នៅថ្ងៃនេះ ក្រុមហ៊ុន HTC បានប្រកាសនូវការផ្លាស់ប្តូរធំបំផុតមួយទៅលើការរចនារូបរាងខាងក្រៅថ្មីប្លែកយ៉ាងទាក់ទាញសម្រាប់ស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន។ ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ បានធ្វើការរចនារូបរាងទូរស័ព្ទដែលស្រោបទៅដោយលោហធាតុពីខាងក្រៅជាមួយនឹងកញ្ចក់យ៉ាងស្រស់ស្អាតត្រកូល U របស់ខ្លួន។ ទូរស័ព្ទស៊េរីថ្មីដែលត្រូវបានស្រោបដោយលោហធាតុនៅផ្នែកខាងក្រៅត្រូវបានគេមើលឃើញថាក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនជាច្រើនបានដាក់លក់ទូរស័ព្ទប្រភេទ (ស្រោបដោយលោហធាតុ) បែបនេះ នៅក្នុងតម្លៃខ្ទង់ប្រហែលជា 200 ដុល្លារអាមេរិចតែប៉ុណ្ណោះ។ ដូចនេះ វាពិតជាលំបាកមែនទែនសម្រាប់ក្រុមហ៊ុន HTC ក្នុងការប្រកួតប្រជែងជាមួយនឹងស្មាតហ្វូនជាច្រើនដែលមានរូបរាងប្រហាក់ប្រហែលគ្នានេះ។
ទូរស័ព្ទស៊េរីថ្មី HTC U Ultra និង HTC U Play ប្រើប្រាស់នូវកញ្ចក់ភ្លឺរលើបរលោងស្រោបជាមួយនឹងតួខ្លួនលោហធាតុដែលមានភាពស្រស់ស្អាត និងមានពណ៌ជាច្រើនប្លែកៗដ៏ទាក់ទាញ។ វាហាក់ដូចជាការរចនារូបរាងប្លែក និងការប្រើប្រាស់នូវពណ៌ផ្សេងៗគ្នាដូចទៅនឹងទូរស័ព្ទ Note 7 ដែលផ្នែកខាងមុខ និងផ្នែកខាងក្រោយប្រើប្រាស់នូវកញ្ចក់ “3D” Glass ហើយវាមានរូបរាងល្មមនៅពេលដែលបានកាន់ជាប់នៅក្នុងដៃជាមួយនឹងភាពទាន់សម័យ ស៊ីវិល័យជាទីបំផុត។
ក្រុមហ៊ុន HTC បានប្រើប្រាស់នូវកញ្ចក់ Gorilla Glass 5 នៅផ្នែកខាងមុខ និងផ្នែកខាងក្រោយដែលធ្វើឱ្យស្មាតហ្វូនត្រកូល U ដ៏ទាន់សម័យនេះមានភាពរឹងម៉ាំធន់ជាមួយនឹងស្រទាប់ការពាររបស់ក្រុមហ៊ុន Corning បន្ទាប់ពីទូរស័ព្ទ Galaxy Note 7 ដែលបាត់វត្តមានពីលើទីផ្សារទៅនោះ។ សម្រាប់ពណ៌ថ្មីនេះតើគេហៅដូចម្តេចទៅ? ក្រុមហ៊ុន HTC បានបញ្ជាក់ថា វាមិនមែនហៅថាពណ៌ Rose Gold នោះទេ តែវាហៅថាពណ៌ Cosmetic Pink ៕