នាពេលឆាប់ៗនេះ ក្រុមហ៊ុន Nokia ដែលធ្លាប់តែមានឈ្មោះល្បីល្បាញតាំងពីយូរមកហើយនឹងបង្ហាញខ្លួនជាមួយនឹងទូរស័ព្ទស៊េរីថ្មីជាច្រើនស៊េរីដែលធ្វើឱ្យកក្រើកទីផ្សារពិភពលោកសារជាថ្មី។ ក្រុមហ៊ុន Nokia ទើបតែធ្វើការបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីដែលដំណើការប្រព័ន្ធប្រតិបត្តិការ Android ដំបូងបំផុតដែលមានឈ្មោះហៅថា Nokia 6 នៅក្នុងប្រទេសចិន ប៉ុន្តែប្រសិនបើលោកអ្នកទន្ទឹងរង់ចាំស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Nokia នោះ លោកអ្នកត្រូវរង់ចាំរហូតដល់ថ្ងៃទី 26 ខែកុម្ភៈខាងមុខនេះ។ ក្រុមហ៊ុន Nokia បានប្រកាសជាផ្លូវការនៅលើទំព័របណ្តាញសង្គម Facebook ថាក្រុមហ៊ុននឹងធ្វើការប្រកាសបង្ហាញស្មាតហ្វូនស៊េរីថ្មីនៅថ្ងៃនោះ។
ថ្ងៃ 26 ខែកុម្ភៈគឺជាពេលវេលាមួយថ្ងៃមុនព្រឹត្តិការណ៍តាំងពិពរណ៍ទូរស័ព្ទ Mobile World Congress ឆ្នាំ 2017 ដ៏ធំបំផុតលំដាប់ពិភពលោក ហើយវាគឺជាពេលវេលាមួយដែលយើងអាចនឹងមើលឃើញនូវស្មាតហ្វូនស៊េរីថ្មីជាច្រើនស៊េរីទៀតដែលនឹងត្រូវប្រកាសបង្ហាញវត្តមានពីក្រុមហ៊ុនធំៗដូចជា LG និង Samsung ជាដើម។ ជាក់ស្តែង ក្រុមហ៊ុន Nokia ហាក់ដូចជាគ្មានការព្រួយភ័យអ្វីនោះទេ ក្នុងការបង្ហាញទូរស័ព្ទស៊េរីថ្មីនៅក្នុងថ្ងៃកាលបរិច្ឆេទតែមួយនោះ។ វាមិនទាន់មានព័ត៌មានលម្អិតអំពីស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Nokia នោះទេ ប៉ុន្តែអតិថិជនជឿជាក់ថា ក្រុមហ៊ុន ពិតជានាំយកនូវផលិតផលដែលមានសមត្ថភាពខ្លាំងជាងស្មាតហ្វូន Nokia 6 ។ ក្រុមហ៊ុនធ្លាប់បានប្រកាសហើយថា ស្មាតហ្វូនស៊េរីថ្មីចំនួន 5 ទៅ 6 គ្រឿងនឹងធ្វើការប្រកាសបង្ហាញខ្លួននៅឆ្នាំនេះ ហើយវាក៏មានស្មាតហ្វូនដែលមានតម្លៃថ្លៃផងដែ។ សម្រាប់ព័ត៌មានបន្ថែមទៀត យើងត្រូវធ្វើការរង់ចាំរហូតទាល់តែព្រឹត្តិការណ៍ MWC 2017 បានមកដល់ជាមុនសិន៕