នៅក្នុងឆ្នាំនេះ ក្រុមហ៊ុន HMD Global បានទិញយកការប្រើប្រាស់នូវស្លាកយីហោរបស់ក្រុមហ៊ុន Nokia ហើយក្រុមហ៊ុន បានធ្វើការសន្យាក្នុងការនាំយកនូវភាពជោគជ័យ និងការកសាងម៉ាកយីហោនេះ ឡើងវិញនៅក្នុងឆ្នាំ 2017 ដោយក្រុមហ៊ុនកំពុងតែចាប់ផ្តើមនូវការផលិតនូវទូរស័ព្ទទំនើបជាច្រើន។ របាយការណ៍ថ្មីមួយបានអះអាងថា ក្រុមហ៊ុន HMD មានគម្រោងក្នុងការបញ្ចេញនូវស្មាតហ្វូនដល់ទៅ 4 ស៊េរីម៉ូដែលផ្សេងគ្នាដែលដំណើរការប្រព័ន្ធប្រតិបត្តិការ Android នៅក្នុងត្រីមាសទី 2 និងត្រីមាសទី 3 នៅក្នុងឆ្នាំ 2017 បន្ទាប់ពីម៉ូដែលទីមួយដំបូងបំផុតនឹងត្រូវប្រកាសនៅក្នុងខែកុម្ភៈខាងមុខនេះ។
ទូរស័ព្ទ Nokia ដែលដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android ទាំង 4 ម៉ូដែលនេះនឹងមានអេក្រង់រៀងគ្នាពី 5 អ៊ីងរហូតដល់ទៅ 5.7 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ចាប់ពី WQHD (1440p) និង Full HD (1920p) នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុននេះទៅកាន់ DigiTimes ។ អេក្រង់របស់ទូរស័ព្ទនេះប្រហែលជាផ្គត់ផ្គង់ដោយក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនដូចជាក្រុមហ៊ុន LG Century Technology និង Innolux ផងដែរ។ ប្រសិនបើការរាយការណ៍របស់ DigiTimes ពិតជាត្រឹមត្រូវមែននោះ ក្រុមហ៊ុន HMD នឹងធ្វើការបញ្ចេញនូវទូរស័ព្ទស្មាតហ្វូនម៉ាក Nokia ដល់ទៅ 5 គ្រឿងសម្រាប់ឆ្នាំ2017 ខាងមុខនេះ។
ម៉ូដែលទីមួយដំបូងបំផុតនឹងធ្វើការប្រកាសនៅក្នុងខែកុម្ភៈឆ្នាំ2017 នៅក្នុងការតាំងពិពរណ៍ព្រឹត្តិការណ៍ប្រចាំឆ្នាំ Mobile World Congress នៅក្នុងទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ។ វាត្រូវបានគេជឿជាក់ថាជាទូរស័ព្ទ Nokia DIC (D1C) ដែលមានពីរទំហំសម្រាប់ធ្វើការជ្រើសរើសគឺ: មួយស៊េរីមានអេក្រង់ទំហំ 5 អ៊ីងជាមួយនឹងរ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 2GB និងមួយទៀតមានអេក្រង់ទំហំ 5.5 អ៊ីងជាមួយនឹងរ៉េមផ្ទុកទិន្នន័យទំហំ 3GB ។ ទូរស័ព្ទ Nokia DIC អេក្រង់ 5 អ៊ីងនឹងដាក់លក់នៅក្នុងតម្លៃត្រឹមតែ 150 ដុល្លារ ចំនែកទូរស័ព្ទអេក្រង់ 5.5 អ៊ីងនឹងដាក់លក់នៅក្នុងតម្លៃ 200 ដុល្លារ។ នៅដើមអាទិត្យនេះរូបភាពរបស់ទូរស័ព្ទ Nokia D1C ត្រូបានបែកធ្លាយនៅលើបណ្តាញអ៊ីនធើណិតដែលបង្ហាញយ៉ាងច្បាស់ថាទូរស័ព្ទនេះពិតជាមានប្រព័ន្ធស្កែនក្រយ៉ៅដៃស្ថិតនៅផ្នែកខាងមុខពិតប្រាកដមែន។ ប្រព័ន្ធស្កែនក្រយ៉ៅដៃត្រូវបានគេមិនដាក់ប្រើប្រាស់នោះទេសម្រាប់ម៉ូដែលតម្លៃទាបជាងគេនេះបើតាមការបញ្ជាក់របស់ Tech Times ។
យ៉ាងណាមិញ រូបភាពដែលបានបែកធ្លាយនេះត្រូវបានគេរាយការណ៍ថាជារូបភាពរបស់ទូរស័ព្ទ Nokia E1 ហើយវាមិនមែនជា Nokia D1C នោះទេ។ ការពន្យល់នេះដោយផ្អែកទៅលើការភ្ជាប់ជាមួយនឹងប្រព័ន្ធស្កែនក្រយ៉ៅដៃដែលបានបំពាក់នៅលើទូរស័ព្ទថ្មីនេះ។ ហើយនេះពិតជារឿងល្អសំខាន់មែនទែនដែលយើងបានមើលឃើញនូវរូបភាពបែកធា្លយនេះ។ បើនិយាយពីលក្ខណៈសម្បត្តិផ្នែករឹងវិញនោះ ទូរស័ព្ទ Nokia D1C ត្រូវបានគេរំពឹងថាប្រហែលជាទូរស័ព្ទថ្នាក់កណ្តាលដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon 600 របស់ក្រុមហ៊ុន Qualcomm ។ ទូរស័ព្ទស៊េរីទំនើបនេះត្រូវបានគេនិយាយថាវានឹងប្រើប្រាស់នូវកាមេរ៉ាខាងមុខ និងខាងក្រោយទំហំ 13 មេហ្គាភិចសែលផងដែរ៕