Huawei P8 Lite (2017) ជាទូរស័ព្ទថ្នាក់កណ្តាលស៊េរីថ្មីបំផុតរបស់ក្រុមហ៊ុន Huawei ដែលមានលក្ខណៈរូបរាងថ្មីប្លែកពីទូរស័ព្ទ Huawei P8 Lite ដែលបានប្រកាសបង្ហាញវត្តមាននៅក្នុងឆ្នាំ 2015 ។ ទូរស័ព្ទស៊េរីថ្មីនេះមិនទាន់ បានប្រកាសបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ណាមួយនៅឡើយទេ ប៉ុន្តែការដាក់លក់ទូរស័ព្ទនេះប្រហែលជាចាប់ផ្តើមនៅចុងខែមករាខាងមុខនេះ។ ស្មាតហ្វូនស៊េរីថ្មីនេះនឹងដាក់លក់ដំបូងបំផុតនៅក្នុងទ្វីបអ៊ឺរ៉ុបជាមួយនឹងតម្លៃ 239 អ៊ឺរ៉ូ ប៉ុន្តែទូរស័ព្ទ Huawei P8 Lite (2017) នេះនឹងដាក់លក់ទៅកាន់ទីផ្សារជាច្រើនទៀតនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ដែលក្នុងនោះតំបន់អាមេរិចឡាទីនប្រហែលជាគ្រោងដាក់លក់ទូរស័ព្ទ Huawei P9 Lite (2017) ។
ទូរស័ព្ទ Huawei P8 Lite (2017) ពិតជាមានរូបរាងស្រស់ស្អាតជាមួយនឹងលក្ខណៈសម្បត្តិពិសេសជាច្រើនដ៏ទាក់ទាញ។ ទូរស័ព្ទនេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat ប៉ុន្តែវាមិនប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះនោះទេដោយសារតែក្រុមហ៊ុន Huawei ចង់ប្រើប្រាស់កាមេរ៉ាភ្លោះនេះសម្រាប់ស្មាតហ្វូនស៊េរីខ្ពស់វិញ។ ទូរស័ព្ទថ្នាក់កណ្តាលនេះបំពាក់តែកាមេរ៉ាផ្នែកខាងក្រោយតែមួយប៉ុណ្ណោះជាមួយនឹងកាមេរ៉ាទំហំ 12 មេហ្គាភិចសែលជាមួយនឹង f/2.0 Aperture ។ ប្រព័ន្ធភ្លើង LED Flash ជាមួយនឹងប្រព័ន្ធស្កែនក្រយ៉ៅដៃក៏បានបំពាក់នៅផ្នែកខាងក្រោយផងដែរ។ ចំនែកកាមេរ៉ាផ្នែកខាងមុខរបស់ទូរស័ព្ទនេះមានទំហំ 8 មេហ្គាភិចសែលសម្រាប់ការថតរូប Selfie បានយ៉ាងស្រស់ស្អាត។
បើនិយាយពីផ្នែក Hardware វិញ ទូរស័ព្ទ Huawei ស៊េរីថ្មីនេះបានប្រើប្រាស់នូវបន្ទះឈីប Kirin 655 (ដែលមានលក្ខណៈដូចទៅនឹងទូរស័ព្ទ Honor 6X) ដែលមាន CPU ចំនួន 8 គ្រាប់ ក្រាហ្វិកកាតប្រភេទ Mali-T830 MP2 រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 3GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 16GB ។ អ្វីដែលយើងបានដឹងទៀតនោះគឺថា ទូរស័ព្ទ P8 Lite (2017) មានអេក្រង់ទំហំ 5.2 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ IPS Display Full HD (1080p) ហើយវាប្រើប្រាស់នូវថ្មជាប់ក្នុងម៉ាស៊ីនទំហំ 3000mAh ថែមទៀតផង៕