កាលពីថ្ងៃទី 24 ខែមិថុនា ឆ្នាំ 2016 នេះ នៅសណ្ឋាគារ InterContinental ភ្នំពេញ ក្រុមហ៊ុន IDG Asian ដោយមានការគាំទ្រពីធនាគាជាតិនៃកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងធនាគារក្នុងស្រុករបស់កម្ពុជា បានរៀបចំនូវព្រឹត្តិការណ៍សន្និសីទស្តីពី វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុកម្ពុជាលើកទី 8 ឆ្នាំ 2016 (Cambodia Banking Micro-finance Conference & Awards) នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជនា់ខ្ពស់ ដែលមកពីប្រទេសនានានៅក្នុងតំបន់ និងកម្ពុជា ហើយនិងមានការឧបត្ថម្ភ ដាក់តាំងបង្ហាញពីផលិតផល សេវាកម្ម និងបច្ចេកវិទ្យាទំនើបៗ ដែលបំរើដល់វិស័យធនាគារ និងមីក្រហិរញ្ញវត្ថុ ពីបណ្តាក្រុមហ៊ុនធំៗក្នុងស្រុក និងអន្តរជាតិយ៉ាងច្រើន។
ក្រុមហ៊ុន IDG Asian បានបញ្ជាក់យ៉ាដូច្នេះថា គោលបំណងនៃការរៀបចំឡើងនូវសន្និសីទនេះ គឺដើម្បីឲ្យអ្នកជំនាញខាងផ្នែកធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជា និងបរទេស ធ្វើការជួបពិភាក្សាផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកជុំវិញ ការវិវត្តនៃការទូទាត់សាច់ប្រាក់ ពីការទូទាត់តាមធម្មតា ប្ដូរមកទូទាត់តាមបែបទំនើប ទូទាត់តាមទូរស័ព្ទ តាមបច្ចេកវិទ្យា តាមអ៉ីធើណេត និងការទូរទាត់ប្រកបដោយសុវត្ថិភាពផងដែរ។
លោក Le Thanh Tam អគ្គនាយកនៃ IDG អាស៊ាន បានមាប្រសាសន៍ឲ្យដឹងថា លោកពិតជាមានភាពរីករាយ និងរំភើប ដែលបានរៀបចំកម្មវិធី Cambodia Banking MicroFinance Conference លើកទី 8 នេះឡើង ហើយលោកក៏រីករាយចំពោះការរីកចំរើននៃវិស័យធនាគារ និងហិរញ្ញាវត្ថុ នៅកម្ពុជានាពេលបច្ចុប្បន្ននេះផងដែរ។ លោកបន្ដទៀតថា នៅកម្ពុជាវិស័យ ដែលជឿនលឿន គ្រប់គ្រងលើសេដ្ឋកិច្ច គឺមានវិស័យកាត់ដេរ វិស័យកសិកម្ម និងវិស័យទេសចរណ៍ ប៉ុន្តែវិស័យធនាគារ ក៏បានចូលរួម ចំណែកយ៉ាងសំខាន់ផងដែរ ប្រសិនជាគ្មានធនាគារនោះទេ នឹងមិនអាចដំណើរការទៅរួចឡើយ។
ជាមួយគ្នានេះ ក្រុមហ៊ុន IDG Asian រួមសហការជាមួយនឹងធនាគាជាតិនៃកម្ពុជា ក៏បានធ្វើការសិក្សាស្រាវជ្រាវរួមគ្នាវាយតម្លៃទៅលើសេវាកម្ម និងការប្រើប្រាស់សេវាបច្ចេកវិទ្យា (Cambodia Banking Micro-finance Conference & Awards) សំរាប់ការទូទាត់សាច់ប្រាក់របស់ធនាគារមួយចំនួននៅក្នុងព្រះជាណាចក្រកម្ពុជាផងដែរ។ ហើយក៏បានធ្វើការប្រគល់នូវពានរង្វាន់ជូនដល់ធនាគារ និងស្ថាប័ននិងមីក្រូហិរញ្ញវត្ថុទៀតផង។
យោងតាមរបាយណ៍ ដែលបានចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា រហូតមកដល់ពេលនេះ វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា គឺកំពុងបោះជំហាន និងរីកចម្រើនយ៉ាងខ្លាំង។ បើតាមធនាគារជាតិនៃកម្ពុជា បានបង្ហាញថា ឥលូវនេះ នៅកម្ពុជា មានធនាគារពាណិជ្ជចំនួន 36 ធនាគារឯកទេសចំនួន 13 និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន 54៕