ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy S8 ដែលគ្រប់គ្នារំពឹងទុកថា នឹងបង្ហាញវត្តមាននៅក្នុងព្រឹតិ្តការណ៍ CES 2017 ដែលទើបនឹងបញ្ចប់ទៅថ្មីៗ គឺមិនមានឡើយហើយព័ត៌មានចចាមអារ៉ាមនៅតែចុះផ្សាយបន្តអំពីវាដដែល ហើយព័ត៌មានទាំងនោះ ហាក់មិនទាន់យកជាការបាននៅឡើយទេ ដែលអ្វីស្ថិតនៅជាអាថ៍កំបាំងនៅឡើយ។ ដោយឡែកក្នុងពេលនេះ ក៏មានរបាយការណ៍ថ្មីមួយចេញពីប្រភពប្រព័ន្ធផ្សព្វផ្សាយ The Inventor របស់កូរ៉េខាងត្បូងបានឲ្យដឹងថា Samsung នឹងប្រកាសចេញស្មាតហ្វូន Galaxy S8 នៅពាក់កណ្កាលខែ មេសា 2017 ឬក៏នៅសប្តាហ៍ទីបីក្នុងខែនេះ។
The Inventor បានបញ្ជាក់ផងដែរថា ព័ត៌មានមួយចំនួនដែលបានលេចលឺចេញពីក្រុមហ៊ុន បានបង្ហើបឲ្យដឹងថា Galaxy S8 នឹងបង្ហាញចេញជាផ្លូវការនៅថ្ងៃពុធ ទី 18 ខែមេសា ខាងមុខនេះ។ ហើយដើម្បីជាការឆ្លើយតមទៅនឹងព័ត៌មានដែលបានបែកធ្លាយនេះ លោក Cho Seo-hee អ្នកនាំពាក្យរបស់ក្រុមហ៊ុន Samsung Electronics បានថ្លែងថា “យើងមិនទាន់បញ្ជាក់ពីសេចក្តីលម្អិតណាមួយទាក់ទងនឹងថ្ងៃប្រកាសចេញស្មាតហ្វូន Galaxy S8 របស់យើងនៅឡើយទេកំឡុងពេលនេះ”។
គួររំលឹងផងដែរថា Samsung ធ្លាប់បានប្រកាសចេញ Galaxy S5 និង S6 នៅកំឡុងខែមេសា វៀលលែងតែ Galaxy S7 ដែលបានប្រកាសចេញនៅខែមិនា ក្នុងឆ្នាំ 2016។ ដូចនេះសម្រាប់ Galaxy S8 អាចនឹងវិលទៅប្រកាសចេញក្នុងខែមេសាវិញម្តងព្រោះថា Samsung ចង់ទុកពេលដើម្បីធ្វើការសាកល្បង និងត្រូតពិនិត្យពីគុណភាពប្រើប្រាស់ឲ្យបានត្រឹមត្រូវ និងមានសុវត្ថិភាពខ្ពស់មុននឹងបញ្ចេញទៅកាន់តែទីផ្សារ និងដល់ដៃអ្នកប្រើប្រាស់។ ហើយកន្លងមកមានព័ត៌មានផ្សេងៗបានចេញផ្សាយថា Samsung អាចនឹងបំបាត់រន្ធដោតកាស 3.5mm Jack និងប៊ូតុងហូមនៅលើស្មាតហ្វូនជំនាន់ទី 8 នេះ ដោយប្តូរមកប្រើនៅលើកញ្ចក់អេក្រង់ផ្ទាល់តែម្តង ដូចនេះចាំមើលថាតើ Samsung ពិតជាធ្វើបែបនេះមែន ឬអត់៕