ក្រុមហ៊ុន Samsung បានចំណាយពេលវេលាជាច្រើនសម្រាប់ធ្វើយ៉ាងណាឱ្យនាឡិកាឆ្លាតវៃរបស់ខ្លួនអាចដំណើរការជាមួយនឹងប្រព័ន្ធប្រតិបត្តិការ iOS បាន ហើយពេលនេះ ការងារទាំងអស់នេះ បានសម្រេចហើយ។ នៅថ្ងៃនេះ ត្រូវនឹងថ្ងៃទី 7 ខែមករា នាឡិកាឆ្លាតវៃ Samsung Gear S3 Frontier, Gear S3 Classic, Gear S2 និង Gear Fit 2 អាចប្រើប្រាស់ជាមួយនឹងទូរស័ព្ទ iPhones ជាច្រើនស៊េរីម៉ូដែល (ចាប់ពីស៊េរី iPhone 5 ឡើងទៅ) ដែលដំណើរការនូវប្រព័ន្ធប្រតិបត្តិការ iOS 9.0 ឡើងទៅ។
ដើម្បីអាចដំណើរការទូរស័ព្ទ iPhone របស់លោកអ្នកជាមួយនឹងនាឡិកាឆ្លាតវៃ Samsung បាននោះ លោកអ្នកត្រូវធ្វើការទាញយកនូវកម្មវិធី Gear S ឬ Gear Fit App ជាមុនសិន ហើយលោកអ្នកអាចទាញយកកម្មវិធីនេះ បានដោយឥតគិតថ្លៃនៅលើ Apple App Store ។ នៅពេលដែលកម្មវិធីនេះ បានតម្លើងរួចរាល់នៅលើទូរស័ព្ទរបស់លោកអ្នក អ្នកត្រូវតែចុចដំណើរការទៅលើកម្មវិធីនេះ ហើយអនុវត្តន៍ទៅតាមជំហានចាំបាច់មួយចំនួនដើម្បីអាចធ្វើការភ្ជាប់ជាមួយនឹងទូរស័ព្ទបាន។
គួរបញ្ជាក់ថា តាំងពីដំបូងឡើយនាឡិកាឆ្លាតវៃ Samsung Gear S3, Gear S2 និង Gear Fit 2 អាចដំណើរការបានតែជាមួយនឹងស្មាតហ្វូនប្រព័ន្ធប្រតិបត្តិការ Android តែប៉ុណ្ណោះ តែពេលនេះ វាអាចដំណើរការបានជាមួយនឹងស្មាតហ្វូនប្រព័ន្ធប្រតិបត្តិការ iOS ហើយ។ វាពិតជាអស្ចារ្យមែនទែន៕