កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០១៤ ស្មាតហ្វូន Lumia 630 ស៊ីម២ ដែលជាស្មាតហ្វូនដំបូងគេ ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows Phone 8.1 និងមានភាសាខ្មែរ ដំឡើងរួចជាស្រេច សម្រាប់ជ្រើសរើសយក ទៅវាយឃ្លោងឃ្លាភាសាជាតិ បានមកដល់ប្រទេសកម្ពុជាហើយ។ ស្មាតហ្វូន ស៊ីម២ ម៉ូដែលថ្មីនេះ មិនត្រឹមតែផ្តល់ជូន នូវបទពិសោធន៍ល្អ មានអង្គដំណើរការ QUAD-CORE អេក្រង់ភ្លឺថ្លាត្រជាក់ភ្នែកប្រភេទ ClearBlack ទំហំ ៤,៥អ៊ីញ ប៉ុណ្ណោះទេ ថែមទាំង ផ្តល់ជូនក្នុងតម្លៃពិសេស ១៧០ដុល្លារអាមេរិកទៀតផង។
Lumia 630 មានរូបរាងស្រស់ស្អាត និងប្រមូលផ្តុំទៅដោយមុខងារ គួរឲ្យចាប់អារម្មណ៍ជាច្រើន ដែលកាលពីគ្រាមុន មានតែនៅលើស្មាតហ្វូន Lumia លំដាប់ខ្ពស់ប៉ុណ្ណោះ។
ស្មាតហ្វូន ដែលដំណើរការដោយ Windows Phone 8.1 នេះប្រជុំទៅដោយគុណសម្បត្តិ សំខាន់ៗដូចខាងក្រោម ៖
-បែងចែកព័ត៌មាន នៃការហៅទូរសព្ទ័ចេញចូល និងការផ្ញើ ឫទទួលសារនៃស៊ីមកាតទាំងពីរដាច់ដោយឡែកពីគ្នា។
-ជាមួយនឹង CPU Quad-core ធ្វើឲ្យកម្មវិធីផ្សេងៗដូចជា កម្មវិធីវាយអក្សរ Word Flow Internet និងកម្មវិធីបណ្តាញសង្គមនានា ដំណើរការលឿន និងរលូនល្អ ។
-ក្របក្រៅនៃស្មាតហ្វូន រចនាឡើង ដោយវត្ថុធាតុប៉ូលីកាបូណាត អាចផ្លាស់ប្តូរបានហើយមាន ច្រើនពណ៌ដូចជាពណ៌ទឹកក្រូច ត្រួយចេក ខ្មៅ និងស ។
-ផ្តល់នូវការកម្សាន្តកាន់តែប្រសើរឡើង ដូចជា Xbox Games កម្មវិធី Storyteller ដែលអាចលេងនៅលើអេក្រង់ clearBlack ទំហំ ៤,៥អ៊ីញ ដែលអាចមើលឃើញច្បាស់ យ៉ាងត្រជាក់ភ្នែកទោះ ជាស្ថិតនៅក្នុងទីដែលមានពន្លឺខ្លាំងក្តី ។
-មានបញ្ចូលមុខងារថ្មីៗជាច្រើនដូចជា សម្រង់ព័ត៌មានថ្មីៗ ពីមុខងារ Action Center ដោយទាញចុះពីផ្នែកខាងលើនៃទូរស័ព្ទ មុខងារ Microsoft Enterprise ថ្មី Microsoft Office ឃ្លាំងផ្ទុកទិន្នន័យ OneDrive កាមេរ៉ា ។ល។
-កម្មវិធី SensorCore ជួយតាមដានសកម្មភាពរបស់ អ្នកប្រើប្រាស់ពេញមួយថ្ងៃ ដោយមិនប្រើប្រាស់ថាមពលពន្លឺខ្លាំង សក្តិសមបំផុតសម្រាប់ ការហាត់ប្រាណដូចជាការប្រើប្រាស់ កម្មវិធី Bing Health and Fitness ។
-អាចផ្ទុកទិន្នន័យច្រើន ពោលគឺ អាចបន្ថែមមេម៉ូរីបានរហូតដល់ទៅ ១២៨ GB សម្រាប់ផ្ទុកបទចម្រៀង វីដេអូ រូបថត ។ល។
លោក Gary Chan ប្រធានតំបន់ផ្នែកទីផ្សារនៃក្រុមហ៊ុន Microsoft Devices បានលើកឡើងថា ជាមួយនឹងបច្ចេកវិទ្យាកម្រិតខ្ពស់ កម្មវិធីទូរស័ព្ទសំបូរបែប មុខងារពិសេសៗនៃប្រព័ន្ធប្រតិបត្តិការ Windows Phone 8.1 និងប្រើបានស៊ីមកាតពីរ ក្នុងពេលតែមួយផងនោះ យើងជឿជាក់ថា ស្មាតហ្វូន Lumia ៦៣០ គឺកំពូលស្មាតហ្វូននៅក្នុងចំណោម ស្មាតហ្វូនដែលមានតម្លៃប្រហាក់ប្រហែលគ្នា។លោកបន្ថែមថា «ការបន្ស៊ីគ្នារវាង Lumia និង Windows Phone 8.1 បានលើកកម្ពស់បទពិសោធន៍ ប្រើប្រាស់បានយ៉ាងប្រសើរ ជាមួយនឹងកម្មវិធី Aciton Center ដោយគ្រាន់តែទាញចុះ ពីផ្នែកខាងលើនៃទូរស័ព្ទចុះមកក្រោម ដើម្បីមើលសម្រង់ព័ត៌មានថ្មីៗ ពីបណ្តាញសង្គម និងអាចកំណត់មុខងារផ្សេងៗនៅក្នុង Setting កម្មវិធី Live Tiles ដែលបង្ហាញព័ត៌មានថ្មីភ្លាមៗ និងកម្មវិធីវាយអក្សរបាន យ៉ាងលឿនឲ្យឈ្មោះថា Word Flow »។គួរបញ្ជាក់ថា Lumia 630 ស៊ីមពីរ នឹងផ្តើមដាក់លក់នៅលើទីផ្សារកម្ពុជា ចាប់ពីថ្ងៃទី ២៩ ខែឧសភា តទៅ តម្លៃត្រឹមតែ ១៧០ដុល្លារប៉ុណ្ណោះ៕