នៅថ្ងៃនេះ យើងបានដឹងថា ក្រុមហ៊ុន Samsung បានត្រៀមខ្លួនរួចរាល់ហើយក្នុងការប្រកាសសម្ពោធនូវទូរស័ព្ទត្រកូលស៊េរី Galaxy A 2017 នៅសប្តាហ៍ក្រោយនេះ ចំថ្ងៃទី 5 ខែមករា។ ទូរស័ព្ទស៊េរីថ្មីនេះ ដែលនឹងបង្ហាញវត្តមានមានដូចជា: Galaxy A3 (2017), Galaxy A5 (2017) និង Galaxy A7 (2017) ។ យើងបានឃើញរួចមកហើយនូវរូបភាព Renders បែកធ្លាយជាច្រើនដែលអះអាងថា ជាទូរស័ព្ទស៊េរីថ្មីទាំងនេះ ប៉ុន្តែពេលនេះ យើងបានទទួលនូវរូបភាព Renders ថ្មីមួយទៀតកាន់តែច្បាស់: រូបភាពដែលបែកធ្លាយផ្នែកខាងក្រោយ និងផ្នែកខាងមុខរបស់ទូរស័ព្ទ Galaxy A5 (2017) និង Galaxy A3 (2017) ។ រូបភាពដែលបែកធ្លាយទាំងនេះ ប្រហែលជាក្រុមហ៊ុន Samsung ប្រើប្រាស់ដើម្បីធ្វើការផ្សព្វផ្សាយទៅលើទូរស័ព្ទថ្មីនេះ។
ខណៈពេលដែលស្មាតហ្វូនទាំងពីរមានការរចនារូបរាងប្រហាក់ប្រហែលគ្នានោះ ទូរស័ព្ទ Galaxy A5 (2017) និង Galaxy A3 (2017) មានទំហំផ្សេងគ្នា។ ទូរស័ព្ទ A5 (ដែលមានលេខកូដ SM-A520) មានអេក្រង់ទំហំ 5.2 អ៊ីងកម្រិតភាពច្បាស់ 1080p ចំនែកទូរស័ព្ទ A3 (ដែលមានលេខកូដ SM-A320) មានអេក្រង់ទំហំ 4.7 អ៊ីងកម្រិតភាពច្បាស់ 720p ។ ទូរស័ព្ទ Galaxy A5 ស៊េរីថ្មីនេះត្រូវបានគេជឿជាក់ថានឹងប្រើប្រាស់នូវបន្ទះឈីប Exynos 7880 CPU រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 3GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB និងថ្មដែលមានកម្លាំងថាមពល 3300mAh ។ សម្រាប់ទូរស័ព្ទ Galaxy A3 វិញគឺប្រើប្រាស់នូវបន្ទះឈីប Exynos 7870 CPU រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 2GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 16GB និងថ្មដែលមានកម្លាំងថាមពល 3000mAh ។
កាលពីម្សិលមិញនេះ ក្រុមហ៊ុន Samsung បានបង្ហើបថាស៊េរីត្រកូល Galaxy A 2017 អាចនឹងប្រើប្រាស់នូវមុខងារមិនជ្រាបទឹក ប៉ុន្តែវានៅមិនទាន់ច្បាស់នោះទេថាមុខងារនេះបំពាក់នូវលើគ្រប់ស៊េរីថ្មីនោះ។ ទូរស័ព្ទ Galaxy A5 (2017) និង Galaxy A3 (2017) មាន 4 ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌ខ្មៅ ពណ៌មាស ពណ៌ខៀវ និងពណ៌ផ្កាឈូក។ ទូរស័ព្ទទាំងនេះប្រហែលជាដាក់លក់នៅដើមខែមករាតែម្តង ប៉ុន្តែយើងនៅមិនទាន់ដឹងថាតើវាអាចដាក់លក់នៅក្នុងទីផ្សាររបស់សហរដ្ឋអាមេរិចបានដែរឬទេ។ សម្រាប់រឿងនេះ យើងនឹងបានដឹងកាន់តែច្បាស់អំពី Galaxy A 2017 នៅសប្តាហ៍ក្រោយនេះហើយ៕