ក្រុមហ៊ុន​ Sharp​ ត្រៀម​វិនិយោគ​ទឹកប្រាក់​ 864​ លាន​ដុល្លារ​អា​មេ​រិច​ក្នុង​ការ​ផលិត​បន្ទះ​អេ​ក្រង់​ OLED​ សម្រាប់​ទូរស័ព្ទ​ iPhone​ ស៊េរី​ថ្មី​

ចុះផ្សាយថ្ងៃទី 11 ខែ 01 ឆ្នាំ 2017 | ម៉ោង 02:14 pm

មាននៅក្នុង ព័ត៌មានក្រៅប្រទេស

​នា​ពេល​បច្ចុប្បន្ន​នេះ​ ក្រុមហ៊ុន​បច្ចេកវិទ្យា​របស់​ប្រទេស​ជប៉ុន​ Sharp​ ដែល​ជា​ក្រុមហ៊ុន​ល្បីល្បាញ​ក្នុង​ការ​ផលិត​នូវ​បន្ទះ​អេ​ក្រង់​សម្រាប់​ទូរស័ព្ទ​ និង​ទូរទស្សន៍​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​អ្នក​ផ្គត់ផ្គង់​បន្ទះ​អេ​ក្រង់​ LCD​ ដ៏​ធំ​មួយ​របស់​ក្រុមហ៊ុន​ Apple​ ។​ កាលពី​ពេល​មុន​នេះ​ វា​មាន​របាយការណ៍​ជា​ច្រើន​ដែល​បញ្ជាក់​ថា​ ក្រុមហ៊ុន​ Samsung​ នឹង​ផ្គត់ផ្គង់​នូវ​បន្ទះ​អេ​ក្រង់​ OLED​ សម្រាប់​ក្រុមហ៊ុន​ Apple​ ហើយ​ក្រុមហ៊ុន​ Sharp​ ក៏​ប្រតិកម្ម​ទៅ​លើ​រឿង​នេះ​ដែរ​។​ ក្រុមហ៊ុន​ដ៏​ធំ​មួយ​នេះ​ត្រូវ​បាន​គេ​រាយការណ៍​ថា​នឹង​ធ្វើការ​វិនិយោគ​ទឹកប្រាក់​ 100​ ពាន់​លាន​យ៉េន​ (​ប្រហែលជា​ 864​ លាន​ដុល្លារ​អា​មេ​រិច​)​ សម្រាប់​ការ​ផលិត​នូវ​បន្ទះ​ OLED​ ថ្មី​នៅ​ក្នុង​រោងចក្រ​ Foxconn​ នៅ​ឯ​ទីក្រុង​ Zhengzhou​ ។​ វា​អាច​នឹង​បញ្ចប់​រួចរាល់​នៅ​ក្នុង​ឆ្នាំ​ 2019​ ដែល​មាន​ន័យ​ថា​ក្រុមហ៊ុន​មិន​អាច​ផ្គត់ផ្គង់​បាន​ទាន់​ពេលវេលា​នោះ​ទេ​សម្រាប់​ទូរស័ព្ទ​ iPhone​ 8​ ។​

​ក្រុមហ៊ុន​ Foxconn​ និង​ក្រុមហ៊ុន​ Sharp​ គឺជា​ម្ចាស់​ភាគហ៊ុន​នៅ​ SDP​ (Sakai​ Display​ Products)​ ដែល​បាន​វិនិយោគ​ជិត​ 500​ លាន​ដុល្លារ​អា​មេ​រិច​ក្នុង​ការ​ផលិត​នូវ​បន្ទះ​អេ​ក្រង់​ OLED​ ដែល​ចាប់ផ្តើម​ប្រតិបត្តិការ​ពេញលេញ​នៅ​ក្នុង​ឆ្នាំ​ 2018​ ។​ វា​ហាក់ដូចជា​យឺត​ពេល​ហើយ​សម្រាប់​ការ​ផលិត​ទ្រង់ទ្រាយ​ធំ​សម្រាប់​ iPhone​ ស៊េរី​ថ្មី​របស់​ក្រុមហ៊ុន​ Apple​ នោះ​។​

​ការ​ប្រើប្រាស់​នូវ​អេ​ក្រង់​ OLED​ Displays​ ប្រហែលជា​ការ​ផ្លាស់​ប្តូរ​ការ​រចនា​រូបរាង​ថ្មី​របស់​ក្រុមហ៊ុន​ Apple​ ដោយ​ធ្វើការ​រចនា​ទៅ​លើ​ TouchID​ Sensor​ ការ​ប្រើប្រាស់​កាស​ស្តាប់​ និង​ការ​ប្រើប្រាស់​នូវ​កាមេរ៉ា​ស្ថិត​នៅ​ក្រោម​កញ្ចក់​អេ​ក្រង់​តែ​ម្តង​។​ ពិសេស​ជាង​នេះ​ទៀត​នោះ​ ទូរស័ព្ទ​ iPhone​ ជំនាន់​ថ្មី​នេះ​ល្បី​ថា​មាន​ស៊ុម​ព័ទ្ធ​ជុំវិញ​អេ​ក្រង់​កាន់តែ​តូច​ជាង​មុន​៕

​ 

© 2015 Electronic World Magazine (Cambodia). All rights reserved.

Follow Us