វាពិតជាគ្មានអាថ៌កំបាំងទៀតនោះទេដែលថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung ចង់ប្រើប្រាស់នូវជំនួយការឆ្លាតវៃ AI ដែលមានសម្ថភាពខ្លាំងនោះ។ បន្ទាប់ពីក្រុមហ៊ុន Samsung បានទិញយកក្រុមហ៊ុន Viv Labs ដែលជាអ្នកបង្កើតនូវកម្មវិធី Sir ដំបូងបំផុតសម្រាប់ក្រុមហ៊ុន Apple នោះ Viv Labs ប្រហែលជាអ្នកបង្កើតនូវជំនួយការឆ្លាតវៃថ្មីមួយទៀតដែលមានឈ្មោះថា Bixby សម្រាប់ប្រើប្រាស់នៅលើទូរស័ព្ទ Samsung Galaxy S8 ដែលប្រហែលជាប្រកាសបង្ហាញខ្លួននៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ នៅពេលដែលជំនួយការឆ្លាតវៃ Bixby ប្រកាសបង្ហាញខ្លួននោះ វាប្រហែលជាមានសមត្ថភាពខ្លាំងលើសពីជំនួយការឆ្លាតវៃនាៗដោយសារតែ Bixby អាចធ្វើការសម្គាល់ទៅលើវត្ថុជាច្រើន និងអត្ថបទបានថែមទៀតតាមរយៈការប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ា។
បើយោងទៅតាមការបែកធ្លាយមួយបានបញ្ជាក់ថា កាមេរ៉ា ដែលក្រុមហ៊ុន Samsung ដាក់ប្រើប្រាស់នៅលើទូរស័ព្ទ Galaxy S8 និង S8 Plus នឹងភ្ជាប់ជាមួយនឹងប៊ូតុង Bixby។ នៅពេលដែលអ្នកចុចនៅលើប៊ូតុងនេះ កម្មវិធីនេះ នឹងធ្វើការសម្គាល់ទៅលើវត្ថុនេះ រួមទាំងអក្សរផងដែរ ដោយធ្វើការបម្លែងទៅជារលកសញ្ញាឌីជីថល។ បន្ទាប់ពីធ្វើការកំណត់នូវអត្តសញ្ញាណរួចហើយ ជំនួយការ Bixby អនុញ្ញាតឱ្យលោកអ្នកធ្វើការស្វែងរកនូវវត្ថុនេះនៅលើអនឡាញ ឬលោកអ្នកអាចទិញទំនិញនេះនៅលើអនឡាញបានផងដែរ។
បច្ចេកវិទ្យាមុខងារនេះ ហាក់ដូចជានៅមិនទាន់ជារបកគំហើញថ្មីនៅឡើយទេដោយសារតែវា បានប្រើប្រាស់នូវបច្ចេកវិទ្យាជាច្រើនដែល បានរកឃើញពីមុនមកហើយដូចជា OCR (Optical Character Recognition) ជាដើម។ ជាក់ស្តែង យើងធ្លាប់បានលឺ និងបានមើលឃើញនូវរឿងនេះ ដូចគ្នាសម្រាប់កម្មវិធី Goggles របស់ក្រុមហ៊ុន Google ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ មុខងារជំនួយការឆ្លាតវៃ Bixby នេះ ពិតជាមានភាពងាយស្រួលក្នុងការប្រើប្រាស់ ឬការស្វែងរកការទិញទំនិញនៅលើអនឡាញ។ រឿងទាំងពីរនេះពិតជាអស្ចារ្យដែលថ្មីប្លែកសម្រាប់អ្នកប្រើប្រាស់។ ជំនួយការឆ្លាតវៃ Bixby ក៏មានដៃគូមួយទៀតរបស់ខ្លួន ដែលមានឈ្មោះហៅថា Kestra ហើយក្រុមហ៊ុននៅមិនទាន់ បានបញ្ជាក់អំពីជំនួយការឆ្លាតវៃនេះទេ។ តើលោកអ្នកនៅចាំអំពី S Voice ទេ? វាប្រហែលជាការ Update និងការផ្លាស់ប្តូរធំមួយ ដែលក្រុមហ៊ុន Samsung ត្រូវធ្វើសម្រាប់បច្ចេកវិទ្យា និងអាជីវកម្មរបស់ខ្លួន ហើយអ្វីដែលកាន់តែពិសេសជាងនេះ ទៀតក្រុមហ៊ុន HARMAN ក៏ប្រហែលជាបង្ហាញនូវអ្វី ដែលថ្មីជាមួយនឹងវត្តមានរបស់ Bixby នេះផងដែរ៕