វាមានពាក្យចចាមអារ៉ាមជាច្រើនអំពីទូរស័ព្ទ Xiaomi Mi 6 ហើយវាមានរូបភាពជាច្រើនបែកធ្លាយជាបន្តបន្ទាប់ផងដែរ។ តាមប្រភពបែកធ្លាយនៅក្នុងខែតុលានៅឆ្នាំនេះ យើងអាចមើលឃើញពីរូបរាងរបស់វាបានកាន់តែច្បាស់ (ដូចរូបភាពខាងលើ)។ ពាក្យចចាមអារ៉ាមថ្មីមួយទៀតចេញពីប្រទេសចិនបានបញ្ជាក់ថា ទូរស័ព្ទស៊េរីថ្មីនេះពិតជាមានរូបរាងដូចទៅនឹងទូរស័ព្ទ Mi Note 2 ដែរ ប៉ុន្តែគ្រាន់តែតែរូបរាងរបស់វាតូចជាងតែប៉ុណ្ណោះ។
បើយោងតាមពាក្យចចាមអារ៉ាមថ្មីនេះ ដែលមានប្រភពចេញមកពីអ្នកតាមដានបច្ចេកវិទ្យាដ៏ល្បីនៅចិនបានបញ្ជាក់ថា ទូរស័ព្ទនេះនឹងបំពាក់នូវបន្ទះឈីប Snapdragon 835 SoC ហើយនឹងប្រកាសជាផ្លូវការនៅក្នុងខែកុម្ភៈ ឆ្នាំ 2017 ខាងមុខនេះ ហើយវាក៏ជាដំណឹងដែលយើងធ្លាប់បានលឺពីមុនមកផងដែរ។ លើសពីនេះទៀត អ្នកតាមដានបច្ចេកវិទ្យាដ៏ល្បីនេះបានទម្លាយឱ្យដឹងទៀតថា ទូរស័ព្ទនេះនឹងបំពាក់នូវម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB និង 256GB ហើយវាមាន 3 ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌ខ្មៅ ពណ៌ស និងពណ៌ខៀវ។ ដូចទៅនឹងព័ត៌មានដែលបានបែកធ្លាយនៅក្នុងខែតុលាផងដែរ យើងនៅមិនទាន់អាចបញ្ជាក់បានថាវាជារឿងពិត ឬមិនពិតនោះទេ។ ដូចច្នេះ យើងត្រូវរង់ចាំមើលជាបន្តទៀត៕