ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងទាំងពីរគឺ LG និង Samsung បានត្រៀមខ្លួនក្នុងអភិវឌ្ឍន៍បច្ចេកវិទ្យាអេក្រង់ដែលអាចបត់បានក្នុងចង្វាក់ផលិតផលរបស់ខ្លួននៅពេលអនាគត។ប៉ុន្តែគេមិនទាន់ដឹងច្បាស់នៅឡើយទេថាតើឧបករណ៍ទាំងនេះវានឹងលេចចេញរូបរាងពិតប្រាកដនៅពេលណា។ មានព័ត៌មានចចាមអារ៉ាមជាច្រើនបានចាប់អារម្មណ៍ចុះផ្សាយអំពីស្មាតហ្វូនដែលបំពាក់អេក្រង់បត់បានដូចក្រដាស់នេះ ហើយក៏បានប៉ាន់ស្មានថាពួកវានឹងបង្ហាញវត្តមានលើទីផ្សារនៅឆ្នាំ 2018។ សម្រាប់ក្រុមហ៊ុន Samsung គឺទទួលបានប៉ាតង់ផលិតស្មាតហ្វូនប្រើប្រាស់កញ្ចក់អេក្រង់បត់នេះជាសកលរួចរាល់ មានព័ត៌មានលេចលឺមកថាក្រុមហ៊ុនបាននឹងកំពុងធ្វើតេស្តបច្ចេកវិទ្យាអេក្រង់ប្រភេទនេះថែមទៀតផង។
ដោយឡែកសម្រាប់ក្រុមហ៊ុន LG វិញទើបតែបានរៀបចំឯកសារដាក់ទៅស្ថាប័នពាក់ព័ន្ធនានាដើម្បីទទួលបានកម្មសិទ្ធិបញ្ញា ឬប៉ាតង់ក្នុងការផលិតស្មាតហ្វូនអេក្រង់បត់ដើម្បីធ្វើការប្រគូតប្រជែងនៅពេលអនាគត។ យោងតាមរូបភាពគំរូស្មាតហ្វូនអេក្រង់បត់របស់ LG មើលទៅពិតជាមានភាពទាក់ទាញមែនទែន។ រូបភាពនេះស្តែងឲ្យឃើញថាស្មាតហ្វូនដែលនឹងមានអេក្រង់បត់នៅពេលអនាគតរបស់ LG គឺជាការរួមបញ្ចូលគ្នារវាងស្មាតហ្វូន និងថេបប្លែត។ ដោយនៅពេលលាតសន្ធឹងអេក្រង់វានឹងប្រែក្លាយទៅជាថេបប្លែត ហើយនៅពេលបត់អេក្រង់វានឹងក្លាយទៅជាទូរស័ព្ទស្មាតហ្វូនដែលបានអេក្រង់មុខក្រោយ។
ម្យ៉ាងវិញទៀតនៅពេលបត់អេក្រង់ចូលគ្នានៅចំផ្នត់កណ្តាលនឹងលេចចេញនៅមុខងារបញ្ជាចាក់បទចម្រៀង ឬក៏សម្រាប់បង្ហាញសារកំនត់ចំនាំផ្សេងៗ (Notification bar) ដែលមានលក្ខណះស្រដៀងនឹងអេក្រង់ Edge របស់ស្មាតហ្វូន Samsung Galaxy Edge ដែរ។ ចំពោះនៅផ្នែកខាងក្រោយផ្នែកម្ខាងនៃកញ្ចក់អេក្រង់ស្ថិតនៅខាងស្តាំមានបង្កប់នូវកាមេរ៉ា អំពូល LED Flash, ទ្រនាប់ស្កែនម្រាមដៃ, ប៊ូតុងបិទបើក-ចាក់សោរ និងប៊ូតុងឡើងចុះសំឡេងទូរស័ព្ទដែល LG បានប្រើនៅលើស្មាតហ្វូនរបស់ខ្លួនអស់រយះពេលជាច្រើនឆ្នាំមកហើយ។ ក្នុង ពេលនេះយើងមិនមានព័ត៌មានច្រើននោះទេទាក់ទងនឹងឧបករណ៍របស់ LG មួយនេះ ហើយសម្រាប់កាលបរិច្ឆេទក្នុងការប្រកាសចេញនៅលើទីផ្សារមិនមានព័ត៌មានផងដែរ ប៉ុន្តែ បើតាមរយះគំរូនៃឧបករណ៍មួយនេះវាពិតជាធ្វើឲ្យយើងចាប់អារម្មណ៍ខ្លាំងមែនទែន ហើយនិងចង់ឃើញវាលេចចេញជារូបរាងពិតប្រាកដនៅលើទីផ្សារនៅថ្ងៃណាមួយក្នុងពេលឆាប់ៗនេះថែមទៀតផង៕