនឹងម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB ។ កាមេរ៉ាផ្នែកខាងមុខ និងផ្នែកខាងក្រោយរបស់ទូរស័ព្ទនេះមានទំហំ 16 មេហ្គាភិចសែល និងថ្មដែលមានកម្លាំងថាមពល 3000mAh ហើយវាធ្វើការតម្លើងនូវប្រព័ន្ធប្រតិបត្តិការ Android 6.0 រួចជាស្រេច។
Samsung Galaxy A5 (2017) នឹងមានកម្រាស់ 7.8 មម ហើយវាថែមទាំងប្រើប្រាស់នូវរន្ធផត USB Type-C ។ កាលពីដើមខែនេះ វីដេអូនៃទូរស័ព្ទនេះត្រូវបានរកឃើញនៅលើបណ្តាញ YouTube ប៉ុន្តែពេលនេះវាត្រូវបានយកចេញបាត់វិញហើយ។ ប្រព័ន្ធស្កែនក្រយ៉ៅដៃត្រូវបានដាក់បញ្ចូលនៅលើប៊ូតុង Home ហើយយើងប្រហែលជាអាចឃើញនូវមុខងារ IP68 ថែមទៀតផង វាមានន័យថាទូរស័ព្ទនេះអាចស្ថិតនៅក្រោមទឹកបានកម្ពស់ជិត 10 ហ្វីតរយៈពេល 30 នាទីដោយគ្មានបញ្ហានោះទេ។
យើងអាចមើលឃើញទូរស័ព្ទនេះនឹងធ្វើការប្រកាសបង្ហាញនៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ CES នៅខែក្រោយនេះនៅក្នុងទីក្រុង Las Vegas ជាមួយនឹងវត្តមានរបស់ទូរស័ព្ទ Samsung Galaxy A3 (2017) និង Samsung Galaxy A7 (2017) ផងដែរ៕