U15 Pro គឺជាស្មាតហ្វូនម៉ូដែលថ្មីមួយទៀតរបស់ Oukitel។ ស្មាតហ្វូនមួយនេះ ត្រូវបានក្រុមហ៊ុនធ្វើការរចនារូបរាងយ៉ាងឡើយយ៉ាងពិសេសមានភាពប្រណីត ស្រស់ស្អាត សិចស៊ី ទាក់ទាញបំផុត និងបំពាក់មកជាមួយគុណសម្បត្តិល្អៗជាច្រើនសម្រាប់ប្រើប្រាស់។ ហើយខាងក្រោមនេះក្រុមការងារទស្សនាវដ្តីពិភពអេឡិចត្រូនិកយើងខ្ញុំសូមលើកយកចំនុចពិសេសៗមួយចំនួនដែលមានលើម៉ូដែលមួយនេះមកបង្ហាញជូនប្រិយមិត្តឲ្យបានដឹង។
រូបរាង និងរចនាបថ
ជាមួយអេក្រង់ទំហំ 5.5 អ៊ីង ស្រោបខ្លួនដោយលោហះគុណភាពខ្ពស់ប្រភេទ Aluminum alloy ដែលមានរចនាបថបែប Premium Unibody ជាមួយកម្រាស់ 8.7 មម និងទំងន់ 201.1 ក្រាម ឃើញថាស្មាតហ្វូនមួយនេះពិតជារំលេចចេញនៅភាពសិចស៊ីទាក់ភ្នែកមែនទែន។ ផ្ទៃខាងមុខ Oukitel U15 Pro ក្រាលបដោយកញ្ចក់អេក្រង់ធំទូលាយទំហំ 5.5” មានផ្ទៃផុសឡើង។
នៅមួយផ្នែកខាងក្រោមកញ្ចក់អេក្រង់បង្កប់ដោយប៊ូតុងថាច់ចម្បងបីគឺកណ្តាលមូលជាប៊ូតុងហូម ស្តាំជាប៊ូតុងត្រឡប់ក្រោយ និងឆ្វេងជាប៊ូតុងបើកមើលកម្មវីធីកំពុងដំណើរការ និងខាងលើកញ្ចក់អេក្រង់មានឧប៉ាល័រស្តាប់ការសន្ទនា, កាមេរ៉ា និងសែនស័របិទពន្លឺអេក្រង់ពណ៌ខ្មៅ។ ក្រោមតួរមានរន្ធ USB, ឧប៉ាល័របំពងសំឡេង និងរន្ធ ម៉ិចស័រស្រូបសំលេង, ចំហៀងស្តាំតួរមានប៊ូតុងបិទបើក-ចាក់សោរអេក្រង់ រួមនឹងប៊ូតុងកំនត់សំឡេង។ ចំនែករន្ធដោតស៊ីមកាតទាំងពីរស្ថិតនៅចំហៀងឆ្វេងតួរ និងខាងលើមានរន្ធដោតកាសជាមួយរន្ធស្រូបសំឡេងថតវីដេអូតូចមួយ។
រីឯផ្ទៃខាងក្រោយវិញត្រូវបានរចនាឡើងប្រកបទៅដោយភាពទាក់ទាញពីលោហះដែលមានការដុសខាតបានយ៉ាងល្អព្រមទាំងរំលេចដោយខ្សែកាត់ទទឹងតួរលើក្រោមយ៉ាងប្រណីត ជាមួយកញ្ចក់កាមេរ៉ា អំពូលភ្លើង LED និងទ្រនាប់ស្កែនក្រយ៉ៅម្រាមដៃ។ ស្មាតហ្វូន Oukitel U15 Pro មានជម្រើសបីពណ៌គឺ ទឹកមាស ទឹកប្រាក់ និងផ្កាឈូក។
កញ្ចក់អេក្រង់ផុសធំទូលាយ
Oukitel U15 Pro មានអេក្រង់ធំទូលាយទំហំ 5.5 អ៊ីងប្រភេទ IPS LCD ស្រោមការពារដោយកញ្ចក់ 2.5D មានផ្ទៃផុសឡើង និងអាចបង្ហាញរូបភាពបានក្នុងកម្រិត HD-720 ភិចសែល។ ទោះបីជាសមត្ថភាពបង្ហាញរូបភាព-វីដេអូនៅលើកញ្ចក់អេក្រង់ U15 Pro នៅមានកម្រិតក្តី ប៉ុន្តែ ផ្ទៃអេក្រង់របស់វាធំទូលាយល្អផ្តល់ឲ្យការទស្សនាវីដេអូបានពេញភ្នែកល្អជាមួយកម្រិតពណ៌ និងពន្លឺច្បាស់គួរសមអាចទទួលយកបាន និងដំណើរការចុចបញ្ជាកម្មវិធីបានរលូនមិនស្ពឹក។
