ថ្មីៗនេះ ក្រុមហ៊ុន Sony Mobile បានបង្ហើបអោយដឹងថា ក្រុមហ៊ុន មានគម្រោងក្នុងការរក្សាទុកនូវរន្ធដោតកាស 3.5mm Headphone ទុកនៅដដែលសម្រាប់ស្មាតហ្វូននាពេលខាងមុខរបស់ខ្លួន។ ក្រុមហ៊ុន Sony បានអះអាងរឿងនេះ នៅក្នុងសន្និសីទកាសែតមួយ ដែលបានធ្វើឡើងនៅក្នុងខែធ្នូនៅប្រទេសជប៉ុន ដោយក្រុមហ៊ុនបានបញ្ជាក់ថា ក្រុមហ៊ុន នៅតែបន្តសកម្មភាពក្នុងការពង្រឹងទៅលើប្រព័ន្ធសំឡេងជាមួយនឹងផលិតផលបច្ចេកវិទ្យា High-Res Audio និងសេវាកម្មរបស់ខ្លួន។
សំណួរជាច្រើនដែលបានសាកសួរពាក់ព័ន្ធជាមួយនឹងស្មាតហ្វូននៅពេលអនាគតទៅនឹងបញ្ហារន្ធដោតកាស 3.5 mm Port ប្រហែលជាអាចដកចេញបន្ទាប់ពីគេមើលឃើញថាទូរស័ព្ទ iPhone 7 របស់ក្រុមហ៊ុន Apple ដែលបានចេញលក់តាំងពីខែកញ្ញាមកនោះ គ្មានរន្ធដោតកាសនោះទេ។ ការដកចេញនូវរន្ធដោតកាស 3.5 mm Headphone Port អនុញ្ញាតឱ្យក្រុមហ៊ុនបច្ចេកវិទ្យាទូរស័ព្ទជាច្រើនអាចរក្សានូវចន្លោះនៅក្នុងទូរស័ព្ទស៊េរីថ្មីរបស់ពួកគេ (រន្ធសម្រាប់ប្រើប្រាស់ USB Type-C អាចប្រើប្រាស់សម្រាប់ដោតកាសស្តាប់បាន) និងជាពិសេសធ្វើឱ្យស្មាតហ្វូនរបស់ពួកគេកាន់តែស្តើង ហើយអាចដាក់ថ្មបានទំហំធំថែមទៀតផង។ វាក៏ត្រូវបានគេលើកឡើងថា ការប្រើប្រាស់នូវ Connector ដូចជា USB Type-C ឬ Lightning Port អាចពង្រឹងគុណភាពសំឡេងកាន់តែប្រសើរថែមទៀតផង។
បច្ចេកវិទ្យាគុណភាពសំឡេងរបស់ក្រុមហ៊ុន Sony ដែលបានប្រើប្រាស់នៅលើស្មាតហ្វូនជាច្រើននោះ ទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញជាច្រើនទសវត្សកន្លងមកហើយ ជាពិសេសក្រុមហ៊ុនបច្ចេកវិទ្យារបស់ជប៉ុនមួយនេះ នឹងបន្តជំហានក្នុងការលើកកម្ពស់កេរ្តិ៍ឈ្មោះ នៃគុណភាពសំឡេងរបស់ផលិតផលបច្ចេកវិទ្យារបស់ខ្លួនផងដែរ។ នៅពេលដែលក្រុមហ៊ុន Apple បានបោះបង់ចោលនូវការប្រើប្រាស់រន្ធដោតកាស 3.5mm វាពិតជាគួរឱ្យចាប់អារម្មណ៍មែនទែន អំពីការវិវត្តន៍ខ្លួនជាបន្តទៀតនៅលើទីផ្សារ។ ក្រុមហ៊ុន Sony នៅតែរក្សានូវរន្ធដោតកាសស្តាប់ Headphone Port ដដែល ប៉ុន្តែយើងមិនទាន់ដឹងថា តើការសម្រេចចិត្តនេះ មានរយៈពេលប៉ុន្មានឆ្នាំនោះទេ។ តើលោកអ្នកមានគំនិតយោបល់អ្វីទេពាក់ព័ន្ធជាមួយនឹងរន្ធដោតកាស3.5 mm Headphone នេះ?