នាពេលនេះ ក្រុមហ៊ុន Huawei កំពុងតែប្រឹងប្រែងយ៉ាងខ្លាំងទៅលើស្មាតហ្វូនស៊េរីបន្ទាប់ដែលមានឈ្មោះថា Huawei P10 និង P10 Plus ។ បើយោងទៅតាមប្រធានប្រតិបត្តិលោក Yu Chengdon របស់ក្រុមហ៊ុន Huawei Consumer Business Group បានបញ្ជាក់ថា “ទូរស័ព្ទស្នងត្រកូលបន្ទាប់ពី Huawei P9 និង P9 Plus ត្រូវបានកំណត់ពេលវេលាប្រកាសបង្ហាញវត្តមានហើយគឺនៅក្នុងខែមីនា ឬមេសា។” ព័ត៌មាននេះស្តាប់ទៅពិតជាគួរឱ្យទុកចិត្តបាន ព្រោះថាទូរស័ព្ទ Huawei P8 និង P9 សុទ្ធតែបង្ហាញខ្លួននៅក្នុងខែមេសា។
ពាក្យចចាមអារ៉ាមជាច្រើនបានចង្អុលបង្ហាញអំពីលក្ខណៈសម្បត្តិជាច្រើនរបស់ទូរស័ព្ទត្រកូល P10 នេះ។ ក្រុមហ៊ុន Huawei ត្រូវបានគេរំពឹងថា នឹងប្រើប្រាស់នូវបន្ទះឈីប Kirin 960 រួមជាមួយនឹងរ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 6GB ។ បន្ទះឈីបថ្មីនេះ ប្រើប្រាស់នូវ Cortex-A73 ចំនួន 4 គ្រាប់ និង Cortex-A53 CPU ចំនួន 4 គ្រាប់ រួមជាមួយនឹងក្រាហ្វិក Mali-G71 MP8 GPU ។ ជាមួយគ្នានេះ ផងដែរ ក្រុមហ៊ុន Huawei ក៏នៅតែសហការជាមួយនឹងក្រុមហ៊ុន Leica ក្នុងការប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះដែលផ្តល់នូវគុណភាពរូបភាពអស្ចារ្យដូចទូរស័ព្ទ Huawei P9 ផងដែរ។ ពាក្យចចាមអារ៉ាមផ្សេងទៀតបញ្ជាក់ថា ទូរស័ព្ទស៊េរីថ្មីនេះ ក៏ប្រើប្រាស់នូវប្រព័ន្ធស្កែនក្រយ៉ៅដៃនៅលើអេក្រង់ ការបញ្ចូលថ្មដោយប្រើប្រាស់ប្រព័ន្ធ Wireless និងអេក្រង់គែមកោងផងដែរ ។
ក្រុមហ៊ុន Huawei ក៏ត្រូវបានគេដឹងដែរថា កំពុងតែដំណើរការនូវការផលិត Huawei P10 Lite ជាមួយនឹងស្មាតហ្វូនពីរស៊េរីម៉ូដែលទៀត ដែលមានលេខកូដ Vicky និង Victoria ។ ទូរស័ព្ទទាំងពីរស៊េរីម៉ូដែលនេះ ត្រូវបានគេដឹងថាជាអ្នកស្នងត្រកូលរបស់ទូរស័ព្ទស៊េរី Nova ប៉ុន្តែកាលបរិច្ឆេទនៃការប្រកាសបង្ហាញវត្តមាននៅមិនទាន់បានដឹងនៅឡើយនោះទេ។ នាពេលថ្មីៗនេះ ក្រុមហ៊ុន Huawei បានប្រកាសដាក់លក់ហ្វាប់ប្លេត Mate 9 នៅក្នុងទឹកដីសហរដ្ឋអាមេរិចនៅក្នុងតម្លៃ 600 ដុល្លារអាមេរិច។ ទូរស័ព្ទនេះបានភ្ជាប់ជាមួយនឹងលក្ខណៈសម្បត្តិពិសេសជាច្រើនគឺអេក្រង់ទំហំ 5.9 អ៊ីងកម្រិតភាពច្បាស់ 1080p និងប្រើប្រាស់នូវបន្ទះឈីប Kirin 960 ។ Mate 9 ប្រើប្រាស់នូវរ៉េមផ្ទុកទិន្នន័យទំហំ 4GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ប្រព័ន្ធស្កែនក្រយ៉ៅដៃ និងប្រព័ន្ធកាមេរ៉ាភ្លោះផងដែរ៕