កាលពីថ្ងៃទី 21 ខែតុលា ឆ្នាំ 2016 ភោជនីយដ្ឋាន GYU KAKU JAPANESE BBQ បើកសម្ពោធជាផ្លូវការនៅកម្ពុជាហើយ បន្ទាប់ពីទទួលបានជោគជ័យ នៅក្នុងប្រទេសចំនួន 11 នៅលើពិភពលោកនាពេលថ្មីៗនេះ ជាមួយនឹងរស់ជាតិសាច់គោ ដែលមានគុណភាពខ្ពស់ ទន់ ផុយ និងមានរស់ជាតិឆ្ងាញ់។ ពិធីនេះ គឺមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា រួមជាមួយនឹងវត្តមានថ្នាក់ដឹកនាំក្រុមហ៊ុន TH F&B នឹងភ្ញៀវកត្តិយសយា់ងច្រើនកុះករ។
លោក ណម ហាវ ដែលជានាយកគ្រប់គ្រងក្រុមហ៊ុន TH F&B និងជាអ្នកទទួលសិទ្ធិផ្ដាច់មុខ យីហោ GYU KAKU JAPANESE BBQ RESTAURANT នៅកម្ពុជា បានលើកឡើងថា អ្វីដែលពិសេស និងប្លែកនៅក្នុងហាងនេះ គឺផ្ដល់ធានាថា នឹងផ្ដល់សាច់ និងផលិតផលផ្សេងៗ ដែលស្រស់ជាងគេ មានដូចជាសាច់ជ្រូក សាច់គោ បង្គា និងបន្លែ ។ ម្ហូបដែលស្រស់ៗ គឺជាចំណុចមួយដែលហាង GYU KAKU សន្យាថានឹងផ្ដល់ទៅឲ្យអតិថិជន។ លោកបានបន្តថា “ហាង GYU KAKU ពិសេសជាងហាងបាប៊ីឃ្យូជប៉ុន ផ្សេងទៀត គឺសាច់គោ Wagyu គឺជាសាច់គោ ដែលមានគុណភាពខ្ពស់ សាច់ទន់ ផុយ និងមានរស់ជាតិឆ្ងាញ់ និងស្ថិតក្នុងចំណោមសាច់ ដែលលក់ដាច់ជាងគេ”។
ជាមួយគ្នានេះ លោក SHINTARO KOUSAKA ប្រធានក្រុមហ៊ុន Collwinde Co., Ltd បានលើកឡើងថា ហាងនេះ ត្រូវបានតុបតែង តាមរបៀបជប៉ុនពិតៗ ដែលមានបម្រើភេសជ្ជៈ ដូចជា Japanese Sake, Shochu និងស្រាបៀរត្រជាក់ជាប់ចិត្ត។ នៅចំកណ្ដាលតុនីមួយៗនៅហាង GYU KAKU គឺមានចង្ក្រានបាប៊ីឃ្យូមូលមួយ ប្រើធ្យូង ដែលមិនធ្វើឲ្យហ៊ុនផ្សែង ហើយថែមទាំងជះពន្លឺស្រទន់នៅតុ និងធ្វើឲ្យអតិថិជន មានអារម្មណ៍ថា ជាមេចុងភៅជំនាញនោះដែរ។ លោកបានបន្តថា “នេះគឺជាចំណុចអស្ចារ្យ របស់គំនិតបរិភោគអាហារ ជាក្រុមរបស់ប្រទេសជប៉ុន ដែលមិត្តភក្តិ និងគ្រួសារអាចរីករាយ នឹងចម្អិនម្ហូប ដែលពួកគេចង់បរិភោគ តាមចំណង់ចំណូលចិត្ត របស់គេ”។
ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធហាងថ្មីនេះ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា “វាជាជោគជ័យសម្រាប់កម្ពុជា ដែលមានហាងបាប៊ីឃ្យូដ៏ល្បី របស់ប្រទេសជប៉ុន មកវិនិយោគនៅកម្ពុជា ព្រោះបើកាលណា មានហាងប្រែនៗ ដូច GYU KAKU នៅក្នុងប្រទេស នឹងបានធ្វើឲ្យមានការទាក់ទាញ ភ្ញៀវទេសចរណ៍ មកកម្សាន្តនៅកម្ពុជា កាន់តែច្រើន ហើយវាក៏បានផ្សារភ្ជាប់ ជាមួយនឹងការសម្ពោធ ឲ្យដំណើរការ នូវការហោះហើរត្រង់ ពីជប៉ុនមកកម្ពុជា និងពីកម្ពុជាទៅជប៉ុន កាលពីពេលថ្មីៗនេះដែរ”។
សូមបញ្ជាក់ថា ហាង GYU KAKU មានទីតាំងនៅផ្ទះលេខ 1 ផ្លូវ 370 ចំងាយ 100 ម៉ែត្រ ពីខាងលិចនៃផ្លូវនរោត្តម។ ហាង GYU KAKU បានបើកចំនួន 600 សាខា នៅប្រទេសជប៉ុន និងចំនួនសាខា នៅជុំវិញពិភពលោកចំនួន 112 ដែលមាននៅក្នុងប្រទេសអាមេរិក សិង្ហបុរី កាណាដា តៃវ៉ាន់ ហុងកុង និងប្រទេសថៃជាដើម។ សម្រាប់កម្ពុជាវិញម្ចាស់ហាង ក៏មានគម្រោងបើកជាបន្ត នៅក្នុងខេត្តសៀមរាប ផងដែរ៕