ចាប់តាំងពីការប្រកាសបង្ហាញនូវប្រព័ន្ធប្រតិបត្តិការ Windows 8 ក្រុមហ៊ុន Microsoft បានធ្វើការខិតខំធ្វើយ៉ាងណាសម្រាប់ឱ្យប្រព័ន្ធប្រតិបត្តិការនេះ អាចដំណើរការមានលក្ខណៈដូចគ្នា នៅលើឧបករណ៍ផលិតផលបច្ចេកវិទ្យាជាច្រើនទៀត ចាប់ពីស្មាតហ្វូនទៅកាន់ថេប្លេត កុំព្យូទ័រយួរដៃ និងកុំព្យូទ័រលើតុផងដែរ។ ក្តីសុបិន្តក្នុងការបង្កើតនូវកុំព្យូទ័រលើតុ ដែលអាចចល័ត បានយ៉ាងងាយស្រួលនោះ បានក្លាយជាជម្រើសមួយកាន់តែពិសេសថ្មីមួយទៀត ជាពិសេសចាប់តាំងពីប្រព័ន្ធប្រតិបត្តិការ Windows 10 បានទទួលការពង្រឹងបន្ថែមទៅលើផ្នែក Hardware ដែលធ្វើឱ្យសមត្ថភាពរបស់វានៅខ្លាំងដដែល បើទោះបីជារូបរាងរបស់វាតូចជាងមុនក្តី។
ដូច្នេះ ក្រុមហ៊ុនជាច្រើន ដែលក្រៅពីក្រុមហ៊ុន Microsoft បានខិតខំសម្លឹងមើលក្នុងការបង្កើតនូវ Tablet-PC Hybrid 2-in-1 ដែលមានរូបរាងតូចល្មម ដែលផ្តល់ភាពងាយស្រួលសម្រាប់លោកអ្នកក្នុងការយកតាមខ្លួន ឬការងារនៅក្នុងការិយាល័យ។ ក្រុមហ៊ុន Dell ពេលនេះ បានប្រកាសនូវឧបករណ៍បច្ចេកវិទ្យា Hybrid ស៊េរីថ្មីដែលជាដៃគូប្រកួតប្រជែងពិតៗជាមួយនឹងឧបករណ៍ Surface Pro 4 របស់ក្រុមហ៊ុន Microsoft ។
Dell Latitude 5285 គឺជាថេប្លេតអេក្រង់ 12.3 អ៊ីងដែលអាចប្រើប្រាស់ប៊ិកបាន (យើងមិនទាន់ដឹងថាវាភ្ជាប់មកស្រាប់ជាមួយនឹងប៊ិក ឬទិញថែមនោះទេ) ដែលអាចធ្វើការប្រែក្លាយខ្លួនជាកុំព្យូទ័រយួរដៃបានតាមរយៈការបន្ថែមនូវ Keyboard ។ អេក្រង់របស់វាទ្រទ្រង់នូវកម្រិតភាពច្បាស់ 1080x1920 ភិចសែល និងប្រើប្រាស់នូវអង្គប្រតិបត្តិការ Intel Core (Kaby Lake) ជំនាន់ទី 7 Dual-Core ។ ថេប្លេតនេះ មានរ៉េមផ្ទុកទិន្នន័យច្រើនជម្រើសគឺ 4GB, 8GB ឬ 16GB និងថាសរឹងទំហំ 256GB, 512GB, 1TB ប្រភេទ SSD ថែមទៀតផង។
សម្រាប់ថេប្លេតស៊េរីថ្មីនេះ មានភ្ជាប់ជាមួយនឹងផតជាច្រើនដូចជា USB Type-C (ចំនួន 2) USB 3.0 (ចំនួន 1) MicroSD Card Reader (ចំនួន 1) និង SIM Card Slot (ចំនួន 1) សម្រាប់ម៉ូដែល LTE ។ ក្រុមហ៊ុន Dell តែងតែផ្តោតសំខាន់ទៅលើប្រព័ន្ធសុវត្ថិភាពជានិច្ចពិសេសសម្រាប់ថេប្លេត Latitude 5285 ថែមទាំងភ្ជាប់មកជាមួយនឹង IR កាមេរ៉ាសម្រាប់ការផ្ទៀងផ្ទាត់ជាមួយនឹង Windows Hello ប្រព័ន្ធស្កែនក្រយ៉ៅដៃ ប្រព័ន្ធ Contactless Smart Card Reader និងប្រព័ន្ធ Contact FIPS 201 Smart Card Reader ផងដែរ។
ថេប្លេត Dell Latitude 5285 នឹងដាក់លក់នៅចុងខែនេះ ជាមួយនឹងតម្លៃចាប់ផ្តើម 899 ដុល្លារអាមេរិច ប៉ុន្តែយើងនៅមិនទាន់ច្បាស់នោះទេ អំពីតម្លៃផ្សេងៗរបស់វា។ ចំនែក Keyboard ដែលប្រើប្រាស់ភ្ជាប់ទៅកាន់ថេប្លេតមួយនេះ ក៏នៅមិនទាន់បានដឹងពីតម្លៃជាក់លក់របស់វាផងដែរ៕ នឹងមានលក់ឆាប់ៗនៅកម្ពុជា!