ពាក្យចចាមអារ៉ាមជាច្រើនដែលបានបែកធ្លាយតាមប្រព័ន្ធអ៊ីនធើណិត និងរូបភាព Renders ថ្មីរបស់ទូរស័ព្ទ Samsung Galaxy S8 នៅមិនទាន់បញ្ចប់នៅឡើយនោះទេ។ យ៉ាងណាមិញ ព័ត៌មានមួយចុងក្រោយគេបំផុតដែលនិយាយអំពីទូរស័ព្ទស៊េរីថ្មីរបស់ក្រុមហ៊ុន Samsung ត្រូវបានទម្លាយចេញពីប្រភពរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ផ្ទាល់តែម្តង។ ប្រភពនៃពាក្យចចាមអារ៉ាមចុងក្រោយនេះបានបង្ហោះនូវវីដេអូចំនួន 2 នៅលើបណ្តាញ YouTube ដែលត្រូវបានបង្ហោះដោយក្រុមហ៊ុន Samsung Display ដើម្បីធ្វើការលើកកម្ពស់នូវកញ្ចក់អេក្រង់ AMOLED របស់វាសម្រាប់ផ្គត់ផ្គង់ទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនទៀតរួមជាមួយនឹងផលិតផលស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនផងដែរ។
វីដេអូទាំងពីរនេះបានបង្ហាញអំពីការប្រែក្លាយខ្លួនទៅជាស្មាតហ្វូនមួយដែលមានស៊ុមព័ទ្ធជុំវិញអេក្រង់កាន់តែតូចនៅផ្នែកខាងលើ និងផ្នែកខាងក្រោម។ វាមិនមានប៊ូតុង Home Key នោះទេ ហើយវីដេអូទាំង ២ នេះត្រូវបានគេដឹងថាជាទូរស័ព្ទស៊េរីថ្មី Samsung Galaxy S8 ។
ដូច្នេះ តើវាពិតទេដែលថាក្រុមហ៊ុន Samsung ពិតជាបញ្ចេញនូវវីដេអូរបស់ទូរស័ព្ទ Samsung Galaxy S8 នៅក្នុងវីដេអូក្លីបទាំងនេះនោះ? ចម្លើយភាគច្រើនប្រហែលជា ទេ ហើយ។ វីដេអូទាំងពីរនេះគ្រាន់តែជាការបង្ហាញមួយអំពីបច្ចេកវិទ្យារបស់អេក្រង់ស្មាតហ្វូនហើយវាមិនមែនសំដៅផ្ទាល់សម្រាប់ម៉ូដែលទូរស័ព្ទ Galaxy ជំនាន់ចុងក្រោយបំផុតនោះទេ។ វីដអូទាំង 2 នេះគ្រាន់តែតម្រុយមួយដែលបង្ហាញអំពីបច្ចេកវិទ្យារបស់អេក្រង់ស្មាតហ្វូនដែលនឹងត្រូវបំពាក់នៅលើទូរស័ព្ទ Galaxy S8 ហើយការរចនារូបរាងទូរស័ព្ទនៅក្នុងវីដេអូនេះក៏ប្រហែលជាមិនស៊ីគ្នាជាមួយនឹងផលិតផលផងដែរ៕