ស្មាតហ្វូនដែលមានអេក្រង់ធំៗបានរីកសាយភាយនៅលើទីផ្សារកាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ព្រោះទូរស័ព្ទស្មាតហ្វូនដែលមានអេក្រង់ធំផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់ដូចជាការទស្សនាវីដេអូ ខ្សែភាពយន្ត លេងហ្គេម បើកមើលវ៉ិបសាយ និងអានព័ត៌មានជាដើម្បី ហេតុផលទាំងអស់នេះហើយទើបធ្វើឲ្យពិភពទូរស័ព្ទប្រភេទហ្វាប់ប្លែតទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើង។ Samsung ចាត់ទុកថាជាក្រុមហ៊ុនទូរស័ព្ទដំបូងគេបំផុតក្នុងលោកដែលបានបោះជំហានក្នុងការផលិតស្មាតហ្វូនដែលមានអេក្រង់ធំ ហើយស្មាតហ្វូនអេក្រង់ធំដំបូងរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះគឺស្រឡាយ Galaxy Note ហើយក៏ជាស្រឡាយដែលជួយឲ្យក្រុមហ៊ុនយក្សមួយនេះក្លាយជាក្រុមហ៊ុនកំពូលក្នុងទីផ្សារស្មាតហ្វូនពិភពលោកផងដែរ។
Samsung យល់ច្បាស់ពីតម្រូវការនៃអ្នកប្រើប្រាស់ដែលចង់បានទូរស័ព្ទស្មាតហ្វូនដែលមានអេក្រង់ទំហំធំ។ ហើយក្នុងពេលថ្មីៗក្រុមហ៊ុន Samsung បានសំឡឹងឃើញថាក្នុងទីផ្សារប្រទេសឥណ្ឌាគឺជាទីផ្សារមួយដែលមានអ្នកប្រើប្រាស់ចូលចិត្តស្មាតហ្វូនដែលបំពាក់អេក្រង់ធំ ម្ល៉ោះហើយ Samsung ក៏ចាប់ផ្តើមវាយលុកទីផ្សារមួយនេះជាមួយស្មាតហ្វូនដែលមានអេក្រង់ធំរបស់ខ្លួន។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានលោក Manu Sharma អគ្គនាយករងក្រុមហ៊ុន Samsung ប្រចាំប្រទេសឥណ្ឌាបានមានប្រសាសន៍ថា “នេះជាពេលវេលាដែលយើងចាប់ផ្តើមក្នុងការផ្តោតយកចិត្តទុកដាក់កាន់តែខ្លាំងទៅលើការផលិត និងចែកចាយស្មាតហ្វូនដែលមានអេក្រង់ធំចាប់ពី 5.5” ឬធំជាងនេះនៅក្នុងទីផ្សារប្រទេសឥណ្ឌា”។ អស់ពេលជាយូរយាណាស់មកហើយដែល Samsung បានចាប់ផ្តើមបេសកកម្មរបស់ខ្លួនជាមួយស្មាតហ្វូនដែលមានអេក្រង់ធំក្នុងប្រទេសមួយនេះ ហើយកាលពីពេលថ្មីៗនេះ Samsung ក៏ទើបតែបានប្រកាសចេញស្មាតហ្វូន Galaxy C9 Pro ដែលមានអេក្រង់ទំហំ 6.0”ក្នុងទីផ្សារប្រទេសមួយនេះផងដែរ។
លោក Sharma បានបន្តទៀតថាលោកអ្នកនឹងបានឃើញឧបករណ៍ដែលមានអេក្រង់ធំជាច្រើនទៀតដែលនឹងបង្ហាញវត្តមានដើម្បីវាយលុកទីផ្សារក្នុងពេលអនាគត។ Samsung គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនដ៏សំខាន់មួយសម្រាប់ទីផ្សារស្មាតហ្វូនក្នុងប្រទេសឥណ្ឌា ហើយក៏ជាដៃគូប្រជែងដ៏ខ្លាំងក្លាបំផុតជាមួយក្រុមហ៊ុន Lenovo, Xiaomi, OnePlus និងក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិនផ្សេងៗទៀត៕