ក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ គឺមានពាក្យចចាមអារ៉ាមដែលបាននិយាយអំពីទូរស័ព្ទស៊េរីថ្មី Samsung Galaxy S8 របស់ក្រុមហ៊ុន Samsung ។ ពេលនេះ ដំណឹងព័ត៌មានចុងក្រោយបំផុតនៃកាលបរិច្ឆេទរបស់ទូរស័ព្ទនេះ ត្រូវបានទម្លាយឱ្យដឹងហើយ។ បើយោងតាមប្រភពពីខាងក្នុងរោងចក្រឧស្សាហកម្មបានបញ្ជាក់ថា ថ្ងៃ D Day ត្រូវនឹងថ្ងៃទី 18 ខែមេសាដែល វាហាក់ដូចជាយូរជាងការប្រកាសនូវស្មាតហ្វូនស៊េរីថ្មីមុនៗ ព្រោះថា ទូរស័ព្ទ Samsung Galaxy S7/S7 Edge បានប្រកាសបង្ហាញខ្លួននៅក្នុងថ្ងៃទី 11 ខែមីនា ឆ្នាំមុននេះ។ ពាក្យចចាមអារ៉ាមមុននេះ បានបញ្ជាក់ថា ក្រុមហ៊ុន Samsung កំពុងតែត្រៀមខ្លួនក្នុងការប្រកាសនូវទូរស័ព្ទ Galaxy S8 នៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ MWC នៅខែក្រោយនេះ ប៉ុន្តែវាអាចមានការយឺតយ៉ាវក្នុងការប្រកាសដោយសារតែការរចនារូបរាងថ្មី និងការផ្តល់របាយការណ៍ដែលពាក់ព័ន្ធជាមួយនឹងបញ្ហារបស់ទូរស័ព្ទ Galaxy Note 7 ដែលធ្វើឱ្យក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសកូរ៉េមួយនេះខាតបង់ទឹកប្រាក់យ៉ាងច្រើន។
យើងនៅតែរំពឹងថា របាយការណ៍ផ្លូវការនេះ នឹងបញ្ជាក់យ៉ាងច្បាស់អំពីមូលហេតុនៃការផ្ទុះ ដែលពាក់ព័ន្ធជាមួយនឹងផ្នែក Hardware ហើយមិនមែនបញ្ហារបស់ថ្មនោះទេ។ នៅពេលដែលមានការរចនាថ្មីនៅផ្នែក Hardware នោះផ្នែកខាងក្រៅ ក៏ត្រូវតែមានការផ្លាស់ប្តូរផងដែរ។ ចំនែកគែមស៊ុមព័ទ្ធជុំវិញអេក្រង់សម្រាប់ Galaxy S8 ប្រហែលជាតិចបំផុតព្រោះថា កញ្ចក់អេក្រង់មានប្រហែលជា 90% ហើយសម្រាប់ផ្នែកខាងមុខនៃទូរស័ព្ទមួយនេះ។ ការផ្លាស់ប្តូរទាំងអស់នេះ មានន័យថាវាពិតជាអាចពន្យារពេលយូរទៀតសម្រាប់ថ្ងៃកាលបរិច្ឆេទនៃការប្រកាសបង្ហាញខ្លួនជាផ្លូវការរបស់វត្តមានស្មាតហ្វូនស៊េរីថ្មីនេះ។ គួរបញ្ជាក់ផងដែរថា ប្រភពព័ត៌មាននេះ នៅមិនទាន់បានប្រកាសបង្ហាញជាផ្លូវការពីក្រុមហ៊ុន Samsung នៅឡើយនោះទេ។