ក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសហ្វាំងឡង់ HMD Global កំពុងតែផលិតនូវស្មាតហ្វូនម៉ាកយីហោ Nokia ជាច្រើនស៊េរីសម្រាប់ដាក់លក់នៅក្នុងទីផ្សារ ប៉ុន្តែយើងបានដឹងព័ត៌មានអំពីស្មាតហ្វូនទាំងនោះ តែប៉ុន្មានស៊េរីប៉ុណ្ណោះ។ របាយការណ៍ជាច្រើនដែលបានចុះផ្សាយចុងក្រោយនេះ បានបញ្ជាក់ថា វានឹងមានស្មាតហ្វូនម៉ាកយីហោ Nokia ប្រមាណជា 6 ឬ 7 ស៊េរី ដែលនឹងបង្ហាញខ្លួនសម្រាប់ប្រកួតប្រជែងនៅលើទីផ្សារនៅក្នុងឆ្នាំ 2017 នេះ។ ទូរស័ព្ទ 2 ស៊េរី នៅក្នុងចំណោមម៉ូដែលជាច្រើនត្រូវបានគេដឹងថានឹងមានឈ្មោះថា Nokia D1 (ឬ D1C) និង Nokia E1 ។ ទូរស័ព្ទ Nokia D1 ជាទូរស័ព្ទថ្នាក់កណ្តាលដែលយើងធ្លាប់បាននិយាយអំពីលក្ខណៈសម្បត្តិរបស់វាជាច្រើនដងមកហើយ។ ចំនែក ទូរស័ព្ទ E1 វិញជាទូរស័ព្ទស៊េរីថ្មី ដែលយើងទើបតែបានទទួលព័ត៌មានរបស់វាប៉ុណ្ណោះ។
របាយការណ៍ថ្មីមួយបាននិយាយអំពីលក្ខណៈសម្បត្តិរបស់ទូរស័ព្ទ Nokia E1 គឺជាទូរស័ព្ទមួយដែលមានតម្លៃថោកជាងគេបំផុតក្នុងចំណោមទូរស័ព្ទទាំងអស់ដែលក្រុមហ៊ុន HMD Global ផលិតនៅក្នុងឆ្នាំ 2017 នេះ។ ប្រសិនបើលោកអ្នកជឿជាក់ទៅលើពាក្យចចាមអារ៉ាមលើកមុននេះ ទូរស័ព្ទ Nokia E1 ប្រហែលជាមានតម្លៃដាក់លក់ត្រឹមតែ 150 ដុល្លារអាមេរិចប៉ុណ្ណោះ។ទូរស័ព្ទនេះ ត្រូវបានគេដឹងថា នឹងមានអេក្រង់ប្រហែលជា 5.2 អ៊ីង ឬ 5.3 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ HD (720p) រួមជាមួយនឹងបន្ទះឈីប Qualcomm Snapdragon 425 Quad-Core ដែលមានល្បឿន 1.4GHz ក្រាហ្វិកកាតប្រភេទ Adreno 308 និងរ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 2GB ថែមទៀតផង។
ទូរស័ព្ទ Nokia E1 នឹងបំពាក់នូវម៉េមូរីក្នុងម៉ាស៊ីនទំហំ 16GB កាមេរ៉ាខាងក្រោយទំហំ 13 មេហ្គាភិចសែល កាមេរ៉ាខាងមុខទំហំ 5 មេហ្គាភិចសែលសម្រាប់ធ្វើការថតរូប Selfies និងវីដេអូខលបានយ៉ាងស្រស់ស្អាត ហើយជាពិសេសទូរស័ព្ទនេះប្រហែលជាដំណើរការប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat រួចជាស្រេច។ ចាប់តាំងពីក្រុមហ៊ុន HMD បានបញ្ជាក់ថា ក្រុមហ៊ុននឹងផ្តល់នូវព័ត៌មានបន្ថែមទៀតអំពីស្មាតហ្វូនស៊េរីថ្មីជាច្រើនរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ MWC 2017 យើង រំពឹងថាទូរស័ព្ទទាំង 2 ស៊េរីម៉ូដែលគឺ Nokia D1 និង Nokia E1 ពិតជាបង្ហាញខ្លួននៅក្នុងខែកុម្ភៈពិតមែន៕