បើទោះបីជាក្រុមហ៊ុន Asus បានលក់បានស្មាតហ្វូន ZenFone 3 បានយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងឆ្នាំ 2016 ក្តី ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ នៅតែខាតបង់ប្រាក់សម្រាប់ 3 ត្រីមាសដំបូងនៅក្នុងឆ្នាំនេះ។ សម្រាប់ត្រីមាសទី 4 ក្រុមហ៊ុន អាចរកបានប្រាក់ចំណេញផងដែរ ប៉ុន្តែប្រាក់ចំណេញទាំងអស់នេះ មិនអាចធ្វើការគ្រប់ដណ្តប់ទៅលើទឹកប្រាក់ដែលបានខាតបង់នៅក្នុងរយៈពេល 3 ត្រីមាសជាប់គ្នានេះនៅឡើយទេ។
សរុបមក កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Asus បានលក់ដាច់ស្មាតហ្វូន ZenFone បានចំនួន 17.5 លានគ្រឿង ដែលចំនួននេះ វានៅតិចជាងការលក់ចេញនៅក្នុងឆ្នាំ 2015 ដែលក្រុមហ៊ុន Asus បានលក់បានរហូតដល់ទៅ 20.5 លានគ្រឿង។ ដំណឹងដែលល្អនោះ គឺថា ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ល្បីល្បាញមួយនេះ បានបង្ហាញនូវផែនការយុទ្ធសាស្ត្រយ៉ាងរឹងម៉ាំសម្រាប់ឆមាសទី 1 ឆ្នាំ 2017 នេះគឺការប្រកាសដាក់បង្ហាញនូវស្មាតហ្វូន ZenFone 3 Zoom និង ZenFone AR ដែលពិតជាជួយបង្កើននូវប្រាក់ចំណេញសម្រាប់ក្រុមហ៊ុននេះ ជាក់ជាមិនខាន។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ទៀតនោះ ក្រុមហ៊ុន Asus នឹងធ្វើការប្រកាសនូវស្មាតហ្វូន ZenFone 4 នៅក្នុងខែឧសភាជាលើកដំបូងបំផុត ហើយការអះអាងនេះបានមកពីអ្នកផ្គត់ផ្គង់ដ៏ធំមួយរបស់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅតៃវ៉ាន់នេះ។
សម្រាប់ព័ត៌មានលម្អិតអំពីស្មាតហ្វូនស៊េរីថ្មីនេះ នៅមិនទាន់បានដឹងនៅឡើយទេ គ្រាន់តែអ្វីដែលយើងអាចទស្សន៍ទាយបាននោះ គឺថាលក្ខណៈសម្បតិ្តរបស់ស្មាតហ្វូននេះពិតជាមានលក្ខណៈពិសេសជាងស្មាតហ្វូន ZenFone 3 ហើយចំនួននៃការលក់ក៏រំពឹងថា នឹងខ្ពស់ជាងផងដែរ។ ប្រភពដដែលបញ្ជាក់ថា កាលបរិច្ឆេទនៃការប្រកាសរបស់ស្មាតហ្វូន ZenFone 4 ក៏នៅមិនទាន់ច្បាស់ផងដែរ ប៉ុន្តែក្រុមហ៊ុន Asus ក៏ប្រហែលជាដាក់បង្ហាញនូវស្មាតហ្វូនថ្មីនេះ នៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ Mobile World Congress ដែលប្រារព្ធធ្វើឡើងនៅចុងខែកុម្ភៈខាងមុខនេះ។ ហើយប៉ុន្មានខែបន្ទាប់ទើបក្រុមហ៊ុន Asus ចាប់ផ្តើមដាក់លក់នូវស្មាតហ្វូននេះទៅកាន់ទីផ្សារ៕