រហូតមកដល់ម៉ោងនេះ Nokia 6 កំពុងតែមានសន្ទុះការគាំទ្រយ៉ាងខ្លាំង បន្ទាប់ពីក្រុមហ៊ុន HMD Global បានចាប់ផ្តើមប្រកាសអោយមានការចុះឈ្មោះជាវជាមុន។ នៅថ្ងៃអង្គារនេះ ចំនួនអ្នកកក់ស្មាតហ្វូន Nokia 6 ត្រូវបានគេរាយការណ៍ថា មានការកើនឡើងរហូតទៅដល់ 1 លាននាក់ហើយ។ ស្មាតហ្វូន Nokia 6 ត្រូវបានក្រុមហ៊ុនប្រកាសថា នឹងដាក់លក់ជាលើកដំបូងនៅក្នុងតម្លៃពិសេស (Flash Sale) នៅថ្ងៃទី 19 ខែមករាខាងមុខនេះ តាមរយៈគេហទំព័រ JD.com នៅក្នុងប្រទេសចិន។
សូមបញ្ជាក់ថា ទូរស័ព្ទ Nokia 6 គឺស្មាតហ្វូនថ្មីមួយដែលមានលក្ខណៈសម្បត្តិគួរឱ្យទាក់ទាញ មានសមត្ថភាព អាចប្រកួតប្រជែង បានជាមួយនឹងស្មាតហ្វូនថ្នាក់កណ្តាល ជាច្រើនដែលមានវត្តមាននៅលើទីផ្សារនាពេលបច្ចុប្បន្ននេះ។ តម្លៃរបស់ទូរស័ព្ទ Nokia 6 គឺ 245 ដុល្លា។ ស្មាតហ្វូន Nokia 6 មានអេក្រង់ទំហំ 5.5 អ៊ីងកម្រិត Full HD និងមានកញ្ចក់ប្រភេទ 2.5D Gorilla Glass នៅពីខាងលើផងដែរ។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 430 SoC រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ។ Nokia 6 ប្រើប្រាស់ស៊ីមពីរ ហើយមានថ្មថាមពលខ្លាំងដល់ទៅ 3000 mAh (ប្រភេទថ្មជាប់ម៉ាស៊ីន) ថែមទៀតផង។ សម្រាប់ផ្នែកកាមេរ៉ាខាងក្រោយវិញ Nokia 6 ប្រើប្រាស់នូវសែនស័រទំហំដល់ទៅ 16 មេហ្គាភិចសែលភ្ជាប់ជាមួយនឹង f/2.0 Aperture មុខងារ Phase Detection Auto Focus និងភ្លើង Flash ភ្លោះ ហើយកាមេរ៉ាខាងមុខរបស់ទូរស័ព្ទនេះវិញមានទំហំ 8 មេហ្គាភិចសែលភ្ជាប់ជាមួយនឹងf/2.0 Aperture ផងដែរ។
ទូរស័ព្ទ Nokia 6 គឺជាជាម៉ូដែលដំបូងបំផុតក្រោមការគ្រប់គ្រង និងចែកចាយដោយក្រុមហ៊ុន HMD Global ដើម្បីជាសាកល្បងនៅក្នុងទីផ្សាររបស់ប្រទេសចិន ជាមុនសិន មុនពេលដែលក្រុមហ៊ុននេះ ចាប់ផ្តើមបន្តបញ្ចេញនូវស្មាតហ្វូនជាច្រើនស៊េរីទៀតទៅកាន់ពិភពលោកទាំងមូល។ បើក្រឡេកមើលទៅកាន់ទិន្នន័យនៃការចុះឈ្មោះចាប់អារម្មណ៍ចង់ទិញ ក្រុមហ៊ុន HMD Global ពិតជាសប្បាយចិត្តនឹងលទ្ធផលនេះ ហើយក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ នឹងបង្ហាញនូវស្មាតហ្វូនម៉ូដែល Nokia Android ជាច្រើនស៊េរីទៀតនៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ MWC 2017 ដែលធ្វើឡើងនៅថ្ងៃទី 26 ខែកុម្ភៈខាងមុខនេះជាក់ជាមិនខាន៕