ត្រឡប់ទៅកាន់ខែកញ្ញាក្រុមហ៊ុន Sony បានប្រកាសពីគម្រោងក្នុងការដាក់ឲ្យអាប់ឌែតប្រព័ន្ធប្រតិបត្តិការ Android Nougat v7.0 នៅទូរស័ព្ទស្មាតហ្វូនរបស់ខ្លួន ដោយក្នុងនោះក្រុមហ៊ុនជប៉ុនមួយនេះ បានបង្ហាញចេញនៅរូបភាពស្គ្រីនស៊តបង្ហាញពីដំណើរការអាប់ឌែតប្រតិបត្តិការជំនាន់ថ្មីនេះនៅលើស្មាតហ្វូនម៉ូដែល Xperia X Performance និង Xperia XZ។ ហើយ Sony បានបញ្ជាក់ទៀតថាស្មាតហ្វូនទាំងពីរម៉ូដែលនេះនឹងទទួលបានការអាប់ឌែតជាផ្លូវការណ៍នៅខែតុលា ប៉ុន្តែ ធាតុពិតមានតែម៉ូដែល Xperia X Performance មួយប៉ុណ្ណោះដែលទទួលបានកំនែប្រែថ្មីនេះនៅប៉ុន្មានថ្ងៃមុនដំណាច់ខែវិច្ឆិកា មិនមែនក្នុងតុលាដូចការសន្យានោះឡើយ។
ដោយឡែកសម្រាប់ថ្ងៃនេះវិញយើងបានទទួលដំណឹងពីម្ទាស់ទូរស័ព្ទស្មាតហ្វូនម៉ូដែល Xperia XZ មួយរូបដែលទើបតែទទួលបានកំនែប្រែអាប់ឌែត Android Nougat នៅលើស្មាតហ្វូនរបស់ខ្លួន ហើយក្នុងនោះក៏មានទាំងមានភ្ជាប់មកជាមួយរូបភាពស្គ្រីនស៊តបញ្ជាក់ថែមទៀតផង។ ដោយឡែកសម្រាប់ក្រុមហ៊ុន Sony វិញមិនទាន់បានចេញព័ត៌មានផ្លូវការណ៍ណាមួយបញ្ជាក់ពីការដាក់ឲ្យអាប់ឌែតប្រតិបត្តិការជំនាន់ថ្មីនេះទៅការអ្នកប្រើប្រាស់ស្មាតហ្វូនរបស់ខ្លួននៅទូទាំងសកលលោកនៅឡើយទេ ទោះបីជាមានព័ត៌មានបែកធ្លាយក្តី។ ប៉ុន្តែបើតាមរយះព័ត៌មានដែលបានបញ្ចេញដោយអ្នកប្រើប្រាស់លើកនេះគេអាចទស្សន៍ទាយបានថា Sony នឹងបញ្ចេញដាក់ឲ្យធ្វើការអាប់ឌែត Android Nougat v7.0 ជាផ្លូវការណ៍នៅសប្តាហ៍ក្រោយដើមឆ្នាំ 2017។
ហើយបើតាមរបាយការណ៍កន្លងមកបានលើកឡើងថា Sony នឹងដាក់ឲ្យធ្វើការអាប់ឌែត Android Nougat v7.0 នៅលើស្មាតហ្វូន Xperia X, X Compact នៅខែវិច្ឆិកា, Xperia Z3, Z4 និង Z5 Series នៅខែធ្នូ ឆ្នាំ 2016 និង Xperia XA នៅដើមឆ្នាំ 2017 ក៏ប៉ុន្តែ ដំណើរការដាក់ឲ្យធ្វើការអាប់ឌែតនេះគឺមិន ទាន់តាមការកំនត់នោះទេ ហើយរហូតមកទល់នឹងពេលនេះក្រុមហ៊ុនទើបតែបានបញ្ចេញការអាប់ឌែតបានតែនៅលើ Xperia XZ និង X Performance តែប៉ុណ្ណោះ។ ដូចនេះសង្ឃឹមថាដើមឆ្នាំ 2017 ក្រុមហ៊ុននឹងបញ្ចេញកំនែប្រែអាប់ឌែតសម្រាប់ស្រឡាយស្មាតហ្វូនរបស់ខ្លួនទាំងអស់ជាក់ជាមិនខាន៕