នាពេលថ្មីៗនេះ ក្រុមហ៊ុន Samsung Electronics បានរាយការណ៍អំពីប្រាក់ចំណេញដែលមានអត្រា 17% នៅក្នុងត្រីមាសទី 4 ឆ្នាំ 2016 ដែលមានន័យថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ដែលមានមូលដ្ឋាននៅក្នុងទីក្រុងសេអ៊ូលមួយនេះ មានគម្លាតប្រាក់ចំណេញកើនឡើងវិញ បើប្រៀបធៀបជាមួយនឹងដៃគូប្រកួតប្រជែងក្រុមហ៊ុន Apple ។ បើយោងតាមប្រភពពី BuninessKorea ដែលបានបញ្ជាក់កាលពីថ្ងៃទី 8 ខែមករាបានឱ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងនេះ បានរាយការណ៍ថាប្រាក់ចំណេញនៃការលក់ និងប្រតិបត្តិការរបស់ក្រុមហ៊ុន Samsung Electronics មានចំនួនសរុប 44.3 ពាន់លានដុល្លារអាមេរិច ហើយនៅត្រីមាសចុងក្រោយនេះមានចំនួន 9.2 ពាន់លានដុល្លារអាមេរិចក្នុងឆ្នាំ 2016 ដែលមានចំនួនស្មើនឹង 17.36% ។
តួរលេខនេះ គឺខ្ពស់បំផុតបើធៀបទៅនឹងរយៈពេលពីរឆ្នាំកន្លងមកនេះ ហើយអ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ខ្លាំងនោះ គឺថាវត្តមានរបស់ហ្វាប់ប្លេត Galaxy Note 7 បានបណ្តាលឱ្យក្រុមហ៊ុន Samsung ខាតបង់យ៉ាងខ្លាំងនៅក្នុងត្រីមាសទី 3 ឆ្នាំ 2016 នេះ។ តួរលេខទាំងនេះ បានបង្ហាញពីភាពខ្លាំងរបស់ទូរស័ព្ទ Galaxy S7 ដែលបង្កើនការលក់នៅក្នុងចំនួនមួយដែលនឹកស្មានមិនដល់។ ក្រុមហ៊ុន Apple និងក្រុមហ៊ុន Samsung ពេលនេះ បានក្លាយជាមេដឹកនាំទីផ្សារស្មាតហ្វូនទូទាំងពិភពលោក ប៉ុន្តែក្រុមហ៊ុន Apple តែងតែមានប្រាក់ចំណេញលើសក្រុមហ៊ុន Samsung ក្នុងលក្ខខណ្ឌនៃការលក់ទូរស័ព្ទរបស់ខ្លួន។ គម្លាតរបស់ក្រុមហ៊ុនទាំងពីរនេះ នៅតែខ្ពស់ក្នុងរយៈពេល 2 ឆ្នាំកន្លងទៅនេះ ដោយក្រុមហ៊ុន Apple មានអត្រាដល់ទៅ 31.86% ខណៈពេលដែលក្រុមហ៊ុន Samsung មានអត្រា 11.52% នៅក្នុងត្រីមាសទី 4 ឆ្នាំ 2015 ។
នៅក្នុងឆ្នាំ 2015 ប្រាក់ចំណេញរបស់ក្រុមហ៊ុន Apple មានការកើនឡើងខ្លាំង ដែលមិនធ្លាប់មានពីមុនមកនៅក្នុងចំណែកទីផ្សារស្មាតហ្វូន។ យ៉ាងណាមិញ អ្វីគ្រប់យ៉ាងបានប្រែប្រួលសម្រាប់ក្រុមហ៊ុន Apple ដែលមិនធ្លាប់មានហើយវាជាលើកដំបូងបំផុតសម្រាប់ក្រុមហ៊ុន Apple នៅក្នុងរយៈពេល 15 ឆ្នាំកន្លងមកនេះ។ ការលក់របស់ទូរស័ព្ទ iPhone 7 បានធ្លាក់ចុះ 10% ដែលផ្ទុយពីការរំពឹងទុករបស់ក្រុមហ៊ុន Apple ។ ក្រុមអ្នកជំនាញបានទស្សន៍ទាយថា អត្រាប្រតិបត្តិការប្រាក់ចំណេញរបស់ក្រុមហ៊ុន Apple មានត្រឹមតែ 20% ប៉ុណ្ណោះ នៅក្នុងត្រីមាសចុងក្រោយឆ្នាំ 2016 នេះ ដែលមានន័យថា គម្លាតរបស់ក្រុមហ៊ុន Apple និងក្រុមហ៊ុន Samsung គឺវាខុសគ្នាតិចត្រឹមតែ 3% តែប៉ុណ្ណោះ៕