ថ្ងៃនេះមានពាក្យចចាមអារ៉ាមជាច្រើនរបស់ទូរស័ព្ទស៊េរីថ្មី Samsung Galaxy S8 បានលេចលឺថា ស្មាតហ្វូននេះអាចនឹងប្រើប្រាស់នូវបច្ចេកវិទ្យាអេក្រង់ Edge-to-Edge Pressure Sensitive Display ហើយបើរឿងនេះ គឺជាការពិតនោះ វាពិតជាមានលក្ខណៈដូចគ្នាទៅនឹងអ្វីដែលយើងបានឃើញរួចមកហើយនៅលើស៊េរីស្មាតហ្វូនត្រកូល Edge គឺ Samsung Galaxy S6 និង Samsung Galaxy S7 ។ បើធ្វើការពិនិត្យមើលទៅលើវីដេអូក្លីបទាំង 2 ដែលបានបង្ហោះដោយ Samsung Display វាហាក់ដូចជាសញ្ញាមួយថ្មី ដែលក្រុមហ៊ុន Samsung ប្រហែលជាអាចនឹងមានអ្វីថ្មីមួយទៀតនៅពេលនេះ។
វីដេអូទាំងនេះ បង្ហាញថា ទូរស័ព្ទស៊េរីថ្មី (អ្នកខ្លះគិតថាជា Galaxy S8 ហើយអ្នកខ្លះគិតថាមិនមែននោះ) នេះ នឹងប្រើប្រាស់នូវអេក្រង់សំប៉ែត AMOLED Display ហើយវាមានអេក្រង់ទំហំធំដល់ទៅ 6 អ៊ីង។ តើអាចទេដែលថា ក្រុមហ៊ុន Samsung កំពុងតែសម្លឹងមើលក្នុងការបញ្ចេញនូវស្មាតហ្វូន Galaxy S8 អេក្រង់ធំដែលគេហៅឈ្មោះថា Galaxy S8 Plus នោះ?
វីដេអូទាំងនេះ ប្រើប្រាស់នូវភាសាកូរ៉េ ដូចនេះអត្ថន័យរបស់វានៅមិនទាន់ច្បាស់នោះទេ ប៉ុន្តែបើយើងពិនិត្យទៅតាមអ្វីដែលយើងអាចមើលឃើញនោះគឺថា ទូរស័ព្ទនេះពិតជាមានរូបរាងលក្ខណៈថ្មីពិតប្រាកដមែន ហើយវាមិនមានប៊ូតុង Home នោះទេ។ លើសពីនេះទៀត វាថែមទាំងមានស៊ុមព័ទ្ធជុំវិញអេក្រង់កាន់តែតូច ហើយវាហាក់ដូចជាមានការរចនារូបរាងប្លែកខ្លាំងពីត្រកូល Galaxy S ។
ប្រសិនបើទូរស័ព្ទដែលបានប្រើប្រាស់នៅក្នុងវីដេអូនេះពិតជាទូរស័ព្ទ Galaxy S8 មែននោះ ពាក្យចាមអារ៉ាមផ្សេងទៀតប្រហែលជានិយាយត្រូវព្រោះថាទូរស័ព្ទនេះពិតជាប្រើប្រាស់នូវប្រព័ន្ធស្កែនក្រយ៉ៅដៃស្ថិតនៅពីក្រោមកញ្ចក់អេក្រង់តែម្តង។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Samsung មានទម្លាប់ក្នុងការបង្ហាញនូវលក្ខណៈពិសេសបច្ចេកវិទ្យាថ្មីនៅលើទូរស័ព្ទរបស់ខ្លួនដូចអ្វីដែលក្រុមហ៊ុនធ្លាប់ដាក់បង្ហាញគឺការប្រើប្រាស់នូវមុខងារ Samsung Pay នៅក្នុងឆ្នាំ 2016 ។ ទូរស័ព្ទ Samsung Galaxy S8 ត្រូវបានគេដឹងថានឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ Mobile World Congress នៅក្នុងទីក្រុងបាសេឡូណាក្នុងខែកុម្ភៈខាងមុខនេះ៕