កាមេរ៉ាថតរូប និងវីដេអូ
Oukitel U15 Pro មានកាមេរ៉ាក្រោយទំហំ 16MP ប្រភេទ autofocus ជាមួយអំពូលភ្លើងជំនួយពីរគ្រាប់ និងខាងមុខទំហំ 5.0MP សម្រាប់ថតសែលហ្វី។ កាមេរ៉ាមុខក្រោយរបស់ស្មាតហ្វូនមួយនេះមានសមត្ថភាពអាចថតរូបភាព និងវីដេអូបានច្បាស់ល្អអាចទទួលយកបាននៅទីដែលមានពន្លឺគ្រប់គ្រាន់ ប៉ុន្តែធ្វើបានមិនសូវល្អនៅទីដែលមានពន្លឺខ្សោយ។
កំលាំងម៉ាស៊ីន និងប្រតិបត្តិការ
ស្មាតហ្វូនថ្នាក់មធ្យមមួយនេះដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android Marshmallow v6.0 នៅលើបន្ទះឈីប MediaTek MT6753 ប្រភេទ Cortex-A53 មានស៊ីភីយូ 8 គ្រាប់ដំណើរការបានក្នុងល្បឿន 1.3GHz។ កំលាំងម៉ាស៊ីនមួយនេះក៏ទ្រទ្រង់ដំណើរដោយរ៉េមទំហំ 3GB និងអង្គក្រាហ្វិកពពួក Mali-T720 ផងដែរ។ សម្រាប់ថ្មរបស់ Oukitel U15 Pro មានកំលាំង 3,000mAh ដែលកាន់ប្រើបានយូរ និងអាចសាកទៅកាន់ទូរស័ព្ទដទៃទៀតបានតាមរយះមុខងារ OTG។
U15 Pro មានម៉េមូរីក្នុងម៉ាស៊ីនស្រាប់ទំហំ 32GB និងអាចដាក់បន្ថែមម៉េមូរីក្រៅបានទំហំ 128GB ត្រង់ស៊ីមទីពីរ។ បន្ថែមពីនេះ U15 Pro នៅមានភ្ជាប់នូវទ្រនាប់ស្កែនក្រយ៉ៅម្រាមដៃនៅផ្នែកខាងក្រោយដែលមានសមត្ថភាពសំគាល់ក្រយ៉ៅម្រាមដៃយើងបានលឿនរហ័សបំផុតត្រឹមតែ 0.1 វិនាទីប៉ុណ្ណោះក្នុងការដោះដោយមិនចំបាច់បើកពន្លឺអេក្រង់ និងអាចប្រើបាននូវមុខងារមួយចំនួនទៀតនៅលើទូរស័ព្ទផងដែរ។
ជារួមមកវិញប្រសិនបើលោកអ្នកមិនសូវជាមានតម្រូវការប្រើការខ្លាំង គូបផ្សំនឹងការមានថវិកាស្តូចស្តើងទៀតនោះលោកអ្នកអាចពិចារណាបានជាមួយស្មាតហ្វូនមួយនេះ ព្រោះថាវាមានគុណសម្បត្តិល្អៗលេចធ្លោរច្រើនតួរយ៉ាងដូចជារូបរាងបែបសិចស៊ី, អេក្រង់កោងផុសធំទូលាយទំហំ 5.5”, មានកាមេរ៉ាថតរូបច្បាស់, លាំងម៉ាស៊ីនល្មមប្រើការ និងមានទ្រនាប់ស្កែនម្រាមដៃដ៏ទំនើបល្បឿនលឿនជាដើម៕
ព័តមានបន្ថែមសូមទំនាក់ទំនង៖ 078 266 168