ពេលនេះ ក្រុមហ៊ុន Acer បានបញ្ចេញនូវកុំព្យូទ័រយួរដៃសម្រាប់លេងហ្គេម ដែលមានតម្លៃថ្លៃជាងគេបំផុតនៅលើទីផ្សារហើយ។ កុំព្យូទ័រយួរដៃ Predator 21X ដែលបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ IFA 2016 កាលពីខែកញ្ញាឆ្នាំមុននេះនឹងដាក់លក់នៅក្នុងខែកុម្ភៈខាងមុខនេះតាមរយៈ Newegg ជាមួយនឹងតម្លៃដល់ទៅ 8999 ដុល្លារអាមេរិចដែលវាមានតម្លៃថ្លៃជាងកុំព្យូទ័រ Notebook សម្រាប់លេងហ្គេមធម្មតាដល់ទៅជាង 4000 ដុល្លារអាមេរិច ចំនែកសម្រាប់តម្លៃដែលដាក់លក់នៅអ៊ឺរ៉ុបវិញគឺ 9999 អ៊ឺរ៉ូ។
ដូច្នេះ តើកុំព្យូទ័រលេងហ្គេមដែលមានតម្លៃ 9000 ដុល្លារនេះអាចធ្វើអ្វីបានខ្លះសម្រាប់លោកអ្នក? កុំព្យូទ័រនេះប្រើប្រាស់នូវ Hardware ដែលមានសមត្ថភាពខ្លាំងលើសគេនៅលើ Board រួមជាមួយនឹងអេក្រង់កោងកម្រិត Ultrawide Display ទំហំ 21 អ៊ីងដែលទ្រទ្រង់នូវកម្រិតភាពច្បាស់ 2560 x 1080 ភិចសែលជាមួយនឹងល្បឿន Refresh Rate ដល់ទៅ 120GHz ។ ក្រុមហ៊ុន Acer មានមោទនភាពក្នុងការហៅផលិតផលថ្មីរបស់ខ្លួននេះថាជាកុំព្យូទ័រយួរដៃលេងហ្គេមដំបូងបំផុតដែលមានអេក្រង់កោង ហើយសម្រាប់ម៉ាស៊ីនដែលមានទម្ងន់ 8 គីឡូក្រាមក៏មិនទាន់ជាម៉ាស៊ីនដែលអាចចល័តតាមខ្លួនបានដែរ។
កុំព្យូទ័រ Predator 21X នេះប្រើប្រាស់នូវបន្ទះឈីប Intel Kaby Lake Core i7-7820HK និងប្រើប្រាស់នូវក្រាហ្វិកកាត Nvidia GeForce GTX 1080 GPUs ចំនួន 2 គ្រាប់នៅក្នុង SLI ដែលក្រាហ្វិកនីមួយៗមានម៉េមូរី GDDR5X ទំហំ 8 GB ។ វាក៏មានម៉េមូរី DDR4-2400 ដែលមានទំហំ 64GB ហើយថែមទាំងអាចប្រើប្រាស់នូវ SSDs 512GB ចំនួន 4 គ្រាប់ដាក់នៅលើ NVMe PCle Bus ទាំងពីរនៃម៉ាស៊ីននេះ។ ក្រុមហ៊ុន Acer បានប្រើប្រាស់នូវថាសរឹង Hard Drive ទំហំ 1TB និងបណ្តាញ Killer DoubleShot Pro ផងដែរ។
ក្រុមហ៊ុន Acer បានរៀបចំក្នុងការដាក់ទំហំ Keyboard ឱ្យវាមានភាពសក្តិសមជាមួយនឹង Cherry MX Brown Keyswitches ដោយសារតែកុំព្យូទ័រយួរដៃនេះ មានទំហំធំ។ គ្រាប់ Key នីមួយៗប្រើប្រាស់នូវភ្លើង RGB LED Backlighting រួមជាមួយនឹង Trackpad ដ៏ស្រស់ស្អាត។ វាប្រើប្រាស់នូវ Tobii Eye Tracking សម្រាប់ទ្រទ្រង់នូវការប្រើប្រាស់ Windows Hello និងមានប្រព័ន្ធបំពងសំឡេង Speakers ចំនួន 6 នៅក្នុងម៉ាស៊ីនមួយនេះ។ ជាមួយនឹងម៉ាស៊ីន ដែលមានតម្លៃខ្ពស់បែបនេះ ក្រុមហ៊ុន Acer ប្រហែលជាមិនផលិតច្រើននោះទេ ប៉ុន្តែប្រសិនបើលោកអ្នកចាប់អារម្មណ៍ជាមួយនឹងកុំព្យូទ័រលេងហ្គេមអាចចល័ត បានងាយស្រួល Predator 21X នេះ លោកអ្នកអាចរកទិញវាបាននៅក្នុងហាងជាច្រើនចាប់ពីខែកុម្ភៈខាងមុខនេះតទៅ។
ប្រសិនបើលោកអ្នកចង់បាននូវកុំព្យូទ័រលេងហ្គេម ដែលមានតម្លៃថោកជាងនេះ ក្រុមហ៊ុន Acer ក៏មានស៊េរីម៉ូដែលមួយទៀតគឺ Predator 17 X ដែលប្រើប្រាស់នូវបន្ទះឈីបថ្មី និងក្រាហ្វិកកាតដាច់ផងដែរ។ លោកអ្នក នឹងទទួលបាននូវបន្ទះឈីប Intel Core i7-7820HK និង GeForce GTX 1080 ដែលបង្កើនល្បឿនប្រើប្រាស់នៃម៉ាស៊ីនទាំងមូល (CPU កើនល្បឿនដល់ទៅ 4.3GHz ចំនែក GPU កើនល្បឿនដល់ទៅ 1732MHz) ។ កុំព្យូទ័រនេះមានអេក្រង់ទំហំ 17.3 អ៊ីងទ្រទ្រង់នូវកម្រិតភាពច្បាស់ 1080p G Sync ឬ 4K IPS ។ កុំព្យូទ័រលេងហ្គេម Predator 17X នឹងដាក់លក់នៅក្នុងខែមករានេះជាមួយនឹងតម្លៃ 2599 ដុល្លារអាមេរិច( ឬ2999 អ៊ឺរ៉ុនៅក្នុងទ្វីបអ៊ឺរ៉ុប)៕