នេះគឺជា Zenfone 3 ដែលជាស្មាតហ្វូនថ្នាក់កំពូលមួយរបស់ក្រុមហ៊ុនផលិតកុំព្យូទ័រ Asus។ ស្មាតហ្វូនម៉ូដែលថ្មីមួយនេះត្រូវបានក្រុមហ៊ុនធ្វើការដុសខាតសម្រិតសម្រាំងផលិតឡើងជាពិសេសប្រកបដោយប្រណីតភាពព្រមទាំងភ្ជាប់មកជាមួយនូវចំនុចពិសេសៗកំពូលៗជាច្រើនបំពេញបានតាមតម្រូវការប្រើប្រាស់ទាំងឡាយ។
ទូរស័ព្ទ Zenfone 3 មានលេខកូដសំគាល់គឺ ZE552KL។ ស្មាតហ្វូនមួយនេះត្រូវបានក្រុមហ៊ុនធ្វើការរចនាឡើងយ៉ាងពិសេសពីលោហះធាតុជាមួយកញ្ចក់ដែលមានការដុសខាតបានយ៉ាងភ្លឺថ្លាស្រស់ស្អាតទាក់ភ្នែកតែម្តង។ Zenfone 3 មានទំហំវិមាត្ររួម 152.6 x 77.4 x 7.7 និងទម្ងន់ 155 ក្រាម។ ផ្ទៃខាងមុខក្រាលដោយកញ្ចក់អេក្រង់ទំហំ 5.5” នៅពីក្រោមកញ្ចក់យើងឃើញមានប៊ូតុងថាច់សែនស័រស៊ីធីវបីគឺប៊ូតុងហូមកណ្តាល ឆ្វេងប៊ូតុងត្រឡប់ក្រោយ និងស្តាំប៊ូតុងសម្រាប់ចុចបើកមើលកម្មវិធីដែលបើកចោល។ ចំពោះការរៀបចំប៊ូតុងចុច និងរន្ធផ្សេងៗមិនមានភាពរញ៉េរញៃច្រើននោះទេ។ ដោយនៅចំហៀងខាងស្តាំមានប៊ូតុងបិទបើក-ចាក់សោអេក្រេង់ និងប៊ូតុងឡើងចុះសម្លេងរោទិ៍ទូរស័ព្ទ, ខាងលើមានរន្ធដោតកាសខ្នាត 3.5 មមជាមួយរន្ធស្រូបសម្លេងតូចមួយ, ចំហៀងខាងឆ្វេងមានរន្ធដោតទ្រនាប់ស៊ីមកាតជាមួយម៉េមូរីកាត ហើយនៅខាងក្រោមវិញមានរន្ធដោត USB(USB Type-C), រន្ធឧប៉ាល័រសម្លេង និងរន្ធស្រូបសម្លេងសន្ទនាទូរស័ព្ទ។
Asus Zenfone 3 បំពាក់ដោយកញ្ចក់អេក្រង់ថាច់ប្រភេទ Super IPS+ ទំហំ 5.5” និងស្រោបដោយកញ្ចក់ការពារ Corning Gorilla Glass 3 មានសភាពផុសឡើងយ៉ាងប្រណីតធន់នឹងការកកិតឆ្កូត។ ផ្ទៃកញ្ចក់អេក្រង់របស់ Zenfone 3 មានកម្រិតភាពច្បាស់ 401ppi និងអាចបង្ហាញរូបភាព-វីដេអូបានក្នុងកម្រិត Full-HD ឬ 1080x1920px។
ងាកមកកាមេរ៉ាថតរូបដែលបំពាក់នៅលើទូរស័ព្ទ Zenfone3 វិញគឺខាងក្រោយមានទំហំ 16 មេហ្គាភិចសែលដែលមានកម្រិតអាប់ផាច់ឆ័រ f/2.0 ភ្ជាប់នូវបច្ចេកវិទ្យាទប់លំនឹងកាមេរ៉ា OIS, ប្រើស៊ិនស័រចាប់រូបរបស់ SONY ស៊េរី IMX 298 Sensor មានសមត្ថភាពចាប់រូបភាពបានលឿនបំផុតប្រើពេលតែ 0.03 វិនាទីប៉ុណ្ណោះ។ បន្ថែមពីនេះវានូវមានភ្ជាប់ដោយអំពូលភ្លើងសម្រាប់ជំនួយការថតនៅពេលយប់ប្រភេទ laser, LED flash ចំនួនពីរគ្រាប់ទៀតផង។ ហើយចំពោះការថតវីដេអូវិញកាមេរ៉ាក្រោយរបស់វាមានសមត្ថភាពអាចថតបានដល់កម្រិត 4K ក្នុងល្បឿន 30fps។ ដោយឡែកសម្រាប់កាមេរ៉ាសែលហ្វីវិញគឺមានទំហំ 8.0 មេហ្គាភិចសែលមានកម្រិតអាប់ផាច់ឆ័រ f/2.0 និងអាចថតរូបបានដល់កម្រិត Full-HD-1080px ក្នុងល្បឿន 30 fps។
ស្មាតហ្វូនស៊េរីថ្មីរបស់ Asus មួយនេះដំណើរការលើបន្ទះឈីប Qualcomm MSM8953 Snapdragon 625 ដែលមានអង្គគណនាចំនួន 8 គ្រាប់ប្រភេទ Cortex-A53 មានល្បឿន 2.0GHz និងប្រើឈីបក្រាហ្វិក Adreno 506។ Asus Zenfone3 មានពីរម៉ូដែលសម្រាប់ជ្រើសរើសគឺម៉ូដែលដែលមានរ៉េមទំហំ 2GB ជាមួយអង្គផ្ទុកទិន្នន័យ 32GB និងម៉ូដែលរ៉េមទំហំ 4GB ជាមួយអង្គផ្ទុកទិន្នន័យ 64GB។ ជាងនេះទៅទៀតវាក៏អាចដាក់បន្ថែមទំហំម៉េមូរីក្រៅបានទំហំ 256GB ផងដែរ។ R9 Plus មានថ្មកំលាំង 3,000mAh ជាប្រភេទថ្ម Li-Ion។ សម្រាប់ប្រតិបត្តិការវិញ Zenfone3 ដំណើរការដោយ Android v6.0.1 Marshmallow ស្រោបដោយផ្ទៃអ៊ីនធើហ្វេស Asus ZenUI 3.0។ ចំពោះមុខងារ និងកម្មវិធីសម្រាប់ប្រើប្រាស់ដែលមានភ្ជាប់មកស្រាប់មានច្រើនសម្បូរបែបអាចបំពេញបានតាមតម្រូវការប្រើប្រាស់ និងជាពិសេសបំផុតទៅទៀតនោះ Zenfone3 ក៏មានទ្រនាប់ស្កែនក្រយ៉ៅម្រាមដៃនៅផ្នែកខាងក្រោយសម្រាប់ធ្វើជាសោរសុវត្ថិភាពផងដែរ។ ទូរស័ព្ទស្មាតហ្វូន Asus Zenfone 3 មានបួនពណ៌សម្រាប់ជ្រើសរើសគឺទឹកប្រាក់, ទឹកមាស, ពងក្រសា និងខ្មៅស្រាល៕