មកទល់ពេលនេះ យើងបានលឺព័ត៌មានចចាមអារ៉ាមជាច្រើន និងរបាយការណ៍ជាច្រើនផងដែរ របស់ស្មាតហ្វូនស៊េរីថ្មីចំនួន 2 ម៉ូដែលរបស់ក្រុមហ៊ុន Samsung នោះគឺ Samsung C5 Pro និង Samsung C7 Pro ។ សម្រាប់ស្មាតហ្វូនទាំងពីរស៊េរីម៉ូដែលនេះនឹងមានការពង្រឹងកាន់តែល្អប្រសើរជាងមុនបើធៀបជាមួយនឹង Galaxy C5 និង Galaxy C7 ដោយសារតែវាត្រូវបានគេជឿជាក់ថានឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 626 រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 4GB កាមេរ៉ាខាងក្រោយទំហំ 16 មេហ្គាភិចសែល និងមានទំហំអេក្រង់រៀងគ្នាគឺ 5.2 អ៊ីង និង 5.5 អ៊ីង។
ថ្មីៗនេះ ទូរស័ព្ទ Samsung Galaxy C5 Pro ទើបតែទទួលវិញ្ញាបនប័ត្រពី TENAA ហើយចំនែកទូរស័ព្ទ Galaxy C7 Pro វិញក៏បានបែកធ្លាយរូបភាពជាច្រើនសន្លឹកផងដែរដែលមើលទៅពិតជាមានភាពទាក់ទាញខ្លាំងមែនទែន ព្រោះវាបានស្រោបជាមួយនឹងលោហះធាតុពីខាងក្រៅតែម្តង។ អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងពេលនេះ រូបភាពផ្សព្វផ្សាយរបស់ទូរស័ព្ទស៊េរីថ្មីទាំងនេះ ត្រូវបានបែកធ្លាយជាមួយនឹងវត្តមានរបស់ទូរស័ព្ទ Galaxy C5 Pro និង C7 Pro ដែលនៅក្បែរនោះ ក៏មានវត្តមានរបស់ C9 Pro ដែលបានប្រកាសរួចមកហើយផងដែរ។
យើងអាចមើលឃើញ បានយ៉ាងច្បាស់ថា ទូរស័ព្ទទាំង 3 ស៊េរីនេះ មានការរចនារូបរាងស្តើងស្រោបដោយលោហះធាតុពីក្រៅ ហើយមានពណ៌ថ្មី 3 ប្លែកគ្នាយ៉ាងស្រស់ស្អាតថែមទៀត។ ទូរស័ព្ទ C9 Pro ត្រូវបានប្រកាសរួចមកហើយជាមួយនឹងពណ៌មាស និងពណ៌ផ្កាឈូកកាលពីក្នុងខែតុលា ហើយពាក្យចចាមអារ៉ាមមុននេះល្បីថា ទូរស័ព្ទនេះ នឹងមានពណ៌ខ្មៅរលោង (Jet Black) ផងដែរ។
សម្រាប់ស្មាតហ្វូនពីរស៊េរីម៉ូដែលផ្សេងទៀត ដែលស្ថិតនៅលើរូបភាពផ្សព្វផ្សាយនេះ មានពណ៌ខៀវដែលពិតជាទាក់ទាញមែនទែន។ តើប្រព័ន្ធបំពងសំឡេង Stereo នៅលើទូរស័ព្ទ Galaxy C5 Pro និង C7 Pro ដូចគ្នាទៅនឹងទូរស័ព្ទ Galaxy C9 Pro ដែរឬទេ? មកទល់ពេលនេះ យើងនៅមិនទាន់ដឹងទេថាទូរស័ព្ទស៊េរី C Pro នេះនឹងវាយលុកចូលទៅក្នុងទីផ្សាររបស់លោកខាងលិចពេលណានោះទេ ប៉ុន្តែក្តីសង្ឃឹមនេះគឺពិតជាតិចមែនទែន។ បើពិនិត្យមើលយូរៗទៅ រូបរាងលក្ខណៈរបស់វាក៏ប្រហាក់ប្រហែលទៅនឹងទូរស័ព្ទត្រកូល Galaxy A ផងដែរ៕