ព្រឹត្តិការណ៍ CES 2017 ទើបតែបានបញ្ចប់កាលពីសប្តាហ៍មុន ហើយឥលូវនេះ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗល្បីៗឈ្មោះក្នុងពិភពលោក បានត្រៀមខ្លួនជាថ្មីម្តងទៀតសម្រាប់ព្រឹត្តិការណ៍ MWC 2017 ដែលនឹងប្រារព្ធធ្វើឡើងនៅទីក្រុងបាសេឡូណា ក្នុងខែកុម្ភះខាងមុខនេះ។ នៅក្នុងនោះក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់ថ្នាក់លេខ 3 ក្នុងពិភពលោក Huawei ក៏បានត្រៀមខ្លួនរួចរាល់ជាស្រេចផងដែរ នៅក្នុងការបង្ហាញចេញផលិតផលនានារបស់ខ្លួន និងគម្រោងនៃការផលិតក្នុងពេលអនាគត។
Huawei បានចេញលិខិតអញ្ជើញភ្ញៀវចូលរួមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ រួចរាល់ហើយដែរគឺត្រូវនឹងថ្ងៃច័ន្ទ ទី 26 ខែកុម្ភះ វេលាម៉ោង 2:00MP ម៉ោងក្នុងតំបន់។ យោងទៅលើលិខិតអញ្ជើញនោះបានឲ្យដឹងថា នាយកប្រតិបត្តិ Huawei នឹងធ្វើបទបង្ហាញស្តីអំពីផលិតផលបង្កើតថ្មីចុងក្រោយដែលមានភាពដ៏អស្ចារ្យបំផុតសម្រាប់ប្រគូតប្រជែងទីផ្សារនៅឆ្នាំនេះ។ Huawei P10 និង P10 Plus ត្រូវបានគេរំពឹងទុកថាអាចនឹងបង្ហាញវត្តមាននៅលើឆាក MWC នៅថ្ងៃទី 26 នោះផងដែរ ប៉ុន្តែគេមិនទាន់ដឹងច្បាស់ថាតើ P10 Plus ឬក៏ P10 នោះទេដែលនឹងបង្ហាញខ្លួនជាផ្លូវការណ៍នាដើមឆ្នាំនេះ។ មានព័ត៌មានជាច្រើនក្នុងរយះពេលប៉ុន្មានខែចុងក្រោយនេះបាននិយាយអំពីពួកវា។
ព័ត៌មានខ្លះបានលើកឡើងថា Huawei P10 នឹងបំពាក់ដោយកញ្ចក់អេក្រង់កោង (double-curved screen) ប្រភេទ IPS Display ជាមួយកម្រិតបង្ហាញរូបភាពវីដេអូ Quad-HD, ប្រើប្រាស់បន្ទះឈីបជំនាន់ចុងក្រោយបំផុតរបស់ Huawei គឺ Kirin 960 ជាមួយរ៉េមទំហំ 6GB, បំពាក់កាមេរ៉ាភ្លោះរបស់ Leica ដែលមានទំហំ 12MP ដូចជំនាន់ P9 ដែរ ហើយម៉ូដែល P10 Plus នឹងបំពាក់កាមេរ៉ាភ្លោះរបស់ Leica ជំនាន់ទីពីរដែលមានទំហំ 20MP និង 12MP នៅផ្នែកក្រោយដែល Huawei បានប្រើនៅលើជំនាន់ Mate 9។ ក៏ប៉ុន្តែមានព័ត៌មានខ្លះទៀតបានលើកឡើងថា ស្មាតហ្វូនជំនាន់ P10 នឹងប្រើប្រាស់បច្ចេកវិទ្យាកាមេរ៉ាជំនាន់ទីបីរបស់ Leica។
ដោយឡែងក្នុងរបាយការណ៍មួយចំនួនបាននិយាយថា Huawei P10 នឹងបង្ហាញវត្តមានជាផ្លូវការណ៍នៅខែមិនា ឬក៏មេសាក្នុងឆ្នាំនេះ ហើយក្នុងខណះពេលនេះយើងនឹងទទួលបានដព័ត៌មានកាន់តែច្បាស់អំពីពួកវានៅថ្ងៃទី 26 កុម្ភះខាងមុខនេះនៅទីក្រុងបាសេឡូណា ឬក៏ពួកវាអាចបង្ហាញវត្តមានក្នុងពេលនោះផងក៏ថាបានដែរ។ ចឹងមានតែទន្ទឹងរងចាំតាមដានទាំងអស់គ្នាជាមួយក្រុមការងារគេហទំព័រពិភពអេឡិចត្រូនិករបស់យើងខ្ញុំ៕