នៅព្រឹកនេះ រូបភាពជាច្រើនសន្លឹករបស់ទូរស័ព្ទស៊េរីថ្មី Samsung Galaxy S8 ផ្នែកខាងមុខ ត្រូវបានបែកធ្លាយដោយបុរសម្នាក់ ដែលមានឈ្មោះថា Veniamin Geskin ។ រូបភាពទាំងនេះ បានបង្ហាញអំពីទូរស័ព្ទ Samsung Galaxy S8 ដែលមានភាពទាក់ទាញស្រស់ស្អាត ហើយប៊ូតុង Home ដែលតែងតែស្ថិតនៅផ្នែកខាងមុខនៃទូរស័ព្ទនេះគឺលែងមានតទៅទៀតហើយ។ ទូរស័ព្ទស៊េរីថ្មីនេះ ប្រហែលជាមានអេក្រង់គែមកោងពីរនៅផ្នែកសងខាងរបស់វា ដែលមិនដូចរូបរាងរបស់ទូរស័ព្ទ Samsung Galaxy Edge កាលពីមុននោះទេ។
រឿងមួយដែលយើងសង្ស័យអំពីរូបភាពទាំងនោះ គឺថាតើអាចទេ ដែលបុរសម្នាក់នេះធ្វើការបង្កើតនូវរូបភាព Renders ដោយខ្លួនឯងនោះ? វាពិតជាអាចទៅរួចដែលបុរសម្នាក់នេះធ្វើការគូសព្រាងនូវរូបរាងរបស់ទូរស័ព្ទនេះបន្ទាប់មកធ្វើការបង្កើតនូវរូបភាព Renders ថ្មីហើយបង្ហោះរូបភាពទាំងនេះចូលទៅកាន់បណ្តាញសង្គម Twitter ប៉ុន្តែរូបភាពទាំងនេះ គឺស្ថិតនៅក្នុងទម្រង់ក្រៅផ្លូវការនៅឡើយនោះទេ។ ទូរស័ព្ទដែលបុរសម្នាក់នេះ បានបង្ហាញពិតជាមើលទៅស្រស់ស្អាត និងទាក់ទាញបំផុត។
លោក Geskin ប្រហែលជាពិនិត្យមើលតាមដានមើលបានយ៉ាងល្អិតល្អន់រហូតបង្កើតនូវរូបភាព Renders ដែលមើលទៅហាក់ដូចជាផលិតផលពិតរបស់ក្រុមហ៊ុន Samsung ពិតប្រាកដមែន។ បើពិនិត្យមើលទៅលើរូបភាព Renders នេះយើងអាចមើលឃើញកាន់តែច្បាស់ថារូបភាពនេះប្រហែលជារូបរាងពិតប្រាកដរបស់ Galaxy S8 មែន។ សម្រាប់ព័ត៌មានលម្អិតរបស់ទូរស័ព្ទនេះលោកអ្នកអាចតាមដានមើលអំពីពាក្យចចាមអារ៉ាមជាច្រើនដែលបានបែកធ្លាយតាំងពីពេលមុនមក។
ទូរស័ព្ទនេះ ហាក់ដូចជាមានលក្ខណៈសម្បត្តិ ដូចទៅនឹងពាក្យចចាមអារ៉ាមដែល បានទម្លាយកាលពីពេលមុនរបស់ទូរស័ព្ទ Samsung Galaxy S8 ហើយគែមខាងឆ្វេង និងគែមខាងស្តាំរបស់អេក្រង់ពិតជាធំមែនទែន។ ស្មាតហ្វូនស៊េរីថ្មីនេះ នឹងប្រើប្រាស់នូវអេក្រង់ប្រភេទ Edge-to-Edge Display ដូចទៅនឹងទូរស័ព្ទ Galaxy Edge ជំនាន់មុនផងដែរ ប៉ុន្តែគ្រាន់តែគែមកោងរបស់វា គឺស្ទើរតែពេញអេក្រង់ទាំងផ្នែកខាងលើ និងផ្នែកខាងក្រោមផងដែរ។ អេក្រង់របស់ទូរស័ព្ទនេះ កាន់តែធំផ្នែកខាងលើ និងផ្នែកខាងក្រោមដែលមានទំហំខាងមុខធំជាងទូរស័ព្ទជំនាន់មុនៗ។
ទូស័ព្ទនេះ នឹងមានរូបរាងកាន់តែស្តើង ហើយពិតជាស្តើងជាងទូរស័ព្ទ Galaxy S7 ។ បើពិនិត្យតាមរូបរាងរបស់ទូរស័ព្ទនេះ វានៅមិនទាន់អាចហៅថាជាទូរស័ព្ទរឹងម៉ាំខ្លាំងនោះទេ។ បើតាមប្រភពព័ត៌មានមុនៗដែលយើងបានដឹងអំពីទូរស័ព្ទ Galaxy Edge នោះ វាគឺច្បាស់ណាស់ដែលថាទូរស័ព្ទនេះពិតជាងាយស្រួលក្នុងការជុសជុលជាងមុន។ យើងនឹងបានមើលឃើញនូវរូបភាពរបស់ទូរស័ព្ទនេះកាន់តែច្រើនថែមទៀត ហើយយើងពិតជាដឹងថាទូរស័ព្ទ Galaxy S8 នេះពិតឬមិនពិតនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខទៀត។ ក្រុមហ៊ុន Samsung នៅមិនទាន់បានប្រកាសអំពីព្រឹត្តិការណ៍ផ្លូវការនៃកម្មវិធី The Next Galaxy របស់គេនៅឡើយទេ ប៉ុន្តែយើងប្រហែលជាអាចដងនៅក្នុងពេលឆាប់ៗខាងមុខនេះ៕